អន្តរជាតិ
ឆេះយន្តហោះ Japan Airlines ពេលចុះចតនៅ Haneda​, មនុស្សជាង៣០០នាក់ត្រូវជម្លៀសចេញ
02, Jan 2024 , 4:58 pm        
រូបភាព
យន្តហោះជប៉ុនឆាបឆេះ
យន្តហោះជប៉ុនឆាបឆេះ
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Japan Airlines បានឆាប់ឆេះពេលចុះចតនៅអាកាសយានដ្ឋាន Haneda នៅក្រុងតូក្យូ នៅថ្ងៃទី២ ខែមករា។ ហេតុការណ៍នេះ ត្រូវបានអាជ្ញាធរជប៉ុន ដាក់ការសង្ស័យថា អាចបុកជាមួយ យន្តហោះល្បាតសមុទ្រជប៉ុន បន្ទាប់ពីចុះចត។

 
ក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងប្រញាប់ដៃជើងពន្លត់ភ្លើងឆាបឆេះយ៉ាងខ្លាំងលើយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Japan Airlines នៅលើផ្លូវចុះចតក្នុងអាកាសយានដ្ឋានHaneda នៅក្រុងតូក្យូ នៅថ្ងៃទី២ ខែមករា។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានអះអាងថា យន្តហោះមួយគ្រឿងនោះ មានអ្នកដំណើរច្រើនជាង ៣០០នាក់។ 
 
តាមកម្មវិធីតាមដានជើងហោះហើរ Flightradar24 យន្តហោះមួយគ្រឿងនេះ បានហោះពី អាកាសយានដ្ឋាន New Chitose មកអាកាសយានដ្ឋានHaneda នៅក្រុងតូក្យូ និងបានចុះចតនៅម៉ោងប្រមាណ ៥ និង៤៧នាទី (ម៉ោងនៅជប៉ុន)។ 
 
តាមការចុះផ្សាយរបស់ទូរទស្សន៍ NHK យន្តហោះទំនងបានប៉ះទង្គិចជាមួយយន្តហោះល្បាតសមុទ្រជប៉ុន បន្ទាប់ពីចុះចត។ 
 
យន្តហោះនៅតែបន្តឆេះ ហើយក្រុមពន្លត់អគ្គិភ័យ នៅតែព្យាយាមជម្លៀសមនុស្សចេញ៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com