អន្តរជាតិ
រញ្ជួយដី៖ រដ្ឋាភិបាលជប៉ុននឹងធ្វើគ្រប់យ៉ាង និងដាក់ការជួយសង្រ្គោះជីវិតមនុស្សជាអាទិភាព
03, Jan 2024 , 12:29 pm        
រូបភាព
អាជ្ញាធរជប៉ុន កំពុងពិនិត្យមើលផ្ទះបាក់រលំ ដោយសាររញ្ជួយដី នៅថ្ងៃទី២ ខែមករា។ រូបភាព AFP
អាជ្ញាធរជប៉ុន កំពុងពិនិត្យមើលផ្ទះបាក់រលំ ដោយសាររញ្ជួយដី នៅថ្ងៃទី២ ខែមករា។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅយប់ថ្ងៃទី២ ខែមករា បានប្តេជ្ញាជួយសង្រ្គាះជីវិតមនុស្ស ដែលកំពុងជាប់នៅក្នុងផ្ទះបាក់រលំ ក្នុងតំបន់ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដី។ ទន្ទឹមនេះ រដ្ឋាភិបាលជប៉ុន កំពុងបង្កើនកិច្ចខិតខំផ្តល់ជំនួយទៅដល់ប្រជាជនស្ថិតក្នុងតំបន់រងគ្រោះផងដែរ។

 
ក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី២ ខែមករា លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់ពីកិច្ចខិតខំរបស់រដ្ឋាភិបាល ក្នុងការខិតខំជួយសង្រ្គោះប្រជាជនរងគ្រោះ ដែលស្ថិតនៅក្នុងផ្ទះបាក់រលំ ក្នុងខេត្ត Ishikawa ដែលមានគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ។ 
 
តាមការបញ្ជាក់របស់លោកគីស៊ីដា ដែលដឹកនាំបេសកកម្មជួយសង្រ្គោះដោយផ្ទាល់ ប្រជាជនជាច្រើន កំពុងជាប់នៅក្នុងផ្ទះបាក់រលំ ហើយរដ្ឋាភិបាលនឹងធ្វើគ្រប់យ៉ាង តាមដែលអាចធ្វើបាន ដើម្បីដាក់ការជួយសង្រ្គោះជីវិតមនុស្សជាអាទិភាព។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK។ 
 
នៅចំពោះមុខអ្នកសារព័ត៌មាន ប្រមុខរដ្ឋាភិបាលរូបនេះ បានបន្តថា តំបន់រងគ្រោះជាច្រើន បានស្នើសុំសត្វឆ្កែជួយសង្រ្គោះ ការស្ថាបនាផ្លូវខូតខាតឡើងវិញឱ្យបានឆាប់រហ័ស និងផ្តល់ទឹក ភួយ និងសម្ភារផ្សេងទៀតសម្រាប់ប្រជាជនរងគ្រោះ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី បានបញ្ជាមន្រ្តីពាក់ព័ន្ធ ឱ្យជួយដោះស្រាយការស្នើសុំ។
 
មិនតែប៉ុណ្ណោះ លោកគីស៊ីដា ក៏បានលើកឡើងពីការបុកគ្នារវាងយន្តហោះរបស់ក្រុមហ៊ុន Japan Airlines និងយន្តល្បាតសមុទ្រ ដែលដឹកជំនួយសម្រាប់ប្រជាជនរងគ្រោះដោយសាររញ្ជួយដីផងដែរ។ បើតាមប្រមុខរដ្ឋាភិបាល ជប៉ុននឹងធានាថា ការផ្តល់ជំនួយដល់ប្រជាជនរងគ្រោះ នឹងមិនរងផលប៉ះពាល់ដោយសារហេតុការណ៍នៅអាកាសយានដ្ឋាន Haneda នៅក្រុងតូក្យូ។ 
 
មកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនដល់ ៦២នាក់ ខណៈផ្ទះសម្បែងនៅក្នុងខេត្ត Ishikawa រងការខូចខាតយ៉ាងខ្លាំង ដោយសាររញ្ជួយដី និងអគ្គិភ័យ។ ចំណែកអ្នករបួសមានច្រើនជាង ៣០០នាក់ ក្នុងនោះមានរបួសធ្ងន់ ២០នាក់។ លើសពីនេះ មនុស្សជាង ៣ម៉ឺននាក់ កំពុងស្នាក់នៅកន្លែងជម្រកបណ្តោះអាសន្ន៕ 

© រក្សាសិទ្ធិដោយ thmeythmey.com