កីឡាអន្តរជាតិ
អន្តរជាតិ
Bellingham មានតម្លៃខ្លួនថ្លៃជាងគេលើលោក តាមពីក្រោយដោយ Haaland
07, Jan 2024 , 8:29 am        
រូបភាព
តារាបាល់ទាត់វ័យក្មេង Jude Bellingham របស់ក្រុម Real Madrid បានក្លាយជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេនាពេលបច្ចុប្បន្នជិត៣០០លានដុល្លារ ខណៈដែល Erling Haaland ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងនាមជាកីឡាករមានតម្លៃខ្លួនថ្លៃលើលោក។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រ CIES Football Observatory។


 
Bellingham កំពុងតែរីករាយក្នុងការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់គេនៅក្នុងរដូវកាលដំបូងជាមួយ Real Madrid ដែលកំពុងនាំមុខនៅកំពូលតារាងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga។
 
គិតត្រឹមដើមឆ្នាំ២០២៤នេះ កីឡាករវ័យ ២០ឆ្នាំ ស៊ុតបាល់បញ្ចូលទីចំនួន ១៧គ្រាប់ ពីការបង្ហាញខ្លួនចំនួន ២១លើក រាល់កម្មវិធីប្រកួតទាំងអស់។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ រកបាន ១៣គ្រាប់នៅក្នុងលីគ La Liga ចាប់តាំងពីការផ្ទេរក្នុងតម្លៃ ១១៣លានផោន (១៤៣លានដុល្លារ) ពីក្លិប Borussia Dortmund ទៅកាន់ Real Madrid។


 
ជាការពិតកីឡាករវ័យក្មេង បានបំបែកកំណត់ត្រាមួយរបស់ Cristiano Ronaldo អតីតខ្សែប្រយុទ្ធដ៏ល្បីប្រចាំក្រុមមួយនេះ ដោយគេរកបានគ្រាប់បាល់ច្រើនជាងកីឡាករណាទាំងអស់ប្រចាំក្រុមនៅត្រឹម ១៥ប្រកួតដំបូងសម្រាប់ក្រុមអធិរាជស។ 
 
បើតាមរបាយការណ៍របស់គេហទំព័រផ្នែកកត់ត្រាស្ថិតិដ៏ល្បី CIES Football Observatory កីឡាករសញ្ជាតិអង់គ្លេស បច្ចុប្បន្នក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់នៅលើពិភពលោក ដោយគេទើបកើនឡើងតម្លៃខ្លួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ។
 
Bellingham មានតម្លៃខ្លួនប្រមាណ ២៣០លានផោន (២៩១,៣លានដុល្លារ) ខណៈអតីតកីឡាករមកពី Dortmund ដូចគ្នា Haaland របស់ក្លិប Manchester City ឈរលំដាប់លេខ ២ មានតម្លៃខ្លួន ២១៦,៧៣លានផោន (២៧៤,៤៩លានដុល្លារ)។


 
មិត្តរួមក្រុមស្ថិតក្នុង Real Madrid កីឡាករ Vinicius Junior លំដាប់ទី៣ មានតម្លៃខ្លួនប្រមាណ ២១៥,៩៦លានផោន (២៧៣,៥២លានដុល្លារ) ខណៈដែលកីឡាករមកពីប្រេស៊ីលដូចគ្នា Rodrygo លេខ ៤ មានតម្លៃខ្លួន ២១៣,៨៩លានផោន (២៧០,៩លានដុល្លារ) សុទ្ធសឹងកីឡាករនៅវ័យក្មេងពេញសមត្ថភាព។
 
លេខ ៥ បានទៅលើ Bukayo Saka របស់ក្រុមកាំភ្លើងធំ Arsenal ដោយគេមានតម្លៃខ្លួនដល់ទៅ ១៩២លានផោន (២៤៣,១៧លានដុល្លារ) ហើយលំដាប់លេខ ៦ បានទៅលើមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Phil Foden តម្លៃខ្លួនថ្លៃលើពិភពលោក ១៧០លានផោន(២១៥,៣១លានដុល្លារ)។
 
យុវជនក្រុម Barcelona កីឡាករសញ្ជាតិអេស្ប៉ាញ Gavi មានតម្លៃខ្លួន ១៥១,៣លានផោន (១៩១,២៤) ស្ថិតនៅលំដាប់ទី៧ ហើយកីឡាករម្ចាស់ពាន World Cup 2022 និងកំពុងជោគជ័យខ្លាំងក្នុងអាជីពត្រឹមវ័យក្មេង Julian Alvarez របស់ក្រុម Man City នៅលំដាប់ថ្នាក់ទី៨ តម្លៃខ្លួន ១៤២,១០លានផោន (១៧៩,៩៧លានដុល្លារ)។
 
ទី៩ បានលើកីឡាករ Jamal Musiala របស់ក្រុម Bayern Munich ដេលមានតម្លៃខ្លួន ១៣១,៤៩លានផោន (១៦៦,៥៣លានដុល្លារ) និងចុងក្រោយកីឡាករ Martin Odegaard ប្រចាំក្រុម Arsenal មានតម្លៃខ្លួន ១២៩,៩៤លានផោន (១៦៤,៥៧លានដុល្លារ)។
 
កីឡាករទាំង ១០ ដែលបានរៀបរាប់ដូចខាងលើសុទ្ធសឹងតែជាកីឡាករដែលមានតម្លៃខ្លួនលើពី ១០០លានអឺរ៉ូ ឬក៏ ៨៦,២៨លានផោន (១១០លានដុល្លារ) ខណៈដែលកីឡាករផ្សេងទៀតមានតម្លៃខ្លួនទាបជាងនេះ គិតចាប់តាំងពីខែមិថុនា មកដល់ទីផ្សារដោះដូរនាពេលបច្ចុប្បន្ន៕
 

Tag:
 បាល់ទាត់
  Jude Bellingham
© រក្សាសិទ្ធិដោយ thmeythmey.com