ជាតិ
សម្ដេច ហ៊ុន សែន ចាត់តាំងបេក្ខជនឈរឈ្មោះព្រឹទ្ធសភា បង្ហាញមុខឱ្យអង្គបោះឆ្នោតបានស្គាល់
03, Jan 2024 , 5:01 pm        
រូបភាព
បេក្ខជនឈរបោះឆ្នោតសមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា ចាប់ពីលេខរៀងទី១ ដល់បេក្ខជនបម្រុង ចំនួន១៥នាក់ ត្រូវតែបង្ហាញមុខឱ្យអង្គបោះឆ្នោតបានស្គាល់គ្រប់គ្នា។ នេះបើតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២ មករា។

 
សម្ដេច ហ៊ុន សែន បានចាត់តាំងបេក្ខជនឈរឈ្មោះសមាជិកព្រឹទ្ធសភា ដោយមានប្រធាន ៨រូប អនុប្រធាន៨ និងសមាជិក៩៧នាក់ នៃមណ្ឌលបោះឆ្នោតទាំង៨នោះ ឱ្យទំនាក់ទំនាក់ជាមួយថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត និងថ្នាក់ដឹកនាំគណកម្មាធិការគណបក្សរាជធានី-ខេត្ត ដែលនៅក្នុងភូមិភាគរបស់ខ្លួន ដើម្បីនាំសមាជិក សមាជិកាទៅបង្ហាញមុខឱ្យអង្គបោះឆ្នោតបានស្គាល់។
 
«ក្រុមនីមួយៗត្រូវបែងចែកគ្នាចុះធ្វើសកម្មភាពពីឥឡូវជាមួយអង្គបោះឆ្នោត ដោយក្នុងនោះត្រូវសហការឱ្យបានល្អជាមួយសមាជិកគណបក្សដែលជាសមាជិក សមាជិកាព្រឹទ្ធសភាបច្ចុប្បន្នរបស់យើង»។ នេះបើតាមសេចក្តីសម្រេចរបស់សម្ដេច ហ៊ុន សែន។ 
 
សម្ដេច ហ៊ុន សែន ក៏បានប្រាប់ឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត ,គណៈកម្មាធិការគណបក្សរាជធានី-ខេត្ត និងក្រុមបេក្ខជនក្នុងភូមិភាគនីមួយៗ ត្រូវរួមគ្នាត្រៀមសម្រាប់ការឃោសនាបោះឆ្នោត និងត្រូវចាត់ចែងចេញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឱ្យបានល្អបំផុត តាមការកំណត់នៃច្បាប់ និងផែនការដែលបានគ្រោងទុក។ «ក្រុមបេក្ខជនទាំងអស់ខាងលើនេះ ត្រូវបញ្ចប់ភារកិច្ចជាស្ថាពរនៅពេលដែលគ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការរួច»។ នេះបើតាមប្រធានគណបក្សប្រជាជនកម្ពុជា។
 
សម្រាប់ភូមិភាគទី១ រាជធានីភ្នំពេញ មានលោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន និងលោក ម៉ាន់ ឈឿន អនុប្រធាន ដែលមានសមាជិក១០នាក់។ លោក អ៊ុច បូររិទ្ធ អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងបច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ជាប្រធាន និងលោក ឡាន់ ឆាន ជាអនុប្រធាន រួមទាំងសមាជិក១៤នាក់ទៀត ប្រចាំភូមិភាគ២ ខេត្តកំពង់ចាម និងត្បូងឃ្មុំ។
 
ដោយឡែកភូមិភាគ៣ ខេត្តកណ្ដាល មានលោក ម៉ម ប៊ុននាង ជាប្រធាន និងលោក ប្រាក់ ចំរើន ជាអនុប្រធាន និងសមាជិក៧នាក់។ ភូមិភាគ៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មានលោក ប៉ុល លឹម ជាប្រធាន និងលោក ងី ចន្ទ្រផល អនុប្រធាន រួមទាំងសមាជិក១៨នាក់ ។  
 
លោក ខៀវ មុត ប្រធាន និងលោក ឈួន ឆាម អនុប្រធាន ជាមួយសមាជិក ១២នាក់ នៃក្រុមភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ នៅភូមិភាគទី៦ ខែត្តព្រៃវែង និងខេត្តស្វាយរៀង មានលោកស្រី មាន សំអាន ជាប្រធាន និងលោក អ៊ុំ សារឹទ្ធ អនុប្រធាន និងសមាជិក១២នាក់។ 
 
ដោយឡែកលោក ម៉ុង ឫទ្ធី ជាប្រធាន និងលោក ឈិត សុខុន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាអនុប្រធាន និងសមាជិក១៦នាក់ នៅភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ ។ លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធាន និងលោក យស ផានីត្តា និងសមាជិក១០នាក់ នៅភូមិភាគ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។
 

Tag:
 ហ៊ុន សែន
  នយោបាយ
  ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com