សង្គមអន្តរជាតិ​
អន្តរជាតិ
ហេតុអ្វីកូរ៉េខាងត្បូងមានធុងសំរាមសាធារណៈតិច ប៉ុន្តែទីធ្លានៅតែស្អាត ?
03, Jan 2024 , 9:09 am        
រូបភាព
ធុងនៅកូរ៉េខាងត្បូង។ រូបភាព​៖ AFP
ធុងនៅកូរ៉េខាងត្បូង។ រូបភាព​៖ AFP
កូរ៉េ​ខាងត្បូងគំរូប្រទេសមួយដែល​អាច​គ្រប់គ្រង​កាកសំណល់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​មិនសូវ​ពឹង​ផ្អែក​លើ​ធុង​សំរាម​សាធារណៈ។ ហេតុអ្វីបានប្រទេសនេះ អាចគ្រប់គ្រងសំរាមសាធារណៈបាន ?

 
រាល់ព្រឹត្តិការណ៍នៃការជួបជុំសាធារណៈធំៗ ដែលប្រមូលផ្តុំដោយមនុស្សជាច្រើន គេសង្កេតឃើញតែងតែមានការការចោលសំរាមពាសវាលពាសកាល។ នេះមិនមែនជាការដាក់សញ្ញាសួរជុំវិញកម្រិតយល់ដឹងរបស់ប្រជាជនអំពីអនាម័យសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកគ្រប់គ្រងបរិស្ថានទាក់ទងនឹងកង្វះហេដ្ឋារចនាសម្ព័ន្ធកែច្នៃកាកសំណល់សម្រាប់ប្រទេសមួយចំនួនដូចជាកម្ពុជា  វៀតណាមជាដើម។
 
ចំណែកនៅកូរ៉េខាងត្បូងដែលជាប្រទេសដាក់ធុងសំរាមសាធារណៈតិចតួច នៅតែរក្សាបាននូវទីធ្លាសាធារណៈយ៉ាងស្អាត។ ការប្រៀបធៀបនេះអាចផុសឡើងជាសំណួរថា តើអាចគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព ដោយមិនពឹងផ្អែកលើធុងសម្រាមសាធារណៈបានទេ? សម្រាប់កូរ៉េខាងត្បូងបានបង្ហាញឱ្យឃើញច្បាស់ទៅហើយថា ពួកគេអាចដោះស្រាយបញ្ហាកាកសំណល់សាធាណៈនេះបាន។
 
សម្រាប់កូរ៉េខាងត្បូងដែលមានផ្ទៃដីជាង១០ម៉ឺនគីឡូម៉ែត្រការ៉េ និងមានចំនួនប្រជាជនជាង ៥១លាននាក់ សបញ្ជាក់ឲ្យឃើញថាជាប្រទេសមានផ្ទៃដីធំគួរសម ជាមួយនឹងដង់ស៊ីតេប្រជាជនខ្ពស់ មិនមានផ្ទៃដីច្រើនសម្រាប់កប់កាកសំណល់នោះទេ។ 
 
នោះហើយជាមូលហេតុដែលប្រទេសនេះយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការចាត់ថ្នាក់ និងការកែច្នៃសំរាមជារៀងរាល់ថ្ងៃ។ នៅតាមដងផ្លូវកូរ៉េខាងត្បូងមិនមានធុងសម្រាមសាធារណៈច្រើនទេ។ ការធ្វើបែបនេះគឺដើម្បីការពារការចោលសំរាមពាសវាលពាសកាល ជាមួយសំរាមដែលមិនបានតម្រៀបត្រឹមត្រូវ។ អ្នកធ្វើដំណើរឆ្លងកាត់ទីសាធារណៈជាញឹកញាប់ត្រូវយកសំរាមទៅផ្ទះ ឬទៅក្រុមហ៊ុនដើម្បីដាក់វានៅក្នុងធុងសំរាមដែលបានកំណត់។
 
នេះបង្កើតការដាស់តឿនមួយសម្រាប់ប្រជាជនឱ្យមានស្មារតីក្នុងការគ្រប់គ្រង និងចាត់ថ្នាក់សំណល់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​កម្រ​ឃើញ​សំរាម​នៅ​ទ្រឹង​​ទីតាំង​មួយ​ក្នុង​ប្រទេសនេះណាស់។
 
ការអប់រំសាធារណៈ និងការបង្កើតប្រព័ន្ធគ្រប់គ្រងកាកសំណល់នៅកូរ៉េខាងត្បូង ជាគន្លឹះដែលអាចគ្រប់គ្រងសំរាមបានប្រកបដោយប្រសិទ្ធភាព។ ប្រជាជននៅទីនោះ មិនត្រឹមតែគោរពច្បាប់ការចោលសំរាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មក្នុងការរក្សាបរិស្ថានជុំវិញឱ្យស្អាតផងដែរ។
 
ប្រជាជនកូរ៉េប្រើប្រាស់ប្រព័ន្ធ Jongnyangje ដើម្បីប្រមូល និងកែច្នៃកាកសំណល់តាមផ្ទះ តាមរបៀបរៀបចំបំផុត និងមិនប៉ះពាល់ដល់បរិស្ថាន។ ប្រព័ន្ធនេះ បែងចែកកាកសំណល់ទៅ​ជាប្រភេទតូចៗផ្សេងៗគ្នា ហើយប្រភេទនីមួយៗ នឹងមានការផាកពិន័យផ្ទាល់ខ្លួន ប្រសិនបើមនុស្សមិនអនុវត្តតាម។ ប្រព័ន្ធនេះ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។
 
នៅពេលដែលមានសំរាម ប្រព័ន្ធ Jongnyangje នឹងបែងចែកកាកសំណល់ទៅជាប្រភេទតូចៗជាច្រើន។ ប្រភេទទាំងនេះរួមមាន សំរាមធម្មតា កាកសំណល់អាហារ សំរាមដែលអាចប្រើឡើងវិញបាន សំរាមដែលមិនអាចដុតបាន និងសំរាមដែលមានទំហំធំ។ សំរាម​ប្រភេទ​នីមួយៗ ​នឹង​ត្រូវ​រក្សា​ទុក​ក្នុង​ថង់​ពិសេស។​ ពណ៌​នៃ​ថង់​សំរាម​ នឹង​ខុស​គ្នា​ទៅ​តាម​ប្រភេទ។​
 
បន្ថែមពីនេះ នៅកូរ៉េខាងត្បូង ក៏មានការផាកពិន័យផងដែរ។ ការ​សម្រេច​ផាកពិន័យនៅប្រទេសនេះ គឺ​ផ្អែក​លើ​គោល​ការណ៍ ​«អ្នកបំពុលបរិស្ថានត្រូវបង់ថ្លៃ»។ ជារួមគោលការណ៍នេះបានបង្កើតផលប្រយោជន៍សេដ្ឋកិច្ចពីធនធានធម្មជាតិ បង្កើតទីផ្សារ បង្កើតការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ បង្កើនការយល់ដឹងរបស់មនុស្ស និងបង្កើនទំនួលខុសត្រូវសង្គមរបស់មនុស្ស។
 
នៅកូរ៉េខាងត្បូង ប្រសិនបើប្រជាជនមិនគោរពតាមបទប្បញ្ញត្តិ ស្តីពីការចាត់ថ្នាក់សំរាមតាមប្រព័ន្ធ Jongnyangje ពួកគេអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៣០ម៉ឺនវ៉ុន (២៣០ដុល្លារ) ។ លើស​ពី​នេះ​ ការ​បោះ​ចោល​សំរាម​ខុស​ពេលវេលា និង​ទីកន្លែង​ក៏​អាច​នាំ​ឱ្យ​មាន​ការ​ផាក​ពិន័យ​ផង​ដែរ។ សំរាមត្រូវតែបោះចោលនៅថ្ងៃដូចគ្នា និងពេលវេលាប្រចាំសប្តាហ៍។ ពេលវេលា​ចោល​សំរាម​ជាធម្មតា​ចាប់ពី​ម៉ោង ១០យប់​មុន​ដល់ ៥ព្រឹក​​។ ប្រសិនបើអ្នកបោះចោលសំរាមខុសកន្លែង និងពេលវេលា អ្នកនឹងត្រូវបង់ប្រាក់ពិន័យអាចមានរហូតដល់ ១លានវ៉ុន (ជាង៧៦០ដុល្លារ)។
 
ជារួមបញ្ហា​សំរាម​នៅ​តាម​ទី​សាធារណៈ ​មិន​ត្រឹមតែ​ជា​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​បញ្ហា​ប្រឈម​ចំពោះ​ការ​យល់​ដឹង​របស់​សាធារណជន​ផង​ដែរ។ ចាំបាច់ត្រូវមានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ពីរដ្ឋាភិបាល និងការផ្លាស់ប្តូរការយល់ដឹងផ្ទាល់ខ្លួន ដើម្បីដោះស្រាយស្ថានភាពកាកសំណល់នេះ៕ 
 

Tag:
 កូរ៉េខាងត្បូង
  សំរាម
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com