ជាតិ
សង្គមជាតិ
ក្រសួងអធិការកិច្ច ACU និងអាជ្ញាធរសវកម្មជាតិ ដាក់ទិសដៅរួមគ្នា លើការប្រឆាំងអំពើពុករលួយ និងរំលោភអំណាច
04, Jan 2024 , 8:59 pm        
រូបភាព
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ។ រូបភាព ៖ CCJ
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ។ រូបភាព ៖ CCJ
ក្រសួងអធិការកិច្ច អាជ្ញាធរសវកម្មជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានបេសកម្មរួមគ្នាបង្ការ ទប់ស្កាត់ និងលើកវិធានការណ៍នានា ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្មនានានៅកម្ពុជា។

 
ក្រសួងអធិការកិច្ច មានបេសកម្មធ្វើអធិការកិច្ចលើគ្រប់វិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្ការ ទប់ស្កាត់ និងមានវិធានការណ៍ផ្សេងៗដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច បាតុភាពអសកម្មការងារ។ នេះជាការថ្លែងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅក្នុងវេទិកា«អធិការកិច្ចក្នុងបរិបទកំណែទម្រង់» នាទីស្តីការក្រសួង នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ 
 
លោក ហួត ហាក់ បានបញ្ជាក់នៅចំពោះមុខអ្នកសារព័ត៌មានថា ក្រសួងមិនដើរតួនាទីជំនួសតុលាការ ឬអង្គភាពប្រឆាំងអំពើពុករលួយទេ។ ប៉ុន្តែបេសកម្មរបស់ក្រសួង គឺជាយន្តការមួយ ជួយជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ 
 
ទន្ទឹមនេះ ក្រសួងក៏មានតួនាទីជាអ្នកតាមដានការអនុវត្តច្បាប់ លើការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទាំងអស់ ដែលកំពុងនៅជាធរមាន។ ក្នុងនោះក៏រួមបញ្ជូលទាំងការត្រួតពិនិត្យ ការអនុវត្តនូវអនុសាសន៍របស់នាយករដ្ឋមន្រ្តីផងដែរ។
 
លើសពីនេះ ក្រសួងក៏ទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវផងដែរ។ ត្រង់ចំណុចនេះ លោក ហួត ហាក់ បានអះអាងថា ក្រសួងមានបេសកម្មទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ព្រមទាំងបើកការស្រាវជ្រាវ ស៊ើបអង្កេតទៅដល់គ្រប់បុគ្គលទាំងអស់រួមមាន ប្រជាជន ក្រុមហ៊ុន​ អង្គការ និងសមាគមជាដើម។ ចំណែកបណ្តឹងពាក់ព័ន្ធផ្លូវច្បាប់ ឬពាក់ព័ន្ធបទបរិហាកេរ្តិ៍ ព្រហ្មទណ្ឌ មិនមែនជាសមត្ថកិច្ចរបស់ក្រសួងអធិការកិច្ចទេ។
 
បើតាមការបញ្ជាក់របស់លោក ហួត ហាក់ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្រសួងបានទទួលពាក្យចំនួន ៤៧ករណី ដោយបានបិទបញ្ចប់ ៤០សំណុំរឿងដោយជោគជ័យ។ ចំណែក ៧ករណីទៀត កំពុងបន្តនិធិវីធីក្នុងការដោះស្រាយ។ 
 
ជុំវិញសំណួរថាតើ សមត្ថកិច្ចរបស់ក្រសួងអធិការកិច្ច អាចជាការជ្រៀតជ្រែកតួនាទីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែរឬទេ? ត្រង់ចំណុចនេះ​ លោក ហួត ហាក់ អះអាងថា ៖« ទាំងអាជ្ញាធរសវនកម្មជាតិ, ACU និងក្រសួង បានអនុវត្តបេសកម្មលើកិច្ចការរួមគ្នាបង្ការ ទប់ស្កាត់ និងលើកវិធានការណ៍ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្មនានាដែលកើតមាននៅកម្ពុជា» ។ 
 
រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា អង្គភាព ACU អនុវត្តលើកិច្ចការណាមួយ ដែលប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង តាមដាន​ ស៊ើបអង្កេត ស្រាវជ្រាវលើបទល្មើសពុករលួយ។ ទន្ទឹមនេះ ACU ត្រូវធ្វើរបាយការណ៍ដាក់ជូនទៅក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ 
 
ដោយឡែក ក្រសួងអធិការកិច្ច ដែលតាមដានការអនុវត្តច្បាប់ ធ្វើអធិការកិច្ច និងទទួលពាក្យបណ្តឹង អង្កេត ស្រាវជ្រាវនេះ មានកាតព្វកិច្ចត្រូវធ្វើរបាយការណ៍ដាក់ជូននាយករដ្ឋមន្រ្តីពិនិត្យ​ និងសម្រេច។ ក្រោយពីមានចំណាររបស់នាយករដ្ឋមន្រ្តីលើរបាយការណ៍របស់ក្រសួងហើយ ចំណារនោះនឹងក្លាយជា ស.ជ.ណ របស់រាជរដ្ឋាភិបាល។ 
 
ទាក់ទងអាជ្ញាធរសវកម្មវិញ រដ្ឋមន្រ្តីរូបនេះលើកឡើងថា វាជាស្ថានប័នឯករាជ្យមួយ ដែលមិនចំណុះឲ្យរាជរដ្ឋាភិបាល។ ស្ថាប័ននេះស្ថិតក្រោមដំបូលរដ្ឋសភា ហើយមិនមានសមត្ថកិច្ចចាត់វិធានការណាមួយទេ ជុំវិញបាតុភាពនានា ដោយគ្រាន់តែដាក់របាយការណ៍ជូនរដ្ឋសភាពិនិត្យតែប៉ុណ្ណោះ។   
 
ពាក់ព័ន្ធផែនការជាយុទ្ធសាស្រ្ត ដែលក្រសួងនឹងត្រូវអនុវត្តនៅក្នុងអណត្តិថ្មីនេះ ក្រសួងអធិការបានលើកទិសដៅ៤ ជាស្នូលរួមមាន ៖ ការពង្រឹងសមត្ថភាពស្ថាប័ន ,ការកសាងនិងអភិវឌ្ឍមនុស្សឲ្យក្លាយជាមូលធនមនុស្ស ,ការកសាងតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ ព្រមទាំងការបង្កើតបរិយាកាសសុខដុមរមណីយកម្មនៅក្នុងក្រសួង៕

Tag:
 អធិការកិច្ច
  ហួត ហាក់
© រក្សាសិទ្ធិដោយ thmeythmey.com