អន្តរជាតិ
លោកបៃឌិន មិនដឹងរដ្ឋមន្រ្តីការពារជាតិចូលសម្រាកនៅមន្ទីរពេទ្យ
07, Jan 2024 , 3:59 pm        
រូបភាព
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព Xinhua
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព Xinhua
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន មិនបានដឹងជាច្រើនថ្ងៃ ជុំវិញព័ត៌មានលោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិ ចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារអាការមិនស្រួល ក្រោយការវះកាត់មិនបន្ទាន់។ នេះបើតាមប្រភព ដែលមិនបញ្ចេញឈ្មោះប្រាប់សារព័ត៌មាន CNN ដែលចេញផ្សាយនៅថ្ងៃទី៦ ខែមករា។

 
មន្ទីរបញ្ចកោណ នៅថ្ងៃទី៥ ខែមករា បានបញ្ចេញព័ត៌មាន ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី១ ខែមករា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារអាការមិនស្រួល បន្ទាប់ពីការវះកាត់មិនបន្ទាន់។ ជុំវិញការចូលស្នាក់នៅមន្ទីរពេទ្យនេះ សេតវិមានមិនបានដឹងរឿងជាច្រើនថ្ងៃ រហូតដល់ថ្ងៃទី៤ ខែមករា។ 
 
តាមប្រភពសុំមិនបញ្ចេញឈ្មោះ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បានប្រាប់លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៤ ខែមករា បន្ទាប់ពីលោកបានដឹកថា លោក អូស្ទីន បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តយោធាជាតិ Walter Reed។ 
 
តាមការបញ្ជាក់របស់មន្រ្តីការពារជាតិអាម៉េរិក លោកអូស្ទីន នៅតែបន្តស្នាក់នៅមន្ទីរពេទ្យ បើគិតត្រឹមល្ងាចថ្ងៃទី៦ ខែមករា។ កន្លងអ្នកនាំពាក្យមន្ទីរបញ្ចកោណ បានអះអាងថា លោកអូស្ទីន បានចាប់ផ្តើមបំពេញកិច្ចការពេលលេញនៅថ្ងៃទី៥ ខែមករា។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដំបូង បន្ទាប់ពីចូលស្នាក់នៅមន្ទីរពេទ្យ ប្រមុខការពារជាតិអាម៉េរិក បានបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួន ចំពោះការបិទព័ត៌មានខាងលើ ហើយសង្ឃឹមថា នឹងវិលត្រលប់ទៅធ្វើការនៅមន្ទីរបញ្ចកោណវិញ បានក្នុងពេលឆាប់ៗ។ 
 
ចំណែកគណៈកម្មាធិការត្រួតពិនិត្យសភា ក៏មិនត្រូវបានជូនដំណឹងពីការស្នាក់នៅរបស់លោកអូស្ទីននៅមន្ទីរពេទ្យរហូតដល់យប់ថ្ងៃទី៥ ខែមករាដែរ៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com