អន្តរជាតិ
ភ្ញៀវទេសចរកម្ពុជាធ្វើដំណើរទៅវៀតណាមកើនឡើង ១៧៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩
02, Jan 2024 , 2:01 pm        
រូបភាព
ភ្ញៀវទេសចរនៅវៀតណាម។ រូបភាព VNA
ភ្ញៀវទេសចរនៅវៀតណាម។ រូបភាព VNA
ចំនួនភ្ញៀវទេសចរឥណ្ឌា និងកម្ពុជា ដែលបានធ្វើដំណើរកម្សាន្តនៅវៀតណាម បានកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០១៩ ដែលជាពេលមុនផ្ទុះជំងឺកូវីដ-១៩។ ភ្ញៀវទេសចរឥណ្ឌាទៅវៀតណាម បានកើនឡើង ២៣១ភាគរយ ខណៈភ្ញៀវទេសចរកម្ពុជាធ្វើដំណើរទៅវៀតណាមកើនឡើង ១៧៦ភាគរយ។

 
តាមទិន្នន័យរបស់អាជ្ញាធរទេចរណ៍ជាតិវៀតណាម កំណើនភ្ញៀវទេសចរឥណ្ឌា បានកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០២៣ ដោយតាមពីក្រោយដោយភ្ញៀវទេសចរពីកម្ពុជា បើធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមុនផ្ទុះជំងឺឆ្លងសកល។ 
 
អាជ្ញាធរដដែលបានអះអាងថា ភ្ញៀវទេសចរឥណ្ឌាទៅវៀតណាម បានកើនឡើង ២៣១ភាគរយ, ភ្ញៀវទេសចរកម្ពុជា កើន ១៧៦ភាគរយ, ឡាវមានចំនួន ១២២ភាគរយ, សិង្ហបុរី ១០៦ភាគរយ និងអូស្រ្តាលី ១០២ភាគរយ។ 
 
នៅក្នុងឆ្នាំ២០១៩ អ្នកដំណើរពីឥណ្ឌាមានចំនួនប្រមាណ ១៦៩ ០០០នាក់ ខណៈឆ្នាំ២០២៣មានចំនួន ៣៩២ ០០០នាក់។ ចំណែកភ្ញៀវទេសចរពីកម្ពុជានៅក្នុងឆ្នាំ២០១៩ មានប្រមាណ ២២៧ ០០០នាក់ ហើយនៅក្នុងឆ្នាំ២០២៣ មានទំហំ៤២០ ០០០ពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
តាមរបាយការណ៍របស់វេបសាយ Google Year in Search 2023 វៀតណាមជាគោលដៅទេសចរណ៍ ក្នុងការស្វែងរកដ៏ច្រើនបំផុតសម្រាប់ជនជាតិឥណ្ឌា នៅក្នុងGoogle។ មិនតែវៀតណាមទេ សូម្បីថៃ និងម៉ាឡេស៊ី ក៏បានស្វះស្វែងរកការទាក់ទាញពីភ្ញៀវទេសចរឥណ្ឌាផងដែរ។ លោក Nguyen Van Hung រដ្ឋមន្រ្តីវប្បធម៌ កីឡា និងទេសចរណ៍ បានលើកឡើងថា ថៃ និងម៉ាឡេស៊ី បានលុបចោលការផ្តល់ទិដ្ឋាការសម្រាប់អ្នកដំណើរឥណ្ឌារួចហើយ។ 
 
បន្ថែមពីនេះ ភ្ញៀវទេសចរមកពីប្រទេសផ្សេងទៅវៀតណាម ក៏កើនឡើងផងដែរ។ តាមអាជ្ញាធរទេសចរណ៍វៀតណាម អ្នកដំណើរមកពីឥណ្ឌូណេស៊ីកើនឡើង ៩៩ភាគរយ ខណៈថៃ និងអាម៉េរិក កើនឡើង៩៦ភាគរយ បើធៀបនឹងពេលមុនផ្ទុះជំងឺកូវីដ-១៩៕
 

Tag:
 វៀតណាម
  កម្ពុជា
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com