ជាតិ
កើតនៅអាម៉េរិក ទឹកដីនៃវប្បធម៌ចម្រុះ តែលោកស្រី ឡានីកា ពុះពារលើកកម្ពស់វប្បធម៌សិល្បៈខ្មែរ
07, Jan 2024 , 7:59 pm        
រូបភាព
រូបភាព៖ សែម វណ្ណា
រូបភាព៖ សែម វណ្ណា
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី
 
សហរដ្ឋអាម៉េរិក៖ ឡានីកា អង់ប៉ាក់ (Lanica Angpak) ពិតជាខ្លាចខ្លាំងណាស់ចំពោះការបាត់បង់អត្តសញ្ញាណជាតិ ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ។ ដូចជាពលរដ្ឋខ្មែរ-អាម៉េរិកាំងជាច្រើនផ្សេងទៀតដែរ លោកស្រី ឡានីកា កំណត់បេសកកម្មដ៏ជាក់លាក់ក្នុងការផ្សព្វផ្សាយ លើកកម្ពស់ និងថែរក្សាវប្បធម៌ សិល្បៈខ្មែរនៅលើទឹកដីអាម៉េរិក ដោយដើរតាមលំអានរបស់ម្តាយខ្លួន។

 
ក្នុងជំនួបជាមួយលោក សែម វណ្ណា និងកញ្ញា តេង យ៉ាលីរ៉ូហ្ស៊ី នៃសារព័ត៌មានឌីជីថលថ្មីៗ និង Cambodianess ដែលធ្វើដំណើរទៅកាន់អាម៉េរិកដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយវប្បធម៌កម្ពុជា-អាម៉េរិក លោកស្រី ឡានីកា ពាំនាំនូវដំណើរជីវិតរបស់នាង និងការងារផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងសម័យទំនើបនេះ។
 
អ្វីៗទាំងអស់ចាប់ផ្តើមពីការភៀសខ្លួនរបស់ម្ដាយក្នុងទសវត្សរ៍ទី៨០
 
លោកស្រី ឡានីកា មានអាយុ ៣១ឆ្នាំ ជាកូនខ្មែរ-អាមេរិក ជំនាន់ទី២ ក្នុងគ្រួសារអ្នកសិល្បៈ។ ម្តាយរបស់គាត់គឺ លោកស្រី ឡុង ពុទ្ធារី អ្នករាំរបាំបុរាណប្រពៃណី ដែលបានមករស់នៅសហរដ្ឋអាម៉េរិកក្នុងអំឡុងទសវត្សទី៨០ បន្ទាប់ពីកម្ពុជាបានរួចចាកពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោកស្រី ពុទ្ធារី ចាប់ផ្ដើមរៀនហាត់របាំនៅអំឡុងពេលភៀសខ្លួននៅជំរំខៅអ៊ីដាង ដែលជាជម្រកសម្រាប់ប្រជាពលរដ្ឋខ្មែររាប់សែននាក់ រត់គេចចេញពីសង្រ្គាមនៅឆ្នាំ១៩៧៩ និងពេញមួយទសវត្សរ៍ទី៨០។


លោកស្រី ឡានីកា និងម្ដាយ
 
ជនភៀសខ្លួនប្រហែល ២០ម៉ឺននាក់បានឆ្លងកាត់ជំរំនេះ។ អ្នកខ្លះត្រឡប់ចូលកម្ពុជាវិញ នៅពេលដែលស្ថានការណ៍ក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ខណៈអ្នកខ្លះទៀតទៅរស់នៅប្រទេសទីបី ដូចជាអូស្រ្តាលី បារាំង ឬសហរដ្ឋអាម៉េរិកជាដើម។
 
ដូចប្រជាជនកម្ពុជាជាច្រើននាក់ទៀតដែរ  លោកស្រី ពុទ្ធារី បានភៀសខ្លួនមករស់នៅលើទឹកដីអាម៉េរិក ក្នុងវ័យត្រឹមតែ១១ឆ្នាំតែប៉ុណ្ណោះ គឺនៅខែតុលា ឆ្នាំ១៩៨១ ដោយចាកចេញជាមួយនឹងក្ដីសង្ឃឹមស្វែងរកជីវិតថ្មីដ៏ល្អប្រសើរមួយ។ លោកស្រីបានទៅរស់នៅទីក្រុងហ្វីឡាដែលហ្វៀ នៃរដ្ឋធានី Pennsylvania បន្ទាប់មកក៏ទទួលបានចំណងដៃកូនស្រីពីររូប ដោយ ឡានីកា ជាកូនពៅ។ 
 
ជីវិតមិនដូចអ្វីដែលយើងរំពឹងទុកនោះទេ អស់រយៈពេល២០ឆ្នាំ លោកស្រី ពុទ្ធារី បានចិញ្ចឹមបីបាច់កូនស្រីទាំងពីរតែម្នាក់ឯង នៅក្រៅទឹកដីកំណើត។ នេះជាការលះបង់ម្ដាយចំពោះកូនៗ ដោយលោកស្រីត្រូវតែធានាថាកូនស្រីទាំងពីរទទួលបានការអប់រំ និងអាចកសាងជីវិតប្រសើរមួយនៅពេលដែលពួកគេចម្រើនវ័យ។ 
 
ក្នុងនាមជាជនជាតិខ្មែរដែលធំធាត់នៅក្នុងទឹកដីដ៏ស៊ីវិល័យ លោកស្រី ឡានីកា ដោយមានម្ដាយ និងបងស្រីជាគំរូ មានកូនចិត្តមួយចង់បង្កើតទីតាំងសុវត្ថិភាព និងជិតស្និទ្ធ ដែលគ្រប់គ្នាអាចហាត់រាំរបាំខ្មែរបាន  មិនតែប៉ុណ្ណោះជាកន្លែងដែលផ្ដល់ភាពកក់ក្ដៅ និងជាសហគមន៍សម្រាប់ចែករំលែកកង្វល់ទាំងឡាយ។ 


 
ជាមួយទឹកមុខញញឹមតិចៗ នៅក្នុងបន្ទប់ហាត់ និងបង្រៀនរាំរបស់លោកស្រី នៅក្នុងអាគារចំណាស់មួយដែលពោរពេញទៅដោយសិល្បៈប្លែកៗ ក្នុងទីក្រុងហ្វីឡាដែលហ្វៀ លោកស្រី ឡានីកា បានបង្ហើបថា៖ «ខ្ញុំធ្លាប់ខឹងខ្លាំងណាស់ ព្រោះខ្ញុំមានអារម្មណ៍ថាមនុស្សជុំវិញខ្លួន មិនខ្វល់ថាខ្ញុំជាជនជាតិខ្មែរ ឬខ្មែរ-អាម៉េរិកនោះទេ។ ការធំធាត់ជាមួយអារម្មណ៍បែបនេះពិតជាលំបាកណាស់។ ខ្ញុំជាកូនពៅ ដូចនេះពេលខ្ញុំចាប់ផ្ដើមរៀនអ្វីថ្មីៗ សមាជិកក្នុងគ្រួសារខ្ញុំរៀនសឹងតែចប់អស់ហើយ។ ខ្ញុំតែងតែអង្គុយមើលម្ដាយ និងបងស្រីរបស់ខ្ញុំរាំ ជាមួយកាយវិការទន់ល្វតល្វន់។ ខ្ញុំតែងតែឱ្យផ្កាទៅម៉ាក់ពេលគាត់រាំម្ដងៗ។ ជាមួយទិដ្ឋភាពទាំងអស់នេះ ខ្ញុំដឹងថាពួកយើងទាំងបីនាក់មានបទពិសោធស្រដៀងគ្នា អារម្មណ៍ និងអត្ថន័យនៃការក្លាយជាជនជាតិខ្មែរ-អាម៉េរិកាំង ហើយវាលំបាកកម្រិតណាក្នុងការធំធាត់។»
 
កុមារី ឡានីកា ធ្លាប់ត្រូវបានគេមើលងាយដោយសាររូបនាងជាជនជាតិអាស៊ីដែលមានសម្បុរខ្មៅស្រអែមជាមួយសក់រួញអង្គាដី មកពីប្រទេសតូចតាចដែលឆ្លងកាត់ភ្លើងសង្រ្គាមស៊ីវិល អស់ជាច្រើនឆ្នាំ។ រូបនាងក៏ធ្លាប់ត្រូវគេភាន់ច្រឡំថាមិនចេះនិយាយភាសាអង់គ្លេស និងយកនាងទៅដាក់ក្នុងថ្នាក់ភាសាអង់គ្លេសជាភាសាទីពីរជាមួយនឹងកុមារដែលនិយាយភាសាផ្សេងទៀត។
 
«ពួកយើងធំធាត់ឡើងក្នុងសង្គមមួយដែលពោរពេញទៅដោយជនជាតិស្បែកស ហើយយើងត្រូវបានគេមាក់ងាយដោយសារយើងមានរូបរាងមិនដូចពួកគេ។ ខ្ញុំអាចនិយាយចេញពីអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់។ ខ្ញុំធ្លាប់ត្រូវបានគេសើចចំអកថាដូចសត្វស្វា ដោយសារខ្ញុំមានរោមច្រើនបន្តិច។ ខ្ញុំយល់ថា មិនមានជនជាតិអាស៊ីណាអាក្រក់ល្អនោះទេ។ អ្នកគឺជាខ្លួនអ្នក។ មានម្ដាយ និងបងស្រីនៅក្បែរ ហើយអាចរៀនសូត្រពីបទពិសោធន៍របស់ពួកគាត់ ជារឿងមួយដែលខ្ញុំសប្បាយចិត្តបំផុត។ ខ្ញុំស្រឡាញ់ម៉ាក់ និងបងស្រីរបស់ខ្ញុំណាស់។» លោកស្រី ឡានីកា និយាយជាមួយនឹងមុខញញឹមស្រស់ ខណៈក្រឡេកមើលទៅបងស្រី និងម្ដាយ ដែលអង្គុយនៅចុងម្ខាងមើលលោកស្រីផ្ដល់បទសម្ភាសឱ្យសារព័ត៌មានឌីជីថលថ្មីៗ និង Cambodianess។
 
«Cambodian American Girls Empowering ជួយឱ្យខ្ញុំក្រោកឈរ»
 
Cambodian American Girls Empowering (CAGE) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ នៅពេលដែល លោកស្រី ឡានីកា ទើបតែបញ្ចប់មហាវិទ្យាល័យ ជាពេលមួយដែលសមស្របសម្រាប់ការឈានទៅសម្រេចស្រមៃគឺ ការបង្កើតទីកន្លែងប្រកបដោយសុវត្ថិភាពសម្រាប់ជនជាតិខ្មែរ-អាម៉េរិកាំង ក្នុងការស្វែងយល់អំពីអត្តសញ្ញាណ វប្បធម៌ បេតិកភណ្ឌ និងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយប្រើសិល្បៈជាសកម្មភាព។
 
«ខ្ញុំបានសម្រេចចិត្តចាកចេញពីក្រុមរាំមួយទៀតជាមួយសមាគមកម្ពុជា ព្រោះខ្ញុំទើបតែរៀនចប់មហាវិទ្យាល័យ ហើយខ្ញុំចង់ធ្វើអ្វីផ្សេង។ ហើយខ្ញុំបានដឹងថាខ្ញុំចង់បានកន្លែងមួយដែលយុវជនអាចនិយាយអំពីអ្វីដែលពួកគេចង់បាន។»


 
CAGE គឺជាសហគមន៍ដែលជួយឱ្យបុគ្គលម្នាក់ៗអាចបញ្ចេញឥទ្ធិពលរបស់ខ្លួន និងរីកចម្រើនតាមរយៈការសហការគ្នាជាមួយមនុស្សត្រឹមត្រូវ នៅកន្លែងត្រឹមត្រូវ។ CAGE ស្វាគមន៍សិស្សចាប់ពីអាយុ ៥ឆ្នាំ ជាកន្លែងដែលពួកគេរៀនមូលដ្ឋានគ្រឹះនៃរបាំបុរាណ។ ពួកគេក៏ទទួលបានឱកាសសម្តែងក្នុងកម្មវិធីធំៗដូចជាបុណ្យចូលឆ្នាំខ្មែរនៅអាម៉េរិក។ ពួកគេមានឱកាសស្លៀកពាក់ឈុតប្រពៃណីរបាំបុរាណយ៉ាងស្រស់ស្អាតដែលភាគច្រើនម្ដាយរប់សនាងនាំមកពីកម្ពុជា។
 
«សម្រាប់ពួកយើង យើងចង់បង្រៀន ហើយយើងចង់ឱ្យពួកគេបានយល់ពីរបាំ វប្បធម៌ និងសិល្បៈ ប៉ុន្តែយើងក៏ចង់បង្រៀនពួកគេពីសារៈសំខាន់របស់វាផងដែរ ព្រោះយើងស្ទើរតែបាត់បង់វាទៅហើយ។» លោកស្រី ឡានីកា បានលើកឡើង។
 
CAGE សហការជាមួយសមាគមកម្ពុជានៃ Greater Philadelphia ដែលរូបនាង និងក្រុមការងារធ្វើពិធីជប់លៀងសម្រាប់មនុស្ស៦០០នាក់ជារៀងរាល់ឆ្នាំ។ សមាជិក និងសិស្សរបស់ឡានីកាក៏សម្តែងនៅទូទាំងទីក្រុង ក្នុងអង្គការផ្សេងៗ ឬនៅតាមសាលារៀនផងដែរ។ សិស្សរបាំក្មេងៗមានឱកាសបង្ហាញជំនាញរបាំដែលពួកគេបានរៀន ដែលនេះជាមោទកភាពមួយសម្រាប់លោកស្រីឡានីកា ក្នុងនាងជាគ្រូបង្វឹក និងជាអ្នកកៀរគរសកម្មភាពនេះ។ 


 
សព្វថ្ងៃនេះ សិស្សដែលកំពុងហាត់រៀនមានចំនួន២៤នាក់ ដែលពួកគេអាចសម្ដែងបានពីរ ឬបីដងក្នុងមួយឆ្នាំ សម្រាប់ពីធីបុណ្យចូលឆ្នាំខ្មែរ។ ចំណែកឯអ្នករបាំអាជីពមានចំនួន៨នាក់ ដែលពួកគេត្រូវបានអញ្ជើញឱ្យសម្ដែងក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ផ្សេងៗរបស់អាម៉េរិក។ ពួកគេភាគច្រើនជាជនជាតិខ្មែរ ខ្មែរកាត់អាម៉េរិក ឡាវ និងព័រតូរីកូ ដែលស្រឡាញ់ និងចង់ថែរក្សារបាំ និងវប្បធម៌ខ្មែរ។
 
លោកស្រី ឡានីកា យល់ថា ការសម្ដែងផ្ដល់នូវសេរីភាព និងអនុញ្ញាតឱ្យមនុស្សបង្ហាញអត្តសញ្ញាណរបស់ខ្លួន អនុញ្ញាតឱ្យអ្នកដទៃមើលឃើញ និងអបអរសាទរភាពដោយឡែករបស់ពួកគេ។ «យើងពិតជាចង់មានកន្លែង សម្រាប់ក្មេងស្រី ក្មេងប្រុស សម្រាប់មនុស្សគ្រប់គ្នាបញ្ចេញអារម្មណ៍។ នៅទីនេះមានការមើលងាយស្រ្តីភាគច្រើន ហើយពួកយើងជាសហគមន៍ដែលគ្រប់គ្នាអាចបញ្ចេញយោបល់ដោយសេរី។»
 
ទោះបីជាមានការធានាសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីក៏ដោយ រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិកស្ថិតក្នុងចំណោមប្រទេស២៨ ទូទាំងពិភពលោក ដែលមិនមានការធានាសមភាពផ្លូវភេទច្បាស់លាស់ ដែលធ្វើឱ្យស្ត្រីអាម៉េរិកមិនស្ថិតនៅក្រោមការការពារពេញលេញ។ រដ្ឋចំនួន ១៣ ខ្វះនិយមន័យច្បាស់លាស់ ឬការផាកពិន័យសម្រាប់អំពើហិង្សាក្នុងគ្រួសារនៅក្នុងក្រមព្រហ្មទណ្ឌ។
 
«ពួកយើងពិតជាចង់បង្កើតកន្លែងសម្រាប់ការរីកចម្រើនជាមួយគ្នា និងរៀនជាមួយ អាចប្រឈមមុខនឹងការលំបាកជាមួយគ្នា ហើយមនុស្សស្រីប្រឈមនឹងការលំបាកជាច្រើនដែលគ្មាននរណាហ៊ាននិយាយ។ ដូច្នេះ ការដែលអាចបង្ហាញពីបទពិសោធរបស់យើងក្នុងនាមជាខ្លួនយើងពិតជាសំខាន់។»


 
កាលពីមុន នារីរបាំត្រូវបានគេយល់ឃើញថាជាស្រីពេស្យា និយាយបែបចំអកថា អ្នករាំរបាំដែលរៀបការហើយនៅថែរក្សាផ្ទះសម្បែង និងមិនត្រូវចេញក្រៅសម្ដែងនោះទេ។ នេះបើតាមលោកស្រី ឡានីកា។
 
សង្គមផ្លាស់ប្ដូរ វប្បធម៌ក៏អាចផ្លាស់ប្ដូរ តែត្រូវរក្សាទម្រង់ដើម
 
«សិល្បៈ និងវប្បធម៌ផ្លាស់ប្តូរនៅពេលដែលសង្គមផ្លាស់ប្តូរ។ ការផ្លាស់ប្ដូរនេះមិនមែនបំភ្លេចនោះទេ តែដើម្បីឱ្យមនុស្សគ្រប់រូបអាចទទួលបទពិសោធន៍នៃវប្បធម៍មួយ។ ធ្វើបែបនេះមិនមែនមានន័យថា យើងឈប់គោរពសិល្បៈ និងវប្បធម៌របស់យើងនោះទេ តែយើងព្យាយាមគោរព និងលើកតម្កើងតាមដែលយើងអាចធ្វើទៅបាន។» លោកស្រី ឡានីកា បានបន្ថែមថា រូបនាងសង្ឃឹមថានឹងមានការទទួលស្គាល់ការផ្លាស់ប្ដូរក្នុងសហគមន៍ខ្មែរអាម៉េរិក នៅពេលដែលសហគមន៍បន្តរីកចម្រើន។
 
លោកស្រីសង្កត់ធ្ងន់ថា ការប្រុងប្រយ័ត្នចំពោះឥទ្ធិពលរបស់លោកខាងលិចលិច ដូចជាអាម៉េរិក មកលើប្រទេសកម្ពុជា គឺជារឿងសំខាន់ ពិសេសនៅពេលនិយាយដល់ទិដ្ឋភាពវប្បធម៌ ដោយវត្ថុបុរាណខ្មែរជាច្រើននៅតែត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរពិភពលោក ខណៈវត្ថុទាំងនោះជារបស់ប្រជាជនកម្ពុជា។


 
តាមរយៈការដោះស្រាយបញ្ហាកន្លងមក និងការដោះស្រាយបញ្ហាដែលកើតឡើងជាបន្តបន្ទាប់ វាក៏អាចបង្កើតសហគមន៍មួយដែលមាននិរន្តរភាពជាងមុនផងដែរ។
 
«ខ្ញុំមិននិយាយថាជាអ្នករបាំល្អបំផុតនោះទេ តែខ្ញុំស្រឡាញ់ការរាំរបាំ និងចែករំលែកចំណេះដឹងនេះទៅកាន់ក្មេងៗជំនាន់ក្រោយ។ សម្រាប់ខ្ញុំ ការបង្រៀនរបាំនេះជារឿងមួយដ៏អស្ចារ្យ ហើយពេលខ្លះខ្ញុំសឹងតែមិនជឿថាខ្ញុំអាចបង្រៀនបាន។ ប៉ុន្តែការមកជួបជុំគ្នាជាមួយកូនសិស្ស និងមានពេលវេលាល្អជាមួយគ្នាធ្វើឱ្យខ្ញុំពេញចិត្តខ្លាំងណាស់៕»
 



© រក្សាសិទ្ធិដោយ thmeythmey.com