RFI
អន្តរជាតិ
អ.ស.ប. អំពាវនាវឲ្យអាជ្ញាធរអាមេរិកពិចារណាឡើងវិញ មុននឹងប្រហារជីវិតអ្នកទោសដោយប្រើឧស្ម័នអាហ្សូត សកម្មជនធ្វើបាតុកម្មប្រឆាំងនឹងទោសប្រហារជីវិត នៅខាងមុខ តុលាការកំពូលសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៩ មិថុនា២០២៣ AFP - OLIVIER DOULIERY
×
ដោយ៖ម៉ម ពិសី/RFI
នៅថ្ងៃ២៥មករាខាងមុខនេះ តុលាការនៅរដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក មានគម្រោងប្រហារជីវិតអ្នកទោសម្នាក់ ដោយប្រើប្រាស់ឧស្ម័នអាហ្សូត ជាលើកដំបូងបង្អស់។ តែយ៉ាងណា ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យអាជ្ញាធរអាមេរិកពិចារណាឡើងវិញឲ្យច្បាស់ ចំពោះការប្រើប្រាស់វិធីនេះ ព្រោះវាអាចធ្វើឲ្យអ្នកទោស លំបាកក្នុងខ្លួនខ្លាំងមុននឹងដាច់ខ្យល់ស្លាប់។ ពោលគឺវាអាចត្រូវគេចាត់ទុកបានថា ជាការធ្វើទារុណកម្ម យ៉ាងអមនុស្សធម៌។
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ បានចេញលិខិតប្រកាសមួយ នៅថ្ងៃទី៣មករា ដោយបានបរិហារ វិធីប្រហារជីវិតប្រើប្រាស់ឧស្ម័នអាហ្សូត ដែលអាជ្ញាធររដ្ឋអាឡាបាម៉ាគ្រោងនឹងប្រើប្រាស់ ដើម្បីប្រហារជីវិតអ្នកទោស។ លិខិតនេះអះអាងថា វាជាលើកទីមួយហើយ ដែលមានគម្រោងប្រហារជីវិតមនុស្សដោយរបៀបនេះ។ សម្រាប់អង្គការសហប្រជាជាតិ វិធីប្រហារជីវិតរបៀបនេះ គឺវាអាចធ្វើឲ្យអ្នកទោស មានការឈឺចាប់ពិបាកក្នុងខ្លួនពន់ពេកណាស់ មុននឹងស្លាប់។ ពោលគឺវា ជាទារុណកម្ម ព្រៃផ្សៃ អនុមនុស្សធម៌ និងធ្វើឲ្យបាត់បង់តម្លៃជាមនុស្សរបស់អ្នកទោស។
សូមបញ្ជាក់ថា ជនឈ្មោះ Kenneth Smith បច្ចុប្បន្នមានអាយុ៤៨ឆ្នាំ ជាប់ពិរុទ្ធពីបទមនុស្សឃាត ក្នុងនាមជាឃាតករស៊ីឈ្នួល ប្រព្រឹត្តិនៅឆ្នាំ១៩៨៨។ ត្រូវតុលាការរដ្ឋអាឡាបាម៉ា កាត់ទោសប្រហារជីវិត ជននេះធ្លាប់ត្រូវបានគេប្រហារជីវិតម្តងរួចហើយ ដោយការចាក់ថ្នាំចូលក្នុងសរសៃឈាមឲ្យស្លាប់ កាលពីខែវិច្ឆិកាឆ្នាំ២០២២ ក៏ប៉ុន្តែមិនស្លាប់។ អាជ្ញាធររដ្ឋអាឡាបាម៉ា បានរៀបចំការប្រហារជីវិតជាលើកទី២ ដែលនឹងគ្រោងធ្វើនៅថ្ងៃទី២៥មករា។ តែលើកនេះ គេនឹងប្រើប្រាស់វិធីថ្មី ដើម្បីប្រហារជីវិត គឺដោយឲ្យអ្នកទោស ស្រូបបឺតយកឧស្ម័នអាហ្សូតចូលក្នុងខ្លួន។ ធ្វើបែបនេះ អ្នកទោសនឹងលែងមានអុកស៊ីសែនក្នុងខ្លួន ហើយឈានទៅដាច់ដង្ហើមស្លាប់។
គួរបញ្ជាក់ដែរថា នៅសហរដ្ឋអាមេរិក រដ្ឋខ្លះដែលនៅមានទោសប្រហារជីវិត គឺជាទូទៅ គេប្រើវិធីចាក់ថ្នាំប្រភេទ Barbiturique ចូលក្នុងសរសៃឈាមអ្នកទោស។ តែពន្ធនាគារនៅរដ្ឋខ្លះ បានលើកឡើងថាមានការលំបាកក្នុងការទិញសារធាតុថ្នាំប្រភេទនេះ ដែលភាគច្រើនផលិតនៅអឺរ៉ុប។ សហភាពអឺរ៉ុបបានចេញច្បាប់ ហាមឃាត់មិនឲ្យមន្ទីរពិសោធន៍ លក់សារធាតុថ្នាំ Barbiturique ទៅឲ្យមន្ទីរឃុំឃាំងដែលអាចយកវាទៅប្រើដើម្បីប្រហារជីវិតអ្នកទោស។ ហេតុដូច្នេះហើយ ទើបមានការពិចារណា សាកល្បងប្រើវិធីផ្សេងដើម្បីប្រហារជីវិតអ្នកទោស។
យ៉ាងណាក៏ដោយ មេធាវីកាពារក្តីឲ្យអ្នកទោសឈ្មោះ Kenneth Smith បានបរិហារថា ការប្រហារជីវិតមនុស្សដោយប្រើឧស្ម័នអាហ្សូតទៅលើកូនក្តីខ្លួន វាគឺជាការសាកល្បងលើកទី១សុទ្ធសាធ ដោយអាជ្ញាធរពុំធ្លាប់បានសាកល្បងវាពីមុនមកទេ។ ទង្វើបែបនេះ គឺវាជាការបំពាននឹងរដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក ដែលបានចែងហាមឃាត់ រាល់ការដាក់ទោសណា ដែលមានលក្ខណៈឃោរឃៅ អមនុស្សធម៌។ ជាងនេះទៀត មេធាវីការពារក្តីរបស់អ្នកទោស បានលើកឡើងថា ការប៉ុនប៉ងប្រហារជីវិតជាលើកទី២ ទៅលើកូនក្តីខ្លួន គឺវាជារឿងមួយ អាចត្រូវបានទុកថា វាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរួចទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com