អន្តរជាតិ
ក្រុមហ៊ុនរថយន្តអគ្គិសនីVinFast បោះទុនវិនិយោគ ៥០០លានដុល្លារនៅឥណ្ឌា
07, Jan 2024 , 2:39 pm        
រូបភាព
រូបភាព Facebook_VinFast
រូបភាព Facebook_VinFast
ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast នៅថ្ងៃទី៦ ខែមករា បានចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ដើម្បីរៀបចំក្រុមហ៊ុនផលិតរថយន្តនៅឥណ្ឌា។ ក្រុមហ៊ុនវៀតណាមមួយនេះ នឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំដំបូង។

 
ក្រុមហ៊ុន VinFast និងរដ្ឋភាគខាងត្បូងឥណ្ឌា Tamil Nadu នៅថ្ងៃទី៦ ខែមករា បានឯកភាពលើកិច្ចសហប្រតិបត្តិការវិនិយោគរហូតដល់ ២ពាន់លានដុល្លារ ជាមួយនឹងគោលបំណងប្តេជ្ញា ៥០០លានដុល្លារសម្រាប់រយៈពេល ៥ឆ្នាំ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ឥណ្ឌា និងក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម។ 
 
ការកសាងរោងចក្រផលិតរថយន្តអគ្គិសនី និងអាគុយនៅឥណ្ឌា ដែលអាចចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤ នឹងអាចបង្កើតការងារបានចំនួន ៣០០០ ទៅ៣៥០០កន្លែង។ 
 
បង្កើតឡើងនៅក្នុងឆ្នាំ២០១៧ និងចាប់ផ្តើមបង្កើតរថយន្តអគ្គិសនីនៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន VinFast មានមហិច្ឆតាចង់ដណ្តើមទីផ្សារឱ្យបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីក្រុមហ៊ុន BYD និងក្រុមហ៊ុន Tesla។ 
 
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ការលក់រថយន្តអគ្គិសនីនៅឥណ្ឌា គឺមានទំហំត្រឹម ២ភាគរយ នៃការលក់រថយន្តសរុបប៉ុណ្ណោះ ខណៈរដ្ឋាភិបាលប្រទេសអាស៊ីខាងត្បូងមួយនេះ បានដាក់គោលដៅមានទីផ្សាររថយន្តអគ្គិសនីចំនួន ៣០ភាគរយ ត្រឹមឆ្នាំ២០២៣០៕ 
 

Tag:
 វៀតណាម
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com