សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនចិនBYD នាំមុខក្រុមហ៊ុនអាម៉េរិកTesla ក្នុងការលក់រថយន្តអគ្គិសនីលើលោក
07, Jan 2024 , 9:19 pm        
រូបភាព
រថយន្តអគ្គិសនី BYD (ឆ្វេង) និងរថយន្ត Tesla។ រូបភាព Facebook_BYD និងTesla
រថយន្តអគ្គិសនី BYD (ឆ្វេង) និងរថយន្ត Tesla។ រូបភាព Facebook_BYD និងTesla
ក្រុមហ៊ុនចិន BYD បាននាំមុខក្រុមហ៊ុនអាម៉េរិក Tesla ជាលើកដំបូងដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីមានការលក់ដាច់បំផុតរបស់ពិភពលោកនៅត្រីមាសទី៤ ។ នេះតាមកាសែត The Wall Street Journal នៅថ្ងៃទី២ ខែមករា។

 
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ក្រុមហ៊ុន BYD លក់រថយន្តបានចំនួន ៥២៦ពាន់គ្រឿងដែលច្រើនជាងក្រុមហ៊ុន Tesla លក់បានត្រឹមតែ ៤៨៥ពាន់គ្រឿងរយៈពេលដូចគ្នា។ សម្រាប់ពេញមួយឆ្នាំ Tesla នៅតែជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោក ដោយការលក់កើនដល់ ១,៨១លានគ្រឿងនៅទូទាំងពិភព ទោះបីជាអត្រាកំណើនបានថយចុះក៏ដោយ។ ចំណែកការលក់រថយន្តអគ្គិសនីសុទ្ធរបស់ BYD ក្នុងឆ្នាំ២០២៣ មានត្រឹមតែ ១,៦លានគ្រឿងប៉ុណ្ណោះ។
 
BYD ដែលបានចាប់ផ្តើមជាក្រុមហ៊ុនផលិតថ្មដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ បានវិវត្តទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅចិន។ ការកើនឡើងនៃ BYD បង្ហាញពីភាពលេចធ្លោរបស់ចិននៅក្នុងវិស័យរថយន្តអគ្គិសនី។ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានសម្របខ្លួនលឿនជាងក្រុមហ៊ុនរថយន្តលោកខាងលិចក្នុងការនាំយកមកទីផ្សាររថយន្តអគ្គិសនីដែលបំពាក់ដោយបច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់។
 
ម៉ូដែលរថយន្តអគ្គិសនីរបស់ BYD ភាគច្រើនមានតម្លៃគួរសមជាង Tesla ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិនក្នុងការពង្រីកចំណែកទីផ្សាររបស់ខ្លួន។ BYD មិនទាន់លក់រថយន្តអគ្គិសនីនៅទីផ្សារអាម៉េរិកទេ ប៉ុន្តែកំពុងពង្រីកទូទាំងពិភពលោករួមទាំងអឺរ៉ុបផងដែរ។ Tesla នៅតែរក្សាបាននូវចំណែកទីផ្សារស្ថិរភាពនៅក្នុងទីផ្សារ ចិន ដែលស្មើនឹង ១២ភាគរយនៃរថយន្តអគ្គិសនីដែលបានលក់ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ 
 
Tesla ត្រូវបានរំពឹងថានឹងដាក់បង្ហាញរថយន្តជំនាន់ថ្មី រួមទាំងម៉ូដែលថោកជាង ជាមួយនឹងគោលដៅកាត់បន្ថយថ្លៃដើមផលិតកម្មពាក់កណ្តាល។ បច្ចុប្បន្ននេះ ម៉ូដែលរថយន្តថោកបំផុតរបស់ក្រុមហ៊ុន Tesla គឺម៉ូដែល 3 Sedan ដែលមានតម្លៃចាប់ពី ៣,៩ម៉ឺនដុល្លារនៅអាម៉េរិក។ នៅចុងឆ្នាំ២០២៣ Tesla ចាប់ផ្តើមចែកចាយរថយន្តភីកអាប់ Cybertruck ដល់អតិថិជនដំបូង ក្នុងបរិបទដែលក្រុមហ៊ុនមិនបានបញ្ចេញរថយន្តស៊េរីថ្មីណាមួយក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។
 
យោងតាមទិន្នន័យ GlobalData នៅឆ្នាំ២០២៣ Tesla នឹងសម្រេចបាននូវអត្រាកំណើននៃការលក់ ៣៨ភាគរយលឿនជាងអត្រា ៣៣ភាគរយនៃទីផ្សាររថយន្តអគ្គិសនីពិភពលោក។ ក្រុមហ៊ុនរថយន្តអគ្គិសនីលេខមួយរបស់ពិភពលោកនឹងប្រកាសរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៣ របស់ខ្លួននៅថ្ងៃទី២៤ ខែមករា។ អ្នកវិភាគបានព្យាករថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Tesla នៅឆ្នាំ២០២៣ នឹងកើនឡើងប្រហែល២០ភាគរយ ដែលឈានដល់ ៩៧ពាន់លានដុល្លារ។
 
យ៉ាងណាមិញ ប្រាក់ចំណេញពេញមួយឆ្នាំត្រូវបានរំពឹងថានឹងថយចុះមកនៅត្រឹម ៩,៣ពាន់លានដុល្លារ ធ្លាក់ចុះ ២៦ភាគរយបើធៀបនិងចំនួន ១២,៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ។ ហេតុផលគឺដោយសារតែការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីកាន់តែខ្លាំងក្លា ដែលបង្ខំឱ្យក្រុមហ៊ុន Tesla ត្រូវតែបញ្ចុះតម្លៃលក់នៅឆ្នាំ២០២៣ ដែលបណ្តាលឱ្យប្រាក់ចំណេញធ្លាក់ចុះ៕ 
 

Tag:
 BYD
  Tesla
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com