កីឡាអន្តរជាតិ
អន្តរជាតិ
Salah ជឿជាក់ Liverpool នៅតែរក្សាភាពខ្លាំង ទោះខ្លួនជាប់ភារកិច្ចនៅ ​AFCON
02, Jan 2024 , 11:59 am        
រូបភាព
​​Mohamed Salah មានទំនុកចិត្តខ្ពស់ថាក្រុម ​Liverpool នឹងអាចទប់ទល់រាល់ការប្រកួត ព្រមទាំងបន្តយកឈ្នះ អំឡុងពេលរួបគេត្រូវបំពេញបេសកកម្មជួយក្រុមជម្រើសជាតិអេហ្ស៊ីបក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations។ Salah អះអាងដូច្នេះ ក្រោយស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅក្នុងជ័យជម្នះ ៤-២ លើក្រុម Newcastle United ក្របខណ្ឌ Premier League នាថ្ងៃទី១ ខែមករា ដើមឆ្នាំ ២០២៤។​



ក្រុមរហស្សនាមហង្សក្រហម បង្ហាញខ្លួនសម្រាប់ការប្រកួតក្នុងទឹកដីកីឡដ្ឋាន Anfield ផ្ទះរបស់ខ្លួនបានយ៉ាងល្អ ដោយរកបាន ៣ពិន្ទុបន្ថែមដើម្បីបន្តនាំមុខនៅលើកំពូលតារាងនៅក្នុងក្របខណ្ឌ Premier League។ កីឡាករសញ្ជាតិអេស្ស៊ីបក៏បានបង្ហាញខ្លួនបានយ៉ាងអស្ចារ្យសម្រាប់ការប្រកួតចុងក្រោយរបស់គេ មុនពេលត្រូវហោះហើរទៅចូលរួមជាមួយជម្រើសជាតិប្រកួតទល់កូតឌីវ័រ។
 
ស៊ុត ២គ្រាប់ ទល់ Newcastle United គឺជាគ្រាប់បាល់ទី១៥ និងទី១៦ របស់គេ នៅក្នុងការបង្ហាញខ្លួនចំនួន ១៥០លើកនៅក្នុងក្របខណ្ឌ Premier League របស់គេសម្រាប់ Liverpool។ ខណៈពេលដែលក្រុមកំពុងតែមានទម្រង់លេងល្អខ្លាំង ទន្ទឺងគ្នានេះក៏មានក្តីបារម្ភចំពោះការប្រកួតដែលនឹងគ្មានវត្តមានរបស់ ​Salah រយៈពេលជិត ១ខែ ប្រសិនបើក្រុមអេហ្ស៊ីបធ្វើដំណើរដល់វគ្គផ្តាច់ព្រ័ត្រ។
 
ទោះជាមានក្តីបារម្ភពីសំណាក់មជ្ឈដ្ឋានជុំវិញខ្លួនក្តី ប៉ុន្តែខ្សែប្រយុទ្ធវ័យ​ ៣១ឆ្នាំ នៅតែទុកចិត្តលើគុណភាពរបស់មិត្តរួមក្រុមអំឡុងគេត្រូវទៅជួយក្រុមជម្រើសជាតិ។
 
«ខ្ញុំចង់ឈ្នះការប្រកួតប្រជែងមួយនេះ (AFCON)​ ខ្ញុំពិតជាស្រលាញ់ក្នុងឈ្នះវា។ ពេលគ្មានខ្ញុំ ខ្ញុំប្រាកដណាស់ថា Liverpool នឹងអាចបន្តយកឈ្នះការប្រកួត ព្រោះថាយើងមានកីឡាករដ៏អស្ចារ្យនិងពិសេសជាច្រើន ជាមួយនឹងគុណភាព ហើយពួកគេគ្រាន់តែត្រូវដកសម្ពាធចេញពីខ្លួនពួកគេ និងលេងបាល់ទាត់ប៉ុណ្ណោះ។»។ Salah បាននិយាយបែបនេះនៅពេលត្រូវបានគេសួរនាំទាក់ទងការប្រកួត AFCON។
 
Liverpool ឆ្លងកាត់ការប្រកួត ២០លើក ដែលជាដំណើរពាក់កណ្តាលផ្លូវនៃក្របខណ្ឌ Premier League ពួកគេបន្តឈរចំណាត់ថ្នាក់កំពូលតារាង ដែលមាន ៤៥ពិន្ទុ តាមពីក្រោយដោយ ​Aston Villa នៅចំណាត់ថ្នាក់លេខ ២ មាន​ ៤២ពិន្ទុ និង Manchester City នៅចំណាត់ថ្នាក់លេខ ៣ មាន ៤០ពិន្ទុ ស្មើនិងក្រុម Arsenal ដែលធ្លាក់ទៅលេខ ៤៕

Tag:
 Mohamed Salah
  Liverpool
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com