កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ត្រូវបាន ​Birmingham បញ្ចប់តំណែង ក្រោយដឹកនាំ១៥ប្រកួត
03, Jan 2024 , 11:59 am        
រូបភាព
លោក Wayne Rooney ត្រូវបានក្លិប Birmingham City បណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅបន្ទាប់ពីដឹកនាំក្រុមមិនបានល្អ ដោយចាញ់ ៩លើក ចំណោម ១៥ប្រកួត បណ្តាលឱ្យក្រុមធ្លាក់ទៅបាតតារាងនៃក្របខណ្ឌ Championship។



ក្លិប Birmingham ដែលគ្រប់គ្រងដោយម្ចាស់ជាជនជាតិអាម៉េរិកលោក Tom Wagner ម្ចាស់ក្រុមហ៊ុន Knighthead Capital Management បានសម្រេចបណ្តេញលោក Rooney ចេញពីតំណេង ក្រោយពេលដែលក្រុមចាញ់ Leeds United លទ្ធផល ៣-០​ ចំថ្ងៃបុណ្យឆ្លងឆ្នាំសកល។
 
បើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Birmingham នាថ្ងៃទី២ ខែមករា បាននិយាយដូច្នេះថា ៖«ក្លិប Birmingham City ថ្ងៃនេះបានចែកផ្លូវគ្នាជាមួយអ្នកចាត់ការ ​Wayne Rooney និងគ្រូបង្វឹកក្រុមទីមួយលោក Carl Robinson។ ថ្វីបើមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ក៏លទ្ធផលមិនបានបំពេញតាមរំពឹងទុកដែលបញ្ជាក់យ៉ាងច្បាស់ដូចពេលដំបូងឡើយ ដូច្នេះក្រុមប្រឹក្សាភិបាលមើលឃើញថា ការផ្លាស់ប្តូរការគ្រប់គ្រងគឺជាផលប្រយោជន៍ល្អបំផុតរបស់ក្លិប។»។
 
ក្លិបស្ថិតក្នុងលីគទីពីរអង់គ្លេស ក៏បានផ្ញើសារអរគុណដល់លោក ​Rooney និងលោក Robinson សម្រាប់ការប្រើប្រាស់ពេលវេលាក្នុងការអភិវឌ្ឍក្លិបពេលកន្លងមក។ ក្លិបក៏បានតែងតាំងលោក ​Steve Spooner ដែលជាអ្នកជំនាញអភិវឌ្ឍបាល់ទាត់ នឹងចូលកាន់កាប់តំណែងបណ្តោះអាសន្ន។
 
មិនត្រឹមតែ ​Rooney ឡើយដែលត្រូវបានបណ្តេញចេញ បើតាមប្រភពជិតស្និទ្ធិបានប្រាប់ទូរទស្សន៍ ESPN ថាតំណែងរបស់លោក Garry Cook ដែលជានាយកប្រតិបត្តិរបស់ក្លិប Birmingham ដែលបានជួយដល់លោក Rooney បានចូលកាន់តំណែង ក៏ស្ថិតនៅក្រោមការត្រួកពិនិត្យពីការដកចេញពីតំណែង។
 
Wayne Rooney មានភាពជោគជ័យខ្លាំងនៅក្នុងអាជីពជាកីឡាកររបស់គេនៅក្នុងក្លិប Manchester United ដោយគេបានរួមចំណែកជាច្រើនក្នុងការជួយដល់ក្លិបឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League, EFL Cup, FA Cup, Champions League, Europa League និង FIFA Club World Cup ជាដើម។ ប៉ុន្តែសម្រាប់អាជីពជាគ្រូបង្វឹក អតីតកីឡាករដ៏ល្បីល្បាញរបស់អង់គ្លេស មិនជោគជ័យឡើយ ដោយការដឹកនាំក្លិបកន្លងមកដូចជាក្លិប Derby county លីគទីពីរអង់គ្លេស, ក្លិប ​D.C. United របស់អាម៉េរិក ក៏សុទ្ធសឹងតែធ្វើមិនបានល្អហើយត្រូវបានបណ្តេញចេញដូចៗគ្នា៕

Tag:
 Wayne Rooney
© រក្សាសិទ្ធិដោយ thmeythmey.com