អន្តរជាតិ
អឺរ៉ុបសម្រេច​ប្រើ USB-C (Type-C) ជាខ្សែឧបករណ៍រួម​សម្រាប់ទូរស័ព្ទ កាមេរ៉ា និង​ថេប្លេត
02, Jan 2024 , 3:22 pm        
រូបភាព
ឧបករណ៍សាកថ្មUSB-C។ រូបភាព Thien Phearin
ឧបករណ៍សាកថ្មUSB-C។ រូបភាព Thien Phearin
ចាប់ពីឆ្នាំ២០២៤ USB-C (USB Type-C) បានក្លាយជាខ្សែ និងឧបករណ៍រួមដើម្បី​សាក​ថ្ម ភ្ជាប់ទិន្នន័យ និង​ការ​បង្ហាញ​ផ្សេងៗសម្រាប់ ទូរស័ព្ទដៃ កាម៉េរ៉ា និងថេប្លេត ក្នុងសហភាពអឺរ៉ុប។ ចំណាត់ការនេះ ធ្វើឡើងដើម្បីកាត់បន្ថយសំណល់ពីឧបករណ៍អេឡិតត្រូនិច និងជួយបរិស្ថាន។

 
នៅក្នុងខែតុលា ឆ្នាំ២០២៣ សភាអឺរ៉ុប បានអនុម័តច្បាប់មួយ ដែលតម្រូវឱ្យមានឧបករណ៍សាកថ្មរួមសម្រាប់ទូរស័ព្ទដៃ កាម៉េរ៉ា និងថេប្លេត។ វិធានការដែលតម្រូវឱ្យឧបករណ៍អេឡិចត្រូនិចប្រើ USB-C ត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៤ តទៅ។ បានសេចក្តីថា រាល់ទូរស័ព្ទដៃ កាម៉េរ៉ា និងថេប្លេត ដែលប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបទាំងអស់ ត្រូវតែប្រើឧបករណ៍សាកថ្ម USB-C ហើយអ្នកប្រើប្រាស់អ្នកសម្រេចបានថា ពួកគេអាចប្រើឧបករណ៍សាកថ្មចាស់ ឬទិញថ្មីបាន។ 
 
តាមរយៈសំឡេងលើបណ្តាញសង្គមនៅថ្ងៃទី៣០ ខែធ្នូ គណៈកម្មការអឺរ៉ុបបានសរសេរថា ៖ «នៅក្នុងឆ្នាំ២០២៤ អ្នកនឹងលែងបានលឺពាក្យថា សុំទោស មិនមានឧបករណ៍សាកត្រឹមត្រូវឡើយ»។
 
ច្បាប់មួយនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយសំណល់ ដែលសល់ពីឧបករណ៍អេឡិចត្រូនិច និងជួយការពារបរិស្ថាន។ ដោយសារតែច្បាប់នេះ ក្រុមហ៊ុនApple បានប្តូរទូរស័ព្ទរបស់ខ្លួនiPhone និងឧបករណ៍អេឡិចត្រូនិចមួយចំនួនរបស់ខ្លួន ទៅប្រើប្រាស់ឧបករណ៍សាកថ្មUSB-C វិញ ដោយជំនួបឧបករណ៍ប្រភេទ Lightning។ 
 
នៅក្នុងច្បាប់ដដែល ឧបករណ៍សាកថ្ម USB-C នឹងអនុវត្តចំពោះកុំព្យូទ័រផងដែរ ដែលនឹងចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៦។ នៅក្នុងខែតុលា ឆ្នាំ២០២៣ ច្បាប់ខាងលើត្រូវបានសភាអឺរ៉ុបអនុម័តក្នុងសំឡេងគាំទ្រ ៦០២, ប្រឆាំង ១៣សំឡេង និងអនុបវាទ ៨សំឡេង៕

Tag:
 សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com