ជាតិ
គ្រោះមហន្តរាយ​ធម្មជាតិ សម្លាប់មនុស្សជាង១០០នាក់ ក្នុងឆ្នាំ២០២៣
03, Jan 2024 , 7:39 pm        
រូបភាព
រូបភាពគ្រោះទឹកជំនន់ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០២០។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពគ្រោះទឹកជំនន់ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០២០។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៣ គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្សប្រមាណ១០៣នាក់ និងបង្ករបួសស្នាម២៤៣នាក់ នៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅថ្ងៃទី៣ ខែមករា ២០២៤។



របាយការណ៍ដដែល បញ្ជាក់ថា​ ឆ្នាំ២០២៣ គ្រោះមហន្តរាយធម្មជាតិ បានបានសម្លាប់មនុស្ស១០៣នាក់ និងរបួស២៤៣នាក់។ ក្នុងនោះ ករណីរន្ទះបាញ់ បានកើតឡើង១៤៣លើក ច្រើនជាងឆ្នាំ២០២២ ដែលមាន១១០លើក។ 
 
បាតុភូតនេះ បានសម្លាប់មនុស្ស៨៤នាក់ និងបង្ករបួសស្នាម៥៩នាក់ ដែលចំនួននេះ ប្រហាក់ប្រហែលឆ្នាំ២០២២ដែរ។ ក្រៅពីនេះ រន្ទះបាញ់ ក៏បានសម្លាប់សត្វពាហនៈ ប្រមាណ១០៧ក្បាលផងដែរ។ 
 
ចំណែក ខ្យល់កន្រ្តាក់ គឺជាមុខសញ្ញាដ៏គ្រោះថ្នាក់មួយ ដែលភាគច្រើនបង្កផលប៉ះពាល់ ទៅលើហេដ្ឋារចនាសម្ព័ន្ធ អាគារ សាលារៀន ផ្ទសំបែងរបស់ពលរដ្ឋ ជាដើម។ នៅឆ្នាំ២០២៣ ខ្យល់កន្រ្តាក់ កើតឡើង៣០៤លើក កើនឡើង៩៤លើក ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ 
 
បាតុភូតនេះ បានធ្វើឱ្យផ្ទះពលរដ្ឋរលំខូចខាតប្រមាណ២០៣៤ខ្នង, ខូចកម្រិតមធ្យម១៥៤៤៩ខ្នង, លិចលង់សាលារៀន៩៥ខ្នង, អាគាររដ្ឋបាល៤៥ខ្នង, សម្លាប់មនុស្ស៩នាក់ និងរបួស១៧៥នាក់។ ចំនួននេះ មានកើនឡើងច្រើនជាងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដដែល។
 
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ខេត្តដែលរងគ្រោះដោយបាតុភូត រន្ទះ និងខ្យល់កន្រ្តាក់ច្រើនជាងគេ រួមមានខេត្ត បាត់ដំបង ក្រចេះ សៀមរាប និងបន្ទាយមានជ័យ។ 
 
ចំពោះ ទឹកជំនន់វិញ បានបង្កផលប៉ះពាល់ដល់២៤រាជធានីខេត្ត លើកលែងតែព្រៃវែងមួយប៉ុណ្ណោះ។ បាតុភូតនេះ បានធ្វើឱ្យបង្កផលប៉ះពាល់ដល់ពលដ្ឋប្រមាណ៨១.៨៧៤គ្រួសារ ស្មើនឹង៣២៧.៤៩៦នាក់ និងជម្លៀសចេញ៤០៨១គ្រួសារ ស្មើ១៦ ៣២៨នាក់, ស្លាប់១០នាក់ (ស្រី៤នាក់ និងក្មេង៤នាក់) និងរបួស៩នាក់។ 
 
គ្រោះមហន្តរាយនេះ ក៏បានធ្វើឱ្យផ្ទះលិចលង់ផ្ទះពលរដ្ឋប្រមាណ៥២.៣៨២ខ្នង, ខូចខាត១០៦៦ខ្នង។​ លិចលង់សាលារៀន២៤២កន្លែង, វត្តអារាម៥៨កន្លែង, មណ្ឌលសុខភាព១១កន្លែង និងប៉ះពាល់ដល់សហគ្រាសចំនួន១៧ ក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ 
 
ទឹកជំនន់ឆ្នាំ២០២៣នេះ មានសមភាពតូច និងបង្កផលប៉ះពាល់តិចជាងឆ្នាំ២០២២ ហើយខេត្តដែលរងគ្រោះខ្លាំងជាងគេ រួមមាន ខេត្តបាត់ដំបង កំពង់ធំ ពោធិ៍សាត់ និងបន្ទាយមានជ័យ។
 
លោក សុទ្ធ គឹមកុលមន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា គ្រោះមហន្តរាយដោយធម្មជាតិ គឺជាបញ្ហាគំរាមកំហែងដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា និងពិភពលោក។ ពីរមួយឆ្នាំទៅមួយឆ្នាំ បញ្ហានេះមានការកើនឡើងជាលំដាប់ ហើយផលប៉ះពាល់ក៏កើតមានច្រើន និងធ្ងន់ធ្ងរផងដែរ។ 
 
គ្រោះមហន្តរាយ ដែលកម្ពុជាជួបប្រទះភាគច្រើន ទឹកជំនន់ រាំងស្ងួត រន្ទះបាញ់ និងខ្យល់កន្រ្តាក់ ជាដើម។ បញ្ហាទាំងនេះ បានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ផលិតកម្មកសិកម្ម ដំណើរការអភិវឌ្ឍប្រទេស និងបានសម្លាប់មនុស្សជាច្រើននាក់ក្នុងមួយឆ្នាំៗ។
 
លោក ប្រាប់ដូច្នេះថា៖«ពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាគ្រោះមហន្តរាយដោយធម្មជាតិ មានការកើនឡើងជាលំដាប់ ដែលវាបង្កការគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ផលិតកម្មកសិកម្ម និងក៏ជាឧបសគ្គដល់ការអភិវឌ្ឍជាតិផងដែរ។ ជាក់ស្ដែង សម្រាប់ឆ្នាំ២០២៣នេះ គឺជាមុខសញ្ញាតធម្ម​ជាតិ ដែលកើតមាននៅកម្ពុជា ភាគច្រើន ទឹកជំនន់ រាំងស្ងួត រន្ទះបាញ់ និងខ្យល់កន្រ្តាក់ ជាដើម»៕

Tag:
 គ្រោះមហន្តរាយ​ធម្មជាតិ
  សុទ្ធ គឹមកុលមន្នី
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com