សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ និងចិន សម្រេចលើកលែងទិដ្ឋាការទៅវិញទៅមកចាប់ពីថ្ងៃទី១ ខែមីនាតទៅ
02, Jan 2024 , 7:39 pm        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន ទទួលភ្ញៀវទេសចរនៅថ្ងៃដំបូងនៃការលើកលែងទិដ្ឋាការរយៈពេល ៣០ថ្ងៃសម្រាប់ជនជាតិចិន កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០២៣។ រូបភាព ៖ CFP
លោក សេដ្ឋា ថាវីស៊ីន ទទួលភ្ញៀវទេសចរនៅថ្ងៃដំបូងនៃការលើកលែងទិដ្ឋាការរយៈពេល ៣០ថ្ងៃសម្រាប់ជនជាតិចិន កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០២៣។ រូបភាព ៖ CFP
នាយករដ្ឋមន្ត្រីថៃ លោក​ សេដ្ឋា ថាវីស៊ីន បានប្រកាសថា ភាគីថៃ និងចិន បានសម្រេចលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១ ខែមីនា។

 
ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមមកក្នុងប្រទេស ថៃបានដាក់ចេញគោលនយោបាយជាច្រើន ដូចជាលើកលែងទិដ្ឋាការ និងរឹតបន្តឹងសន្តិសុខនៅក្នុងប្រទេស ដើម្បីការពារសុវត្ថិភាព។ បន្ថែមពីនេះ ថៃ និងចិនបានប្រកាសលើកលែងទិដ្ឋាការជាអចិន្រ្តៃយ៍តែម្តង ដើម្បីទទួលបានភ្ញៀវទេសចរកាន់តែច្រើន។ 
 
នាយករដ្ឋមន្ត្រីថៃនៅថ្ងៃទី២ ខែមករា បាននិយាយថា អ្នកទេសចរថៃ និងចិន នឹងអាចទៅកម្សាន្តប្រទេសគ្នាទៅវិញទៅមក ដោយពុំចាំបាច់ទិដ្ឋាការចាប់ពីថ្ងៃទី១ ខែមីនា។ លោកបញ្ជាក់ថា ៖« ការណ៍នេះនឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
 
បើតាមលោក សេដ្ឋា គំនិតផ្តួចផ្តើមខាងលើ នឹងក្លាយជាការរៀបចំអចិន្ត្រៃយ៍ បន្ទាប់ពីការផុតកំណត់នៃការលើកលែងទិដ្ឋាការបណ្តោះអាសន្នរយៈពេល ៣០ថ្ងៃរបស់ថៃសម្រាប់ភ្ញៀវទេសចរចិននៅថ្ងៃទី២៩ ខែកុម្ភៈ។
 
ថៃជាប្រទេសដំបូងគេដែលផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពីចិន និងកាហ្សាក់ស្ថានក្នុងខែកញ្ញា បន្ទាប់មកមានឥណ្ឌា និងតៃវ៉ាន់នៅក្នុងខែវិច្ឆិកា។ ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន និងកាហ្សាក់ស្ថាន នឹងត្រូវផុតកំណត់នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
 
ទិន្នន័យរបស់រដ្ឋាភិបាលថៃបានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួនជាង ២៨លាននាក់ ដែលលើសពីគោលដៅរបស់ខ្លួនបន្តិច ដោយបង្កើតប្រាក់ចំណូលបាន ១,២ពាន់ពាន់លានបាត (៣៤,៩៣ពាន់លានដុល្លារ)។
 
ភ្ញៀវទេសចរដែលមកកម្សាន្តនៅថៃច្រើនជាងគេមាន ​ម៉ាឡេស៊ី​​ចំនួន ៤,៥លាន​នាក់ តាម​ពី​ក្រោយ​ដោយ​​ចិន​ចំនួន ៣,៥លាន​នាក់។ បន្ទាប់មកទៀតមាន កូរ៉េខាងត្បូង ១,៦៥លាននាក់ ឥណ្ឌា ១,៦២លាននាក់ និងរុស្ស៊ីប្រមាណ ១,៤៨លាននាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
គួរបញ្ជាក់ថា មុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ថៃបានទទួលភ្ញៀវទេសចំនួន ៣៩ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ១១លាននាក់នៅឆ្នាំ២០១៩៕

Tag:
 ថៃ
  ចិន
  ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com