អន្តរជាតិ
ចិន នឹងដាក់ទណ្ឌកម្មជាថ្មីលើក្រុមហ៊ុនអាវុធអាម៉េរិកចំនួន ៥ ដែលលក់អាវុធឱ្យតៃវ៉ាន់
07, Jan 2024 , 11:09 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ចិន នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធអាម៉េរិក ចំនួន៥ ដើម្បីឆ្លើយតបនឹងការលក់អាវុធចុងក្រោយទៅកោះតៃវ៉ាន់ កាលពីខែធ្នូ។ អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែមករា។

 
នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រសួងការបរទេសអាម៉េរិក បានបើកភ្លើងបៃតងក្នុងការលក់អាវុធទៅកោះតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណ៣០០លានដុល្លារ ដើម្បីជួយតៃវ៉ាន់ក្នុងការរក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្រ្ត។ អាម៉េរិក តែងឯកភាពលក់អាវុធឱ្យកោះតៃវ៉ាន់ ក្រោមហេតុផលធ្វើទំនើបកម្មយោធា និងពង្រឹងសមត្ថភាពទប់នឹងការគំរាមកំហែងពីសំណាក់ចិន។ 
 
តាមរយៈសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៧ ខែមករា ក្រសួងការបរទេសចិន បានចាត់ទុកការបើកភ្លើងបៃតងក្នុងការលក់អាវុធពីអាម៉េរិកឱ្យតៃវ៉ាន់ក្នុងពេលថ្មីៗនេះ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ ផលប្រយោជន៍សន្តិសុខ ហើយថែមទាំងបំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងដំបូង។ 
 
នេះមិនមែនជារឿងថ្មីឡើយ ដែលចិនប្រើហេតុផលបែបនេះ ខណៈនៅពេលកន្លងមក ចិនបានចោទអាម៉េរិកជាញយៗ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់ខ្លួន។ ចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយនៃដែនដីរបស់ខ្លួន តាមរយៈគោលនយោបាយ «ចិនតែមួយ»។ 
 
ក្រុមហ៊ុន ដែលចិនគ្រោងនឹងដាក់ទណ្ឌកម្មមានដូចជា ក្រុមហ៊ុន BAE Systems Land and Armaments, ក្រុមហ៊ុន Alliant Techsystems Operations, ក្រុមហ៊ុន AeroVironment, ក្រុមហ៊ុន Viasat និងក្រុមហ៊ុន Data Link Solutions។ តាមរយៈបញ្ចីខ្មៅមួយនេះ ចិននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំង៥ ដែលមាននៅក្នុងដែនដីរបស់ខ្លួន និងហាមឃាត់ក្រុមហ៊ុន រួមទាំងប្រជាជនចិន រកស៊ីជាមួយក្រុមហ៊ុនទាំង ៥នោះផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
នេះមិនមែនជាលើកទីមួយឡើយ ដែលចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធអាម៉េរិក។ កន្លងមករដ្ឋាភិបាលក្រុងប៉េកាំង ក៏បានដាក់ក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Northrop Grumman និងក្រុមហ៊ុនធំៗផ្សេងទៀតរបស់អាម៉េរិកទៅក្នុងបញ្ចីខ្មៅដែរ៕ 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com