អន្តរជាតិ
កូរ៉េខាងត្បូងតវ៉ានឹងជប៉ុន ដែលបញ្ចូលកោះដុកដូទៅក្នុងផែនទីប្រកាសអាសន្នរលកស៊ូណាមិ
03, Jan 2024 , 10:19 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោកLim Soo Suk (រូបក្នុងរង្វង់)។ រូបភាព Yonhap
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោកLim Soo Suk (រូបក្នុងរង្វង់)។ រូបភាព Yonhap
ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃទី២ ខែមករា បានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងទីភ្នាក់ងារ អាកាសធាតុជប៉ុនដែលបានបញ្ចូលកោះដុកដូ (Dokdo) ទៅក្នុងការប្រកាសអាសន្ននៃរលកយក្សស៊ូណាមិ ស្របពេលមានកម្រិតរញ្ជួយដី ៧,៦ រ៉ិចទ័រដែលបានវាយប្រហារជប៉ុន នៅថ្ងៃទី១ ខែមករា។

 
លើគេហទំព័ររបស់ទីភ្នាក់ងារឧតុនិយមជប៉ុន ផែនទីមួយបានបង្ហាញពីការជូនដំណឹង ដែលក្នុង នោះកូនកោះដុកដូត្រូវបានបន្លិចជាពណ៌លឿងរួមជាមួយតំបន់ផ្សេងៗទៀតរបស់ជប៉ុន នៅក្នុងសមុទ្រខាងកើត។  សញ្ញាពណ៌លឿងចង្អុលបង្ហាញថា តំបន់ទាំងនោះអាចរងការវាយប្រហារដោយរលកយក្សស៊ូណាមិ។
 
«រដ្ឋាភិបាលរបស់ពួកយើងជំទាស់ដាច់ខាតនឹងជប៉ុន តាមរយៈការទូត និងទាមទារ ឱ្យចាត់វិធានការកែតម្រូវ»។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោកLim Soo​ Suk មានប្រសាសន៍បែបនេះក្នុងសន្និសីទសារព័ត៌មានមួយ រួចបន្ថែមថា គ្មានជម្លោះទឹកដីឡើយទាក់ទងនឹងកោះដុកដូ។
 
អ្នកនាំពាក្យរូបនេះក៏បានរម្លឹកពីកោះមួយនេះដែលជា​ផ្នែក​សំខាន់​មួយ​នៃ​ទឹកដី​កូរ៉េ​ខាងត្បូង ដោយផ្អែកតាម​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​ក្រោម​ច្បាប់​អន្តរជាតិ​ផងដែរ។ ទោះជាយ៉ាងណា ក៏ដោយ បើតាមមន្ត្រីនៃក្រសួងខាងការបរទេសកូរ៉េខាងត្បូងមិនបញ្ចេញឈ្មោះម្នាក់ បានសម្គាល់ថា ក្រុងសេអ៊ូលមិនបានស្នើទៅមន្ត្រីជប៉ុនណាមួយឡើយក្នុងការដាក់ការតវ៉ាខាងលើ ។
 
គ្រោះរញ្ជួយដី បានវាយប្រហារឧបទ្វីប Noto និងតំបន់ជុំវិញក្នុងខេត្ត Ishikawa របស់ជប៉ុននៅថ្ងៃចូលឆ្នាំថ្មី ហើយតាមសេចក្តីរាយការណ៍ ការវាយប្រហារនេះសម្លាប់ មនុស្សជាច្រើននាក់ និងបង្កឱ្យមានរលកធំៗ នៅឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូងផងដែរ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ កូរ៉េខាងត្បូងមិនទាន់រាយការណ៍អំពីអ្នកស្លាប់ ឬរងរបួសនៅកូរ៉េខាងត្បូងនៅឡើយ។
 
គួរបញ្ជាក់ថា កោះដុកដូដែល​ស្ថិត​នៅចន្លោះទ្វីប​កូរ៉េ ​និង​ជប៉ុន​បាន​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ទំនាក់ ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ជា​យូរ​មក​ហើយតាំងពីឆ្នាំ ១៩៤៥ ដែលជាទីបញ្ចប់នៃសង្គ្រាម លោកលើកទីពីរ ក៏ដូចជាការឈ្លានពានរបស់ជប៉ុនផងដែរ។ ជប៉ុន​បាន​បញ្ចូល​កោះ​នេះពី​កូរ៉េ​នៅ​ឆ្នាំ ១៩០៥ ហើយ​បាន​បន្ត​ធ្វើ​អាណានិគម​កូរ៉េ​ទាំង​ស្រុង​នៅ​ឆ្នាំ ១៩១០។
 
នៅឆ្នាំ ១៩៥៤ កូរ៉េខាងត្បូងបានកាន់កាប់កោះដុកដូ ឬ Takeshima ជាភាសាជប៉ុន ហើយចាប់តាំងពីពេលនោះមកបានអនុវត្តការគ្រប់គ្រងជាក់ស្តែងលើកោះនេះ បីទោះជប៉ុន ជំទាស់ថាជាការកាន់កាប់ខុសច្បាប់ក៏ដោយ។ តាមទស្សនៈរបស់កូរ៉េខាងត្បូង កោះនេះគឺជានិមិត្តរូបនៃមោទនភាព និងជាសញ្ញាសម្គាល់នៃឯករាជ្យភាពរបស់កូរ៉េពីអាណានិគមរបស់ជប៉ុន។ កូរ៉េខាងត្បូង​រក្សា​ប៉ូលិស​មួយចំនួនតូច​នៅលើ​កូនកោះនោះ ប៉ុន្តែគ្រប់គ្រង​​ប្រកបដោយ​ប្រសិទ្ធភាព៕

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com