ជាតិ
ក្រសួងការបរទេស ថា ពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់ រងគ្រោះ ដោយសារគ្រោះរញ្ជួយដី នៅជប៉ុនឡើយ
02, Jan 2024 , 5:03 pm        
រូបភាព
ក្រុមអ្នកពន្លត់អគ្គិភ័យត្រួតពិនិត្យផ្ទះរលំនៅក្នុងក្រុងWajima, ខេត្ត Ishikawa នៅថ្ងៃទី២ ខែមករា។ រូបភាព AFP
ក្រុមអ្នកពន្លត់អគ្គិភ័យត្រួតពិនិត្យផ្ទះរលំនៅក្នុងក្រុងWajima, ខេត្ត Ishikawa នៅថ្ងៃទី២ ខែមករា។ រូបភាព AFP
ពុំទាន់ មានរបាយការណ៍ណាមួយ ដែលបង្ហាញថា ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុន រងគ្រោះ ដោយសារគ្រោះរញ្ជួយដីឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិអន្តជាតិ នៅថ្ងៃទី២ មករា។



«សុវត្ថិភាពពលរដ្ឋខ្មែរ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាល»។ នេះជាការលើកឡើងរបស់ក្រសួងការបរទេស ដែលអះអាងថា ក្រសួងកំពុងតាមដាន និងយកចិត្តទុកដាក់លើករណីនេះ។
 
បើតាមក្រសួងការបរទេស មានពលរដ្ឋខ្មែរ១៦០០នាក់ កំពុងរស់នៅក្នុងខេត្តចំនួន៦ នៃតំបន់រងគ្រោះរញ្ជួយដីនេះ។ ប៉ុន្តែពុំទាន់មានរបាយការណ៍ណាមួយ ដែលបង្ហាញថា ពលរដ្ឋខ្មែរណាម្នាក់ រងគ្រោះ និងបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយឡើយ។

«ដោយឡែក មានរបាយការណ៍អំពីនិស្សិតខ្មែរនៅក្នុងខេត្ត Ishikawa ចំនួន៣រូប និងនៅក្នុងខេត្ត Niigata ចំនួន៥រូប ត្រូវបានជម្លៀសទីតាំងមានសុវត្ថិភាពរួចហើយដែរ។ ស្ថានទូតកម្ពុជា នឹងបន្តតាមដាន និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរាយការណ៍អំពីស្ថានភាពវិវត្តន៍»។ នេះបើតាមក្រសួងការបទេសកម្ពុជា ដែលអំពាវនាវឱ្យពលរដ្ឋខ្មែរ រស់នៅតំបន់រងគ្រោះទាំងនោះ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរជប៉ុន។
 
គិតត្រឹមថ្ងៃទី២ ខែមករា មនុស្សយ៉ាងណោចណាស់៦នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតនៅក្នុងខេត្តភាគកណ្តាល Ishikawa ដែលជាប់ជាមួយសមុទ្រជប៉ុន ឬសមុទ្រខាងកើត ដោយសារគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ។ ជាការពិត គ្រោះធម្មជាតិមួយនេះ បានវាយប្រហារលើជប៉ុនចាប់តាំងពីរសៀលនៅថ្ងៃទី១ ខែមករាមក។ 
 
អាជ្ញាធរជប៉ុន នៅថ្ងៃទី២ ខែមករា បានលើកចោលកម្រិតអាសន្នហើយ ពាក់ព័ន្ធនឹងលទ្ធភាពកើតមានរលកយក្សស៊ូណាមិនៅសមុទ្រជប៉ុន ប៉ុន្តែនៅតែបន្តអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្ន។ នៅក្នុងក្រុងWajima ខេត្ត Ishikawa អាជ្ញាធរ បានរាយការណ៍ពីកម្ពស់ទឹករលក ១២០សង់ទីម៉ែត្រ ខណៈក្រុង Kanazawa មានកម្ពស់ទឹករលក ៩០សង់ទីម៉ែត្រ។ 
ពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374 ។

Tag:
 ជប៉ុន
  រញ្ជួយដី
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com