ជាតិ
ក្រសួងសាធារណការ ពន្យល់ជាថ្មី ឱ្យពលរដ្ឋប្រើប្រាស់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ បានត្រឹមត្រូវ
02, Jan 2024 , 2:29 pm        
រូបភាព
ក្រោយឃើញពលរដ្ឋជាច្រើន នៅតែប្រើប្រាស់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មិនទាន់បានត្រឹមត្រូវនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញមកបកស្រាយពន្យល់ជាថ្មី។



ការប្រើប្រាស់ផ្លូវល្បឿនលឿន​ មិនបានត្រឹមត្រូវនេះ បានបង្កឱ្យកកស្ទះអស់ជាច្រើនម៉ោង កាលពីថ្ងៃទី១ មករា ឆ្នាំ២០២៤ ក្រោយពលរដ្ឋ វិលត្រឡប់ពីដំណើរកម្សាន្ត ពីខេត្តជាប់មាត់សមុទ្រ ចូលភ្នំពេញវិញ។ 
 
ដោយសារមើលឃើញពីបញ្ហានេះ ទើបក្រសួងសាធារណការ ណែនាំឱ្យពលរដ្ឋស្វែងយល់ពីការចេញចូលគន្លងទាំង៣ ប្រភេទ លើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការកកស្ទះ និងមិនរង់ចាំយូរ ។
 
ក្រសួងសាធារណការ បានពន្យល់ថា ប្រសិនរថយន្តបានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់ឡាន និងបានបញ្ចូលទឹកប្រាក់ជាមុនគ្រប់គ្រាន់ ពលរដ្ឋចាំបាច់ត្រូវចូល-ចេញតាមច្រក ETC ដែលនៅជាប់ច្រក ANPR ។ រថយន្តដែលគ្មានឧបករណ៍ OBU មិនអាចចេញចូលច្រក ETC បានឡើយ ទោះបីជាបានបញ្ចូលទឹកប្រាក់ជាមុនក៏ដោយ។ 
 
ក្រសួងពន្យល់ទៀតថា ប្រសិនបើបានបញ្ចូលទឹកប្រាក់រួចរាល់ និងគ្រប់គ្រាន់ក្នុងផ្លាកលេខ រថយន្តអាចចេញចូលគន្លងដែលមានសញ្ញា ANPR។  ការប្រើប្រាស់គន្លងនេះមានលក្ខណៈសាមញ្ញ និងងាយស្រួល ដោយមិនតម្រូវឲ្យយកកាត និងមិនប្រើប្រាស់ជាសាច់ប្រាក់ឡើយ។ 
 
ប៉ុន្តែប្រសិនរថយន្តមិនមានឧបករណ៍ OBU និងមិនមានទឹកប្រាក់ក្នុងផ្លាកលេខ សូមបើកបរចូលគន្លង MTC ដែលមានសញ្ញាព្រួញចុះក្រោម «⬇️» នោះការចូលច្រកនេះ នឹងតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់នៅច្រកចេញ។ នេះបើតាមក្រសួងសាធារណការ។
 
«បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh »។ នេះបើតាមការណែនាំរបស់ក្រសួងសាធារណការ ដែលបានបន្ថែមថា ពលរដ្ឋអាចពិនិត្យសមតុល្យទឹកប្រាក់ ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។
 
ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន មេត្តាស្វែងយល់នៃប្រភេទគន្លងនីមួយៗ និងត្រូវដឹងថារថយន្តរបស់ខ្លួន អាចប្រើប្រាស់គន្លងណាមួយដូចមានក្នុងរូបភាពខាងក្រោម៖
 

Tag:
 ផ្លូវល្បឿនលឿន
  ក្រសួងសាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com