ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្នស្តាយក្រោយ ! ទម្លាប់​៥​យ៉ាងនេះ​​ធ្វើឱ្យ​ត្រចៀក​មាន​បញ្ហា
08, Jan 2024 , 6:59 am        
រូបភាព
វា​មិនមែន​គ្រាន់តែ​ស្តាប់​តន្ត្រី​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ត្រចៀក​អ្នកមាន​ហានិភ័យ​នោះ​ទេ​។ ការ​ជក់បារី កង្វះ​លំ​ហាត់ប្រាណ ឬ​សុខភាព​មាត់​មិនល្អ​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ស្តាប់​មិន​លឺ​ផង​ដែរ​។

 
ប្រើ​សំឡី​ត្បាល់
មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ប្រើ​សំឡី​ដើម្បី​ត្បាល់​ត្រចៀក​។ ទោះជា​យ៉ាងណា​ក៏​ដោយ មាន​តែ​ផ្នែក​តូច​មួយ​នៃ​អាច់​ត្រចៀក​ប៉ុណ្ណោះ​ដែល​អាច​ត្រូវ​បាន​យក​ចេញ ហើយ​អាច់​ត្រចៀក​ដែល​នៅ​សល់​នឹង​ត្រូវ​បាន​រុញ​ចូល​ទៅ​ក្នុង​ជ្រៅ​។ ការ​ប្រើ​សំឡី​ម្តង​ហើយ​ម្តងទៀត​អាច​បណ្តាល​ឱ្យ​អាច់​ត្រចៀក​កាន់តែ​ច្រើន​ឡើង ៗ ដែល​រារាំង​ការ​បញ្ជូន​សំឡេង​។ នេះ​អាច​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ថា​អ្នក​ដូច​ជា​ស្តាប់​មិនសូវ​លឺ​។
 
ផឹកស្រា​ច្រើន​ពេក
យោង​តាម​អ្នក​ជំនាញការ​ផឹកស្រា​ក្នុង​កម្រិត​មធ្យម​គឺ​ល្អ​សម្រាប់​បេះដូង និង​រាង​កាយ​។ ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ទទួលទាន​ច្រើន​ពេក ជាតិ​អាល់កុល​បណ្តាល​ឱ្យ​មាន​ហានិភ័យ​នៃ​ជំងឺ​ជា​បន្តបន្ទាប់​។ ការ​ផឹកស្រា​ច្រើន​ពេក​បំផ្លាញ​ការ​ស្តាប់ ពីព្រោះ​បរិមាណ​នៃ​ជាតិ​អាល់កុល​ក្នុង​ឈាម​បំផ្លាញ​កោសិកា​នៃ​ការ​ស្តាប់​នៅ​ក្នុង​រន្ធ​ត្រចៀក​។ លើស​ពី​នេះ​ទៅ​ទៀត ជាតិ​អាល់កុល​ក៏​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រដាសត្រចៀក​ផង​ដែរ​។
 
ខ្ជិល​ហាត់ប្រាណ
ភាព​អសកម្ម​ប៉ះពាល់​ដល់​សុខភាព​ទូទៅ និង​ការ​ស្តាប់ ជា​ពិសេស​។ ជំងឺ​ទឹកនោមផ្អែម ជា​ជំងឺ​ទូទៅ​មួយ​ដែល​បណ្តាល​មក​ពី​ភាព​អសកម្ម អាច​នាំ​ឱ្យ​បាត់បង់​ការ​ស្តាប់ ពីព្រោះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ធ្វើ​ឱ្យ​ខូច​សរសៃឈាម និង​សរសៃប្រសាទ​ដែល​ពាក់ព័ន្ធ​នឹង​ត្រចៀក​។
 
ការ​ប៉ះពាល់​នឹង​សំលេង​រំខាន​ញឹកញាប់
ការ​ស្តាប់​តន្ត្រី​ខ្លាំង​ៗ​ដោយ​ប្រើ​កាស ឬ​ទៅ​ក្លឹ​ប និង​កម្មវិធី​ជប់លៀង​ជា​ប្រចាំ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ត្រចៀក​របស់​អ្នក​។ ប្រសិនបើ​អ្នក​ត្រូវ​បាន​ប៉ះពាល់​នឹង​សំឡេង​រំខាន​លើស​ពី 85​ដេស៊ីបែល សម្រាប់​ហេតុផល​ការងារ ដូច​ជា​ការ​ធ្វើការ​លើ​ការដ្ឋាន​សំណង់ ឬ​ត្រូវ​បាន​ប៉ះពាល់​នឹង​សំឡេង​រំខាន​ចរាចរណ៍​ជា​ប្រចាំ វា​ក៏​បង្ក​គ្រោះថ្នាក់​ដល់​ត្រចៀក​របស់​អ្នកផង​ដែរ​ក្នុង​រយៈពេល​វែង​។
 
ប្រសិនបើ​កន្លែង​ជុំវិញ​របស់​អ្នកមាន​សំលេង​រំខាន សូម​ប្រើ​កម្មវិធី​នៅ​លើ​ទូរ​សព្ទ​របស់​អ្នក​ដែល​អាច​វាស់​ស្ទង់ ដេស៊ីបែល ពិនិត្យ​កម្រិត​សំលេង​រំខាន និង​ពាក់​កាស​ស្តាប់​ត្រចៀក ប្រសិនបើ​សំលេង​លឺ​ខ្លាំង​ជាង 85​ដេស៊ីបែល ដើម្បី​ការពារ​ត្រចៀក​របស់​អ្នក​។
 
សំឡេង​ខ្លាំង​ពេក
ជា​ការ​ពិត​ណាស់ អ្នក​នឹង​មាន​បញ្ហា​ក្នុង​ការ​ស្តាប់ ប្រសិនបើ​អ្នក​ស្តាប់​សំឡេង​ខ្លាំង​ៗ​ជា​ប្រចាំ​។ ដើម្បី​ការពារ​ត្រចៀក​របស់​អ្នក សូម​បិទ​តន្ត្រី ហើយ​ចាត់វិធានការ​ការពារ​ត្រចៀក ដូច​ជា​ការ​ប្រើ​ប្រដាប់​ដោត​ត្រចៀក ប្រសិនបើ​អ្នក​ត្រូវ​ធ្វើការ​ក្នុង​បរិយាកាស​ដែល​មាន​សំលេង​រំខាន​ខ្លាំង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com