កីឡាអន្តរជាតិ
អន្តរជាតិ
Man City អាចទទួលផល ស្របពេលគូប្រកួតប្រជែងរបូតកីឡាករសំខាន់ទៅប្រកួត AFCON និង Asian Cup
04, Jan 2024 , 7:59 am        
រូបភាព
ក្រុមការពារជើងឯក Manchester City អាចនឹងទទួលបានអត្ថប្រយោជន៍នៅក្នុងការប្រកួតក្របខណ្ឌ Premier League សម្រាប់ការប្រជែងពានរង្វាន់នៅក្នុងចន្លោះខែមករា ដល់ខែកុម្ភៈ ដោយសារក្រុមគូប្រជែងនឹងបាត់បង់កីឡាករសំខាន់ៗ ក្នុងភារកិច្ចជួយក្រុមជម្រើសជាតិរៀងៗខ្លួនក្នុងយុទ្ធនាការ African Cup of Nations និង Asian Cup។



Premier League កំពុងតែមានការប្រកួតដ៏មរមាញឹក និងភ្ញាក់ផ្អើលនៃការប្រកួតប្រជែងសម្រាប់ក្រុមស្ថិតក្នុងកំពូលតារាងរហូតដល់ក្រុមចំណាត់ថ្នាក់ទី ៥ មានត្រឹមតែគម្លាត ៦ពិន្ទុពីគ្នាប៉ុណ្ណោះ។ ស្របពេលគ្នានេះ អ្នកចាត់ការក្រុមនីមួយៗនឹងមានភាពរវល់ខ្លាំងចំពោះផែនការប្រកួតសម្រាប់ពាក់កណ្តាលរដូវកាល ដ្បិតនឹងត្រៀមបាត់បង់កីឡាករដែលកំពុងមានទម្រង់លេងខ្លាំងនៅក្នុងពេលទីផ្សារដោះដូរត្រៀមបើកផងដែរ។
 
ជាក់ស្តែង ​Liverpool ក្រុមកំពូលតារាងនាបច្ចុប្បន្ន នឹងត្រូវបាត់បង់​កីឡាករ Mohamed Salah ដែលត្រូវទៅប្រកួតឱ្យក្រុមជម្រើសជាតិអេហ្ស៊ីបនៅក្នុងពានរង្វាន់ AFCON ចំណែកឯក្លិប Tottenham Hotspur ក៏នឹងត្រូវបាត់បង់ប្រធានក្រុម Son Heung-min ដែលត្រូវទៅប្រកួតពានរង្វាន់ Asian Cup ជាមួយនឹងជម្រើសជាតិកូរ៉េខាងត្បូងនៅប្រទេសកាតា។ ដោយឡែក Man City គ្មានការប៉ះពាល់ពីការប្រកួតពានរង្វាន់ទាំងពីរនេះឡើយ ខណៈកីឡាករភាគច្រើនរបស់ក្រុមគឺស្ថិតក្នុងតំបន់អឺរ៉ុប។
  


ការប្រកួតពានរង្វាន់ AFCON នឹងត្រូវចាប់ផ្តើមការប្រកួតពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ធ្វើឡើងនៅប្រទេសកូតឌីវ័រ ហើយដែលការប្រកួតពានរង្វាន់ Asian Cup នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមករា រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ដែលធ្វើឡើងនៅក្នុងប្រទេសកាតា។
 
Liverpool ជាក្រុមកំពុងនាំមុខកំពូលតារាង មានតម្លាត​ ៣ពិន្ទុនាំមុខ លើក្រុមចំណាត់ថ្នាក់លេខ ២ របស់ក្រុម Aston Villa មាន ៤២ពិន្ទុ ឈរពីលើក្រុម Manchester City ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ៤០ពិន្ទុ ស្មើជាមួយនឹងក្រុម Arsenal ដែលកំពុងនៅចំណាត់ថ្នាក់លេខ ៤ ចំណែក Spurs នៅលេខ ៥ មាន ៣៩ពិន្ទុ ដែលជាការប្រដេញគ្នាដ៏ស្វិតស្វាញខ្លាំងបំផុត។
  


Liverpool ក៏រងគ្រោះពីការបាត់បង់កីឡាករ ដោយក្លិបនឹងបាត់បងកីឡាករសំខាន់ៗដូចជា Salah ក្រៅពីនោះថែមទាំងមានកីឡាករខ្សែបម្រើសញ្ជាតិជប៉ុន Wataru Endo ក៏ត្រូវបានកោះហៅដោយក្រុមជម្រើសជាតិជប៉ុន។ សម្រាប់ Aston Villa កីឡាករដែលត្រូវបំពេញកត្តាកិច្ចដល់ប្រទេសជាតិមានកីឡាករ Bertrand Traore ទៅកាន់ក្រុមបួគីណាហ្វាសូ, ក្រុម Arsenal ត្រៀមបាត់បង់កីឡាករ Mohamed Elneny ទៅកាន់ក្រុមអេហ្ស៊ីប, Thomas Partey ទៅកាន់ហ្គាណា និង ​Takehiro Tomiyasu ទៅកាន់ក្រុមជប៉ុន ដោយមិនអាចរំពឹងពីពេលវេលាបានអំឡុងពេលពួកគេទៅបំពេញភារកិច្ចសម្រាប់ជម្រើសជាតិ។
 
ប៉ុន្មានខែចុងក្រោយ Spurs ក៏មានបញ្ហាកីឡាកររបួសច្រើនផងដែរ ហើយបច្ចុប្បន្នក្រុមដែលដឹកនាំដោយលោក Ange Postecoglou ក៏បានចាប់យក Son សញ្ជាតិកូរ៉េជាប្រធានក្រុម ហើយដែលរូបគេបានស៊ុតបាល់ចំនួន ១២គ្រាប់នៅក្នុងក្របខណ្ឌនាពេលបច្ចុប្បន្ន។ Spurs ត្រៀមបាត់បង់កីឡាករបន្ថែមទៀតដូចជា Yves Bissouma ទៅកាន់ក្រុមម៉ាលី ខណៈដែលកីឡាករ Pape Sarr ក៏នឹងត្រូវទៅកាន់ក្រុមសេណេហ្កាល់។
  


មិនខុសពីក្រុមស្ថិតនៅចំណោមក្រុមកំពូលទាំង ៥ ក្រុមផ្សេងទៀតដូចជា West Ham United ក៏នឹងត្រូវបាត់កីឡាករសំខាន់ Mohamed Kudus ទៅកាន់ក្រុមហ្គាណា។
 
ចំណែកក្រុម Manchester United ដែលកំពុងមានបញ្ហាលើកីឡាកររបួស ក្រោមការដឹកនាំរបស់លោក Erik ten Hag អាចនឹងត្រូវបានបាត់បង់កីឡាករបន្ថែមទៀតដូចជាកីឡាករ Andre Onana ទៅកាន់ក្រុមកាម៉េរូន, ​ខ្សែបម្រើ Sofyan Amrabat ទៅកាន់ក្រុមម៉ារ៉ុក និង Amad Diallo ទៅកាន់ក្រុមកូតឌីវ័រ ដែលអាចនឹងធ្វើឱ្យក្រុមជួបបញ្ហាកាន់តែខ្លាំងបន្ថែមទៀត។
  


ក្រុមដទៃដូចជា Nottingham Forest នឹងបាត់បង់កីឡាករសញ្ជាតិកូតឌីវ័រចំនួន ៣រូបតែម្តង ដោយមាន Serge Aurier, Willy Boly និង Ibrahim Sangare ហើយក្រុម Brentford ត្រៀមបាត់បង់វត្តមានកីឡាករដូចគ្នា ដែលមានកីឡាករ Saman Ghoddos ទៅកាន់ក្រុមអ៊ីរ៉ង់, Frank Onyeka ទៅកាន់ក្រុមនីហ្សេរីយ៉ា និងកីឡាករ Yoane Wissa ទៅកាន់ក្រុមកុងហ្គោ។
 
Premier League មានពេលខ្លីនៅចុងសប្តាហ៍នេះជាមួយនឹងការប្រកួត FA Cup ជុំទី៣ មានអាទិភាព ហើយក្លិបទាំងអស់មានការប្រកួតចំនួន ២លើក នៅចុងសប្តាហ៍បន្ទាប់ ក្រោយសម្រាក់រដូវរងារដ៏ខ្លីមួយ។ ទោះយ៉ាងណាមានកីឡាករមួយចំនួនក៏អាចនឹងវិលត្រឡប់មកវិញលឿន ប្រសិបបើក្រុមជម្រើសជាតិទាំងនោះបានបញ្ចប់ភារកិច្ចការប្រកួតទាំងនៅ AFCON និង Asian Cup ត្រឹមវគ្គចែកពូល៕

Tag:
 Manchester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com