ជាតិ
កម្ពុជាទាញបានក្រុមហ៊ុនបរទេស២ សាងសង់រោងចក្រកែច្នៃស្វាយចន្ទី ក្នុងឆ្នាំ២០២៣
05, Jan 2024 , 8:59 pm        
រូបភាព
 ខ្សែច្រវាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី របស់សហគ្រាសជ័យសំបូរ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ រូបភាព៖ ឈុំ ចន្ថា
ខ្សែច្រវាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី របស់សហគ្រាសជ័យសំបូរ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ រូបភាព៖ ឈុំ ចន្ថា
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា​ (សសក) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាបានទាក់ទាញក្រុមហ៊ុនបរទេសចំនួន២ វិនិយោគលើការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ៣កន្លែង​នៅខេត្តកំពង់ធំ និងព្រះវិហារ។



លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ពុជាទទួលបានការវិនិយោគសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ចំនួន៣កន្លែង នៅខេត្តកំពង់ធំ និងព្រះវិហារ ដែលជាគម្រោងរបស់ ក្រុមហ៊ុនសិង្ហបុរី CSNC Agriculture Co.,Ltd និងក្រុមហ៊ុន Mirath Agri Tech Co., Ltd របស់ជប៉ុន។ 
 
ក្រុមហ៊ុន CSNC Agriculture Co.,Ltd  បានបោះទុន១៤លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅលើផ្ទៃដី១១ហិកតា ក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ CSNC នឹងក្លាយជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពផលិតរហូតដល់៤០តោន ក្នុង១ថ្ងៃ ឬស្មើ១៤៦០០តោន (គ្រាប់ឆៅ) ក្នុងមួយឆ្នាំ។

ចំណែក ក្រុមហ៊ុន Mirath Agri Tech Co., Ltd វិញ បានសាងសង់រោងចក្រកែច្នៃស្វាយចន្ទីមួយកន្លែង នៅខេត្តកំពង់ធំ និងរោងចក្រកៀបសំបកចន្ទីទៅជាប្រេងជីវឥន្ធនៈមួយកន្លែងទៀត នៅខេត្តព្រះវិហារ។ រោងចក្រ២នេះ មានសមត្ថភាពផលិតប្រមាណ២០តោនក្នុង១ថ្ងៃ (គ្រាប់ឆៅ)។បច្ចុប្បន្ន រោងចក្រទាំង៣កន្លែងនេះ កំពុងដំណើរការសាងសង់។ 
 
លោក អួន ស៊ីឡុត រំពឹងថា វត្តមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនេះ នឹងជួយផ្តល់តម្លៃបន្ថែមដល់កសិករ និងបង្កើតការងារក្នុងសហគមន៍ កាត់បន្ថយពលករចំណាកស្រុកទៅក្រៅប្រទេស។ ក្នុងវិស័យនេះដែរ លោកមើលឃើញថា កម្ពុជាត្រូវការរោងចក្រខ្នាតមធ្យមបែបនេះចំនួន ៣០ទៀត។ 
  
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។ រូបភាព៖ សែម វណ្ណា
 
ក្នុងគោលដៅជំរុញវិស័យស្វាយចន្ទីឱ្យស្មើមុខស្មើមាត់នឹងប្រទេសជិតខាង សមគមស្វាយចន្ទីកម្ពុជា​ បានខ្នះខ្នែងបញ្ជ្រាបការផ្សព្វផ្សាយអំពី សក្ដានុពលស្វាយចន្ទីកម្ពុជា ទៅកាន់អន្តរជាតិ តាមរយៈការចូលរួមតាំងពិព័រណ៍ និងជំនួបធុរកិច្ចនានា។ ការធ្វើបែបនេះ មានគោលបំណងស្វែងរកទីផ្សារថ្មីៗ ក្រៅពីវៀតណាម ដើម្បីបង្កើតរោងចក្រកែច្នៃនៅកម្ពុជា។
 
កាលពីថ្ងៃទី១២ដល់១៥ ខែតុលា ឆ្នាំ២០២៣ សមាគមស្វាយចន្ទីកម្ពុជា​ បានចូលរួមពិព័រណ៍ម្ហូបអាហារនៅប្រទេសកូរ៉េ Gwangju Food Fair 2023 និងបានចូលរួមពិព័រណ៍ម្ហូបអាហារនៅអាមេរិក Cambodia Business Expo & Trade Conference នៅថ្ងៃទី៧ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងពិព័រណ៍នៅប្រទេសចិន និងអារ៉ាប់ ផងដែរ។ 
 
បច្ចុប្បន្ន មានក្រុមហ៊ុន និងសហគ្រាសចំនួន៥ កំពុងបញ្ជាទិញគ្រាប់ស្វាយចន្ទីស្ងួតពីសមាគម ក្នុងនោះរួមមាន ក្រុមហ៊ុន Olam, Intersnack, welwilling, សហគ្រាសឈុនហាយ សហគ្រាសជ័យសំបូរ សិប្បកម្មស្ទឹងត្រែង។ ក្រៅពីនោះ ក៏មានអ្នកទិញមកពីចិន និងឥណ្ឌាដែរ ខណៈទីផ្សារធំរបស់កម្ពុជា​គឺ វៀតណាម។ 
 
សមាគមស្វាយចន្ទីកម្ពុជា មានសមាជិកផ្ទាល់ និងសមាជិកមិនផ្ទាល់ជាកសិករចំនួន១៩ ៨០២ គ្រួសារក្នុង១០ខេត្ត។ សមាជិកមិនផ្ទាល់ ដែលចូលមកតាមរយៈសហគមន៍កសិកម្មជាដៃគូចំនួន ៤១ ក្នុងបណ្តាខេត្តចំនួន ៧ខេត្ត សរុបផ្ទៃដីកសិករជាសមាជិកចំនួន ៤៥ម៉ឺនហិកតា។ ស.ស.ក មានសមាជិកជាសហគ្រាស កែច្នៃស្វាយចន្ទីខ្នាតតូចនិងមធ្យមចំនួន ៣៥ សហគ្រាស។ 
 
នៅក្នុងឆ្នាំ២០២៣ មានស្ថាប័នធនាគារក្នុងស្រុកជាច្រើន បានផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះ ដល់កសិករ ពាណិជ្ជករ និងអ្នកកែច្នៃ។ ទោះបីជាបែបនេះក្តី ក៏លក្ខខណ្ឌនៃកម្ចីមានភាពស៊ាំញ៉ាំ ដែលធ្វើឱ្យសហគ្រាស កែច្នៃស្វាយចន្ទីក្នុងស្រុ កមិនអាចរកទុនបង្វិល ដើម្បីទិញគ្រាប់ស្តុកទុកសម្រាប់កែច្នៃ។ ការណ៍នេះបានធ្វើឱ្យគ្រាប់ស្វាយចន្ទី ឆៅ ៩៥ភាគរយ ត្រូវបាននាំចេញ នៅសល់ប្រមាណ ៥ភាគរយ ប៉ុណ្ណោះកែច្នៃក្នុងស្រុក។ នេះបើតាមសមាគមស្វាយចន្ទី។ 
 
ការនាំចេញគ្រាប់ឆៅដ៏ច្រើនចេញទៅក្រៅប្រទេស បានធ្វើឱ្យកម្ពុជាបាត់បង់តម្លៃបន្ថែមដល់កសិករ ឈ្មួញតំឡើង ឬបន្ថយ តំលៃតាមចិត្ត បាត់បង់លទ្ធភាពបង្កើត ការងារក្នុងសហគមន៍។
 
នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥៦ ០០០ តោន ថយចុះ ៧.៦ភាគរយ គិតជាទឹកប្រាក់ ៨៣៧ ០០០ ០០០ ដុល្លារ ថយចុះ១៦.៩ភាគរយ។ ដោយឡែកនាំចេញទៅ វៀតណាមមានចំនួន ៦១៨ ០០០តោន ។
 
សសក ប៉ាន់ប្រមាណផ្ទៃដីដាំដុះស្វាយចន្ទី ប្រមាណ៧០ម៉ឺនហិកតា។ យោងលើរបាយការណ៍ក្រៅផ្លូវការ ប្រមូលដោយសមាគមស្វាយចន្ទីកម្ពុជា មានថ្នាលបណ្តុះកូនចន្ទីពូជចំនួន ៦១កន្លែង បានលក់កូនស្វាយចន្ទីសល់ពី ឆ្នាំ២០២២ អស់ ៦.៧លានកូន ដូច្នេះ បើគណនាខ្នាតដាំ ៨ម៉ែត្រ គុណ៨ម៉ែត្រ ឃើញថា ផ្ទៃដីជិត៤ម៉ឺន ហិកតា ត្រូវបានដាំស្វាយចន្ទីឡើងវិញ លើដីដែលបានកាប់ស្វាយចន្ទីចាស់ចោលក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ៕ 

Tag:
 កសិកម្ម
  សមាគមស្វាយចន្ទីកម្ពុជា
  អួន ស៊ីឡុត
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com