អន្តរជាតិ
វៀតណាមចាប់ខ្លួនចៅហ្វាយខេត្តមួយរូបទៀតពីបទទទួលសំណូក
03, Jan 2024 , 5:29 pm        
រូបភាព
ប្រធានគណៈកម្មាធិការប្រជាជន នៅខេត្តភាគកណ្តាល Lam Dong លោក Tran Van Hiep។ រូបភាពកាសែតLam Dong
ប្រធានគណៈកម្មាធិការប្រជាជន នៅខេត្តភាគកណ្តាល Lam Dong លោក Tran Van Hiep។ រូបភាពកាសែតLam Dong
វៀតណាម បានចាប់ខ្លួនប្រធានគណៈកម្មាធិការប្រជាជន នៅខេត្តភាគកណ្តាល Lam Dong លោក Tran Van Hiep ដែលជាចៅហ្វាយខេត្តពីបទទទួលសំណូក ពាក់ព័ន្ធនឹងទីតាំងអេកូទេសចរណ៍មួយកន្លែង។ នេះជាការបោសសម្អាតមន្រ្តីជាន់ខ្ពស់ចុងក្រោយរបស់វៀតណាម ពាក់ព័ន្ធនឹងអំពើពុករលួយ។

 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈ លោក To An Xo នៅថ្ងៃទី២ ខែមករា លោក Tran Van Hiep ដែលជាចៅហ្វាយខេត្ត Lam Dong ដែលស្ថិតនៅភាគកណ្តាលវៀតណាម ត្រូវបានចាប់ខ្លួនដោយកម្លាំងប្រឆាំងអំពើពុករលួយពីបទទទួលសំណូក។ 
 
ប៉ូលិស និងមន្រ្តីតំណាងពីមហាអយ្យការវៀតណាមនៅម៉ោង ៣រសៀល ក្នុងថ្ងៃទី២ ខែមករា បានចុះទៅឆែកឆេរផ្ទះរបស់លោក Tran Van Hiep នៅក្នុង Dalat និងចាប់ខ្លួនលោក។ ករណីចាប់ខ្លួនចៅហ្វាយខេត្តវ័យ ៥៨ឆ្នាំនេះ ជាផ្នែកមួយនៃការបោសសម្អាតមន្រ្តីជាន់ខ្ពស់វៀតណាម ពាក់ព័ន្ធនឹងអំពើពុករលួយ។ 
 
លោក Hiep បានកាន់តំណែងដ៏សំខាន់មួយនេះ ចាប់តាំងពីឆ្នាំ២០២០ មក។ ចំណែកការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើខុសច្បាប់ កំពុងតែដំណើរការនីតិវិធី។ 
 
នៅក្នុងឆ្នាំ២០២០ កន្លងមក ការិយាល័យត្រួតពិនិត្យរបស់រដ្ឋាភិបាលវៀតណាម បានបញ្ជាមន្រ្តីឱ្យបញ្ចប់ប្រតិបត្តិការ និងរឹបអូសដីពីគម្រោងចំនួន ៣ ដែលបានបំពានច្បាប់ភូមិបាល និងច្បាប់វិនិយោគ ដោយក្នុងនោះរួមមានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរ Saigon-Dai Ninh ផងដែរ។ 
 
កន្លែងកម្សាន្ត និងតំបន់ពាណិជ្ជកម្ម Dai Ninh មានទំហំ ៣៥៩៥ហិចតា ដោយក្នុងនោះមានទាំងដីព្រៃសម្រាប់ជួល ១០៥០ ហិចតា។ កន្លែងកម្សាន្ត និងតំបន់ពាណិជ្ជកម្មមួយនេះ មានទំហំវិនិយោគសរុប ១,០៤ពាន់លានដុល្លារ និងបានចាប់ផ្តើមពីចន្លោះឆ្នាំ២០១០ ដល់២០១៨។ មកទល់ពេលនេះ មានតែសំណង់ប៉ុន្មានខ្នងប៉ុណ្ណោះ ត្រូវបានបំផ្លាញចោល ខណៈដីព្រៃត្រូវបានបំពាន។ 
 
កន្លងមក វៀតណាម ក៏បានចាប់ខ្លួនប្រធានមន្ទីរអធិការកិច្ច នៅក្នុងខេត្តមួយនេះ ពាក់ព័ន្ធនឹងបទចោទទទួលសំណូកដដែលផងដែរ៕ 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com