កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ទំនងឱ្យ Sancho ទៅ Dortmund ខ្ចីជើង ខណៈកីឡាករផ្សេងទៀតត្រៀមបញ្ចេញ
03, Jan 2024 , 5:59 pm        
រូបភាព
ក្រុម Manchester United និង Borussia Dortmund កំពុងស្ថិតក្នុងការចរចាគ្នាលើការការផ្ទេរយកកីឡាករ Jadon Sancho ក្រោមលក្ខខណ្ឌខ្ចីជើង។ នេះបើតាមការចុះផ្សាយរបស់កាសែត ESPN ខណៈមានដំណឹងបន្ថែមទៀតថាកីឡាករមួយចំនួនត្រូវបានក្លិបត្រៀមបញ្ចេញក្នុងទីផ្សារដោះដូរលើកទី២ នៅពាក់កណ្តាលរដូវកាល ខែមករានេះ។



ក្រុម Dortmund ចង់ចុះហត្ថលេខានាំយក Sancho រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៣-២៤ ប៉ុន្តែក្លិបស្ថិតនៅអាល្លឺម៉ង់ចង់ឱ្យក្រុម Man United បន្តផ្តល់ប្រាក់ឈ្នួលភាគច្រើនដល់កីឡាករសញ្ជាតិអង់គ្លេស។ កីឡាករវ័យ ២៣ឆ្នាំ មិនបានលេងឱ្យក្រុមបិសាចក្រហមចាប់តាំងពីខែសីហា បន្ទាប់ពីរូបគេមានបញ្ហាជម្លោះជាមួយនឹងអ្នកចាត់ការលោក Erik ten Hag។
 
កីឡាករអន្តរជាតិអង់គ្លេស វ័យ ២៣ឆ្នាំ ត្រូវបានដកឈ្មោះចេញពីក្រុមធំ រយៈពេលជិត ៤ខែ ហើយក៏ត្រូវបានបង្ខំចិត្តឱ្យហ្វឹកហាត់ដោយខ្លួនគេផ្ទាល់ ក្រោមការគ្រប់គ្រងរបស់បុគ្គលិករបស់ក្លិប។ ចាប់តាំងពីពេលនោះមក Sancho ក៏ត្រូវបានចាប់អារម្មណ៍ពីសំណាក់ក្លិបមកពីអ៊ីតាលី Juventus និង RB Leipzig ប៉ុន្តែបើតាមប្រភពទាក់ទង់នឹងការដោះដូរ កីឡាករផ្ទាល់មានបំណងចង់វិលត្រឡប់ទៅកាន់ក្លិបចាស់គឺ Dortmund។ 



កាលពីឆ្នាំ ២០២១ Sancho បានផ្លាស់មកកាន់ក្លិបបិសាចក្រហម ក្រោយការផ្ទេរក្នុងតម្លៃ ៧៣លានផោន (៩២,២៥លានដុល្លារ) ពីក្លិប Borussia Dortmund។ គ្រូបង្វឹកក្រុមបិសាចក្រហមហាក់មិនសូវមានទំនុកចិត្តទៅលើកីឡាករ Sancho ព្រមទាំងអនាគតរបស់គេនៅក្នុងទឹកដី Old Trafford ប៉ុន្តែយ៉ាងណាក្លិបចង់កាត់បន្ថយការចំណាយមួយចំនួនទៅលើរូបគេ។ បច្ចុប្បន្នតម្លៃពលកម្មរបស់ Sancho ទទួលបានប្រមាណជាង ៣០ម៉ឺនផោន(៣៧ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍ ដែលជាតម្លៃដ៏ថ្លៃមួយសម្រាប់ក្លិបនៅអឺរ៉ុបមួយចំនួន រួមទាំង Dortmund។
 
ដោយឡែកកីឡាករដទៃផ្សេងទៀតក៏ត្រូវបានគេដឹងថាត្រូវបានក្លិបកំពុងសម្លឹងមើលការផ្ទេរ ឬលក់ចេញក្នុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាលនេះ។ ខ្សែការពារ Sergio Reguilon ដែលខ្ចីជើងមកពីក្រុម Tottenham Hotspur ត្រូវបានផ្តាច់កុងត្រាមុនពេលកំណត់ ដោយក្លិបបិសាចក្រហមបានបង្កើតលក្ខខណ្ឌបំបែកក្នុងកិច្ចព្រមព្រៀង ហើយកីឡាករសញ្ជាតិអេស្ប៉ាញត្រូវវិលត្រឡប់ទៅ Spurs វិញ។
 
Reguilon ត្រូវបានយកមកក្នុងអំឡុងពេលដែលក្រុមបិសាចក្រហម ត្រូវការកីឡាករបន្ទាន់មកជំនួសតំបន់របស់ Luke Shaw និង Tyrell Malacia ដែលរងរបួស។
 
Donny Van de Beek ជាកីឡាករដែលត្រូវបានក្លិបបញ្ចេញដំបូងគេនៅក្នុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាល ដោយគេត្រូវបានឱ្យក្លិប Eintracht Frankfurt ខ្ចីជើងរហូតដល់ចប់រដូវកាល។ កីឡាករខ្សែបម្រើវ័យក្មេង Hannibal ដែលបានបង្ហាញខ្លួនបាន ៩លើក ក៏បើកសម្រាប់ការខ្ចីជើង។
 
ក្រុមបិសាចក្រហមកំពុងតែចាប់ផ្តើមស្តាស្ថានកាលអាក្រក់របស់ខ្លួនឡើងវិញ នៅចំពាក់កណ្តាលរដូវកាល បន្ទាប់ពីមានគាំទ្រផ្នែកហិរញ្ញវត្ថុពីសំណាក់លោក Jim Ratcliffe មហាសេដ្ឋីអង់គ្លេសដែលបានទិញភាគហ៊ុនរបស់ក្លិបចំនួន ២៥ភាគរយ និងបានកាន់កាប់ផ្នែកប្រតិបត្តិបាល់ទាត់របស់ក្លិប៕
 
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com