សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមអាចនឹងក្លាយជាមហាសេដ្ឋកិច្ចទី២១ នៅឆ្នាំ២០៣៨
02, Jan 2024 , 8:59 pm        
រូបភាព
ទិដ្ឋភាពថតពីលើអាកាសនៃរដ្ឋធានីហាណូយ ។ រូបភាព ៖ VNA
ទិដ្ឋភាពថតពីលើអាកាសនៃរដ្ឋធានីហាណូយ ។ រូបភាព ៖ VNA
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) បានវាយតម្លៃថា វៀតណាមបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣៤ ក្នុងឆ្នាំ២០២៣ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៤៣០ពាន់លានដុល្លារ ហើយនឹងឈានដល់ចំណាត់ថ្នាក់ទី ២១ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០៣៨។

 
CEBR ជាមជ្ឈមណ្ឌលសម្រាប់ការព្យាករ និងវិភាគសេដ្ឋកិច្ចរបស់អង់គ្លេសដែលមានបទពិសោធ៣០ឆ្នាំ ទើបបានចេញរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំលើកទី១៤ របស់ខ្លួន។ យោងតាមចំណាត់ថ្នាក់នៅលើតារាងសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក (World Economic League Table - WELT) នៅពេលនេះ ទំហំសេដ្ឋកិច្ចវៀតណាម ត្រូវ​បាន​​ព្យាករ​ថា​នឹង​​កើន​ឡើង​ខ្លាំងក្នុង​រយៈ​ពេល១៤ឆ្នាំ​ខាង​មុខ។
 
នៅឆ្នាំ២០២៤ វៀតណាមត្រូវបានរំពឹងថានឹងស្ថិតនៅចំណាត់ថ្នាក់ទី៣៣ នៅលើតារាង WELT ដែលកើនឡើង១ខ្ទង់បើធៀបនឹងឆ្នាំ២០២៣។ ចំណាត់ថ្នាក់របស់វៀតណាមអាចកើនឡើងយ៉ាងឆាប់រហ័សដោយឈរនៅលេខ២៤ នៅឆ្នាំ២០៣៣ មុនពេលក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២១ របស់ពិភពលោកនៅឆ្នាំ ២០៣៨។
 
បើយោងតាម ​​CEBR  ជាមួយភាពសម្បូរបែបនៃប្រជាជនវ័យក្មេង វៀតណាមមានឱកាសនាំមុខប្រទេសអាស៊ានភាគច្រើនដែលមានសេដ្ឋកិច្ចខ្លាំងដូចជាសិង្ហបុរី ថៃ ឬម៉ាឡេស៊ី។ ទន្ទឹមនេះ វៀតណាមនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ 
 
សម្រាប់ការវាយតម្លៃសេដ្ឋកិច្ចកាលពីឆ្នាំមុន CEBR បានទទួលស្គាល់ថាវៀតណាមមានកំណើនខ្ពស់ ហើយអតិផរណានៅតែមានកម្រិតទាប។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិវៀតណាម ប្រទេសនេះមានកំណើនសេដ្ឋកិច្ច ៥,០៥ភាគរយ និងអតិផរណា ៣,២៥ភាគរយនៅឆ្នាំ២០២៣។ 
 
ទន្ទឹមនេះ ការកើនឡើងតម្លៃទំនិញប្រើប្រាស់ក្នុងឆ្នាំ២០២៣ ក៏ទាបជាងអត្រាអតិផរណាជាមធ្យមរយៈពេល ១០ឆ្នាំដែលមាន ៣,៨ភាគរយ។  ចំណែកអត្រាគ្មានការងារធ្វើបានធ្លាក់ចុះកាលពីឆ្នាំមុន ដែលជួយជំរុញដល់ការចំណាយរបស់អ្នកប្រើប្រាស់។ អនុបាតបំណុលរបស់រដ្ឋាភិបាលក្នុងឆ្នាំ ២០២៣ ត្រូវបានរំពឹងថានឹងមាន ៣៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលធ្លាក់ចុះប្រហែល ១,៣ភាគរយធៀបនឹងឆ្នាំ២០២២ ។
 
ម្យ៉ាងវិញទៀត វៀតណាមក៏ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកដែរ។ សមាមាត្រនៃទំនិញវៀតណាមដែលបាននាំចេញទៅអាម៉េរិកបានកើនឡើងជិត២ភាគរយ ចាប់តាំងពីភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិនបានកើនឡើងនៅក្នុងឆ្នាំ២០១៨ ។ នេះក៏ត្រូវបានបន្ថែមដោយលំហូរ FDI ដ៏រឹងមាំពីសេដ្ឋកិច្ចអាស៊ីផ្សេងទៀត រួមទាំងចិនផងដែរ៕ 

Tag:
 វៀតណាម
  សេដ្ឋកិច្ច
  CEBR
© រក្សាសិទ្ធិដោយ thmeythmey.com