សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន បដិសេធការចូលរួមជាមួយក្រុមប្រទេស BRICS
02, Jan 2024 , 4:49 pm        
រូបភាព
ប្រធានាធិបតី​អាហ្សង់ទីន Javier Milei ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​នៅ​មុខ​អគាររដ្ឋ​សភា​ក្នុង​ទីក្រុង Buenos Aires កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ។ រូបថត ៖ AFP
ប្រធានាធិបតី​អាហ្សង់ទីន Javier Milei ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​នៅ​មុខ​អគាររដ្ឋ​សភា​ក្នុង​ទីក្រុង Buenos Aires កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ។ រូបថត ៖ AFP
ប្រធានាធិបតីអាហ្សង់ទីន Javier Milei បានផ្ញើលិខិតមួយច្បាប់ទៅក្រុម BRICS ដោយបដិសេធការអញ្ជើញឱ្យចូលរួមក្នុងប្លុកដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនមួយនេះ។

 
នៅក្នុងលិខិតផ្ញើទៅកាន់មេដឹកនាំ BRICS លោកប្រធានាធិបតី Javier Milei បាននិយាយថា ការចូលរួមក្នុងប្លុកនេះគឺមិនទាន់សមស្របនៅខណៈនេះសម្រាប់អាហ្សង់ទីនឡើយ ។  នេះបើតាមលោក Manuel Adorni អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីនៅថ្ងៃទី២៩ ខែធ្នូ។
 
មេដឹកនាំអាហ្សង់ទីនបានអះអាងថា គោលនយោបាយការបរទេសរបស់លោកគឺខុសពីរដ្ឋាភិបាលអណត្តិមុនៗ។ ដូច្នេះការសម្រេចចិត្តមួយចំនួននៅក្រោមរដ្ឋាភិបាលមុននឹងត្រូវបានពិនិត្យឡើងវិញ ។ លោក Milei ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អាហ្សង់ទីនក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយសមាជិក BRICS ហើយទន្ទឹងរង់ចាំជួបជាមួយថ្នាក់ដឹកនាំនៃប្លុកនេះ។
 
BRICSជាក្រុមប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនមានសមាជិកចំនួន ៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលមានចំនួនជាង ៤០ភាគរយនៃចំនួនប្រជាជនពិភពលោក និងប្រហែល ១ភាគ៤នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ 
 
នៅក្នុងកិច្ចប្រជុំកំពូលខែសីហា BRICS បានអនុម័តសេចក្តីថ្លែងការណ៍រួមមួយដែលបានទទួលស្គាល់សមាជិកថ្មីចំនួន ៦ រួមមាន អាហ្សង់ទីន អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមចាប់ពីឆ្នាំ ២០២៤។ នាពេលនោះ ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បាននិយាយថា ការចូលរួម BRICS នឹងបើកបរិបទថ្មី សម្រាប់ប្រទេស។
 
លោក Javier Milei ជាអ្នកនយោបាយស្តាំនិយមដែលជាប់ឆ្នោតជាប្រធានាធិបតីអាហ្សង់ទីន និងស្បថចូលកាន់តំណែងនៅថ្ងៃទី១០ ខែធ្នូ។ លោកប្រឆាំងអាហ្សង់ទីនដែលចូលរួមជាមួយ BRICS និងមិនគាំទ្រទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន និងប្រេស៊ីលឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ចង់​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​អាម៉េរិក និង ​អ៊ីស្រាអែល។ 
 
ជុំវិញការបដិសេធរបស់អាហ្សង់ទីននេះ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា សមភាគីអាហ្សង់ទីនដែលដឹកនាំដោយលោក Milei គឺល្ងង់នៅពេលដែលសម្រេចចិត្តបដិសេធការអញ្ជើញឱ្យចូលរួមក្នុងប្លុក BRICS ។
 
«ប្រធានាធិបតី Javier Milei មិនបានធ្វើសកម្មភាពសម្រាប់ប្រជាជនអាហ្សង់ទីនទេ នៅពេលដែលលោករារាំងប្រទេសមិនឱ្យចូលរួមជាមួយ BRICS ។ នេះជាសកម្មភាពដ៏ល្ងង់ខ្លៅ និងឆោតបំផុតដែលលោក Milei បានធ្វើចំពោះអាហ្សង់ទីន»។ លោក Nicolas Maduro បានលើកឡើងនៅក្នុងបទសម្ភាសមួយជាមួយកាសែត Monde នៅថ្ងៃទី១ ខែមករា៕​

Tag:
 BRICS
  អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com