អន្តរជាតិ
ក្រុងប៉េកាំងថា ចិន និងតៃវ៉ាន់ នឹងបង្រួបបង្រួមគ្នាដោយមិនអាចចៀសរួច
03, Jan 2024 , 3:02 pm        
រូបភាព
ទង់ជាតិតៃវ៉ាន់ និងចិន។ រូបភាព Reuters
ទង់ជាតិតៃវ៉ាន់ និងចិន។ រូបភាព Reuters
ប្រមុខការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Song Tao នៅថ្ងៃទី២ ខែមករា បានជំរុញឱ្យពលរដ្ឋកោះតៃវ៉ាន់ លើកកម្ពស់ និងគាំទ្រដល់ការបង្រួបបង្រួមដោយសន្តិភាពនៃភាគីទាំងពីរ នៅក្នុងឱកាសចូលឆ្នាំសកល ខណៈការបោះឆ្នោតប្រធានាធិបតី និងសភាតៃវ៉ាន់ខិតជិតមកដល់។

 
សាររបស់ប្រធានការិយាល័យកិច្ចការតៃវ៉ាន់ លោក Song Tao ក្នុងការជំរុញទឹកចិត្តពលរដ្ឋតៃវ៉ាន់ បានធ្វើឡើងមុន ២ សប្ដាហ៍នៃការបោះឆ្នោតប្រធានាធិបតី និងសភាតៃវ៉ាន់ នៅថ្ងៃទី១៣ ខែមករាខាងមុខ។​ ប្រសាសន៍លើកឡើងនេះស្រដៀងទៅនឹងសុន្ទរកថារបស់ប្រធានាធិបតីចិនលោក ស៊ី ជីនភីងដែលបានថ្លែងក្នុងការអបអរសាទរឆ្នាំថ្មីថា ការបង្រួបបង្រួមរបស់ចិនជាមួយ តៃវ៉ាន់គឺជៀសមិនរួច។
 
«ជាចុងក្រោយ មាតុភូមិនឹងត្រូវបានបង្រួបបង្រួម ហើយវានឹងត្រូវបានបង្រួបបង្រួមដោយជៀសមិនរួច»។ លោក Song បានលើកឡើងបែបនេះនៅក្នុងសារជូនពរឆ្នាំថ្មីរបស់លោកនៅលើវេបសាយរបស់ខ្លួន ដោយបន្តថា គោលគំនិតនេះ ជា​បំណង​ប្រាថ្នា​ និង​បេសកកម្ម​រួម​របស់​ប្រជាជន​ទាំង​សងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់។
 
ទន្ទឹមនេះ លោកបានបញ្ជាក់ថា ប្រជាជនតៃវ៉ាន់គួរតែលើកកម្ពស់ទំនាក់ទំនងឆ្លងច្រកសមុទ្រ ដើម្បីត្រឡប់ទៅរកផ្លូវត្រូវនៃការអភិវឌ្ឍដោយសន្តិភាព និងជំរុញដំណើរការបង្រួបបង្រួម ជាតិមាតុភូមិដោយសន្តិវិធីផងដែរ។
 
លោក Song ក៏បានរំលឹកឡើងវិញអំពីការគាំទ្ររបស់ចិនចំពោះ «ប្រទេសមួយ ប្រព័ន្ធពីរ» និងការប្រឆាំងនឹងឯករាជ្យភាពផ្លូវការរបស់តៃវ៉ាន់ ឬ ការជ្រៀតជ្រែកដោយកងកម្លាំងខាងក្រៅ។ ទោះបីជាសារ​របស់​លោក​មិន​បាន​និយាយ​អំពី​ការ​បោះ​ឆ្នោតដែលខិតជិតមកដល់ក៏ដោយ ប៉ុន្តែ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់ក្រុងប៉េកាំងបានសង្កត់ធ្ងន់ និងបាន​ចាត់​ទុក​ការបោះឆ្នោតជាជម្រើស​រវាង​សង្គ្រាម​ និង​សន្តិភាព៕

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com