ជាតិ
លោកយាយ វ័យ៨៧ឆ្នាំម្នាក់ លក់សណ្ដែកដីស្ងោរ នឹងទទួលប្រាក់ប្រចាំខែ ៥០ម៉ឺនរៀល ពីសម្ដេច ហ៊ុន សែន
03, Jan 2024 , 9:57 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភដល់លោកយាយ អ៊ឹម អ៊ូក វ័យ៨៧ឆ្នាំ ចំនួន៥០ម៉ឺនរៀលជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ សម្ដេច បានបញ្ជាឱ្យលោក សេង ទៀង មន្ត្រីជំនិតសម្ដេច ទទួលបន្ទុកលើករណីនេះ។



មានទីលំនៅក្នុងខេត្តតាកែវ លោកយាយ អ៊ឹម អ៊ូក ត្រូវធ្វើដំណើរមកលក់សណ្តែកដីស្ងោរ នៅភ្នំពេញ នាព្រឹក ហើយវិលត្រឡប់ទៅផ្ទះវិញ នាពេលល្ងាច។ ក្រោយទទួលបានព័ត៌មាននេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យលោក សេង ទៀង នាំយកថវិកា២លានរៀល ជូនលោកយាយ អ៊ឹម អ៊ូក នៅស្រុកកំណើតខេត្តតាកែវ កាលពីថ្ងៃទី២ មករា ២០២៤។
 
ជាមួយគ្នានេះ ប្រមុខបក្សប្រជាជនកម្ពុជា ក៏សម្រេចផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ៥០ម៉ឺនរៀលទៀតផង។«ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដីដែលធ្វើដំណើរផ្លូវឆ្ងាយ ដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ៥០ម៉ឺនរៀលក្នុងមួយខែ។ ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ១ម៉ឺនរៀលក្នុងមួយថ្ងៃ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
តាមរយៈវីដេអូឃ្លីបខ្លីមួយ លោកយាយ អ៊ឹម អ៊ូក ដែលមានវ័យជរារូបនេះ សន្យាឈប់លក់សណ្ដែកដីស្ងោរ តាមសំណូមពររបស់សម្ដេច ហ៊ុន សែន ។

Tag:
 ហ៊ុន សែន
  ក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com