RFI
សុខភាព
អន្តរជាតិ
តើមានការខឹងដែលល្អសម្រាប់សុខភាពដែរឬ ?
07, Jan 2024 , 9:59 pm        
រូបភាព
ខឹង ល្អសម្រាប់សុខភាពឬ
ខឹង ល្អសម្រាប់សុខភាពឬ
ដោយ៖ អៀង សុខម៉ិញ
 
ខឹងខុស ខឹងខាត ខឹងខូច ! ខឹងច្រើនឆាប់ចាស់ ... ពាក្យថាខឹងមិនល្អទេ តែខឹងជាអាកប្បកិរិយាមួយដែលមនុស្សគ្រប់រូបតែងសម្តែងឡើងនៅពេលជួប ឬមិនពេញនឹងស្ថានការណ៍អ្វីមួយ។ ហេតុអ្វីបានជាយើងត្រូវខឹង ? ខឹងអាចជាអាការៈជំងឺ ទាក់ទងនឹងវិបត្តិផ្លូវចិត្តដែរឬទេ ? តើគេអាចពន្លត់កំហឹងបានដោយវិធីណា?


 
សូមស្តាប់ការពន្យល់របស់លោកវេជ្ជបណ្ឌិត Adrien Chaboche អតីតប្រធានគ្លីនីកសកលវិទ្យាល័យ ឯកទេសចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលព្យាបាលការឈឺចុកចាប់ Ambroise Paré។ 
ខឹង ភ័យ កើតទុក្ខ សប្បាយ ជាអារម្មណ៍ធម្មជាតិមួយរបស់មនុស្ស។ ប៉ុន្តែ នៅក្នុងសង្គមនិងក្នុងស្ថានភាពជាក់ស្តែងនៃការរស់នៅប្រចាំថ្ងៃ ការខឹង ត្រូវបានគេចាត់ទុកថា “មិនល្អ”ទេ។




ប៉ុន្តែផ្ទុយពីការគិត ការបញ្ចេញកំហឹងមិនមែនជាអ្វីដែលសុទ្ធតែអាក្រក់ និងអវិជ្ជមានឡើយ 
 
Dr Adrien Chaboche ៖ “បាទ ! ហើយថែមទាំងជាប្រការល្អ និងមិនអាចខ្វះបានទៀតផង សម្រាប់ទ្រទ្រង់យើងឱ្យមានសុខភាពល្អ។ ត្រូវចងចាំថា ខឹង គឺជាអារម្មណ៍ ធម្មជាតិរបស់មនុស្ស។ ឥន្ធនូមាន៧ពណ៌ ខ្វះពណ៌ណាមួយគេមិនហៅថាឥន្ធនូទេ យ៉ាងណាមិញ មនុស្សយើង ត្រូវការអារម្មណ៍ ខឹង នេះដើម្បីបញ្ចេញប្រតិកម្មតបទៅនឹងស្ថានការណ៍នៅចំពោះមុខ។ ដូច្នេះ ការខឹង មិនមែនសុទ្ធតែអវិជ្ជមានទេ។ 
 
តើមានរឿងអ្វីកើតឡើងនៅពេលយើងខឹង ?! ខឹងមានច្រើនដំណាក់ និងខុសៗគ្នា។ ខឹងជាប្រតិកម្មធម្មតា និងត្រឹមត្រូវរបស់ទារក និងក្មេងតូច ព្រោះជាវិធីទាក់ទងតែមួយគត់របស់ពួកគេ។ ដោយមានការអប់រំនិងតម្រែតម្រង់របស់ឪពុកម្តាយ ក្មេងចាប់ពីអាយុបួនឆ្នាំឡើងទៅ ចាប់ដឹងនិងចេះគ្រប់គ្រងកំហឹងរបស់ខ្លួន។ ខឹង មានតួនាទី និងមានអត្ថប្រយោជន៍ ដ៏ចាំបាច់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែគេអាចច្រលំគ្នាច្រើនរវាង ខឹង និងការមិនចេះគ្រប់គ្រងកំហឹង ឬច្រលំនឹងអំពើហិង្សា។ អំពើហិង្សា ជាការចង់បំផ្លាញអ្នកផ្សេង ឯការខឹងគឺជាការធានារក្សា-គោរពខ្លួនឯង និងគោរពអ្នកដទៃ។ ខឹង ជាការគណនាអារម្មណ៍ខុស ៖ ខុសពីការរំពឹង ពីការគិត ពីអ្វីដែលខ្លួនចង់បាន ក្នុងរឿងមួយ ហើយខឹងតែងមានភ្ជាប់ដោយប្រតិកម្មដ៏រហ័សរបស់ខ្លួនប្រាណផ្សេងទៀត ដូចជា បេះដូងលោតញាប់ ឡើងសម្ពាធឈាម ...។ និយាយដោយខ្លី ការខឹងជាថាមពលផ្នែកការពារដែលប៉ោងឡើងខ្លាំង ហើយស្វែងរកច្រកចេញ។ ប្រសិនបើបញ្ចេញមិនទាន់ ឬបញ្ចេញជ្រុលហួសហេតុពេក វាអាចនាំឱ្យមានបញ្ហាផ្សេង។ បញ្ហាដែលយើងតែងច្រលំគ្នាថាការខឹង មានន័យស្មើនឹង ហិង្សា តែតាមការពិតវាមិនមែនទេ។
 
ខឹងមិនមែនជាអ្វីដែលអវិជ្ជមានមែន សម្រាប់លោកជាគ្រូពេទ្យ។ ប៉ុន្តែសង្គមមនុស្ស និងការងារបានបង្រៀនយើងឱ្យចេះអត់ធ្មត់ កុំបញ្ចេញកំហឹងតាមទំនើងចិត្ត។ បើជាមេដឹកនាំគេទៀត គេរឹតតែឱ្យចេះអត់ធ្មត់មែនទែន។ គ្រប់គ្នាសុទ្ធដឹងថាបើជះកំហឹងមិនត្រូវទំនងវាអាចនឹងធ្វើឱ្យខូចប្រយោជន៍ធំ។ តែ មានមនុស្សមួយចំនួន ទោះដឹងក៏ដោយ ក៏ពិបាកទប់ និងច្រើនតែបញ្ចេញកំហឹងខ្លាំងជ្រុល នៅពេលខឹង។ តើលោកវេជ្ជបណ្ឌិតមានមានវិធីសម្រាលកំហឹងដែរឬទេ?
 
 Dr Adrien Chaboche ៖ មិនត្រូវទប់កំហឹងក្នុងខ្លួនទាំងស្រុងទេ ព្រោះបើយើងផ្អិបកំហឹងទុក វានឹងប្តូរទម្រង់ ទៅជាសម្ពាធ និងធ្វើឱ្យយើងមានទុក្ខកង្វល់។ អ្វីដែលខ្ញុំអាចផ្តល់ជាដំបូន្មាន និងជាការសាកល្បងដំណោះស្រាយនៅពេលខឹង គឺយើងសុទ្ធតែដឹងខ្លួនថាកំពុងខឹង ដូច្នេះសូមសាកល្បងទុកដាក់ក្នុងខ្លួន ជាបណ្តោះអាសន្ន បានហើយ។ កុំលាក់ទុកក្នុងខ្លួនទាំងស្រុង។ ទុកកំហឹងក្នុងខ្លួនតែមួយភ្លែតបានហើយ។ នៅពេលដឹងថាកំហឹងចាប់ប៉ោងឡើងហើយ សូមដើរចេញមួយភ្លែត ដើរទៅក្រៅផ្ទះ ទៅសួនច្បារ មួយជុំ ដោយយកការខឹងទៅមួយផង។ ខ្ញុំមិនឱ្យអ្នកលុបកំហឹងទាំងស្រុងទេ ព្រោះខ្ញុំដឹងថាធ្វើមិនកើត។ ដើរមួយជុំ ដកដង្ហើមវែងៗ ហើយចាប់សួរខ្លួនឯង នៅពេលនោះថា ហេតុអ្វីបានជាអញខឹងដល់ម្លឹង ?! ខឹងជាប្រតិកម្មរបស់ខ្លួនយើងនឹងអ្វីមួយ អ្នកអាចខឹងខ្លាំង ខឹងជ្រុល ឆេវឆាវហួសហេតុ តែខឹងតែងតែមានមូលហេតុ។ ខឹងមិនដែលគ្មានមូលហេតុទេ។ ដូច្នេះបើដឹងអំពីមូលហេតុនៃការខឹងហើយ ដើរឬធ្វើចលនាបន្តិចទៅ អ្នកនឹងបញ្ចេញថាមពល (ខឹង) នោះចេញបានខ្លះ រួចត្រលប់មកបញ្ចេញកំហឹងវិញ ក្នុងកំរិតសមរម្យល្មមដែលអ្នកចង់បាន។
 
ខឹង ជាអារម្មណ៍ធម្មជាតិមួយ ដែលត្រូវបញ្ចេញ ដោយចេះគ្រប់គ្រង ព្រោះការបៀមកំហឹងលាក់ក្នុងខ្លួនមិនល្អទេ វាអាចជាប្រភពនៃការកើតទុក្ខ ?
 
Dr Adrien Chaboche ៖ មែនហើយ ការខឹងអាចជាប្រភពនៃទុក្ខកង្វល់ ព្រោះយើងមានជម្លោះនឹងគំនិតរបស់ខ្លួនឯង។ ដូចខ្ញុំបានលើកឡើងពីខាងដើម ទាល់តែមានហេតុ បានកើតជា ខឹង។ ខឹង មានប្រភពជានិច្ច លើកលែងតែករណី ខឹងជាជំងឺ។ មានមូលហេតុទើប ចេញជាខឹងបាន គ្រាន់តែពេលខ្លះយើងមិនដឹង ឬរកមិនឃើញ ព្រោះវាមានកប់ជ្រៅក្នុងខ្លួនយើងពេក។ សាកល្បងនិយាយទៅកាន់កូនពេលខឹង ថាប៉ា/ម៉ាក់ខឹងនឹងកូនដែល ... និយាយដល់ត្រឹមណេះ យើងរក មូលហេតុនៃការខឹងឃើញហើយ។ សូមកុំសង្កត់ចិត្តអត់ធ្មត់ បង្គាប់ខ្លួនឯងថា “មិនត្រូវខឹងទេ” ឱ្យសោះ វាមិនបានការទេ ព្រោះវានឹងធ្វើឱ្យយើងកាន់តែមានជម្លោះនឹងអារម្មណ៍ខ្លួនឯង។
 
ដូចគ្នានេះដែរ ការដើរ ការរត់ ការធ្វើចលនា ការផ្តាច់ខ្លួនឱ្យនៅម្នាក់ឯង ដើម្បីសម្រួលអារម្មណ៍ បញ្ចេញថាមពលរំសាយកំហឹង និងដើម្បីគ្រប់គ្រងកំហឹងរបស់ខ្លួន មិនគ្រប់គ្រាន់សម្រាប់បំបាត់ទុក្ខព្រួយបង្កឡើងដោយការខឹងទេ ប្រសិនបើយើងមិននិយាយឱ្យចេញផុតពីពោះនោះ។ មូលហេតុដែលនាំឱ្យខឹង បន្តស្ថិតនៅក្នុងខ្លួនយើងជានិច្ច ព្រោះយើងមិនបានបណ្តោះវាឱ្យចេញពីខ្លួន។ ដើម្បីរំសាយកំហឹង យើងគួរតែទៅនិយាយ ជាមួយអ្នកដែលធ្វើឱ្យយើងខឹង។ សរុបមក ត្រូវចេះគ្រប់គ្រងកំហឹង ដោយដើរ ដោយធ្វើចលនា ដោយការដកខ្លួនយកពេលពិចារណា ហើយត្រូវត្រលប់មកបកស្រាយកំហឹងវិញ ជាមួយនឹងអារម្មណ៍នឹងនរ ដោយប្រើភាសាល្អៗ សមរម្យ មិនមែនជាពាក្យធ្ងន់ៗ។
 
តើមានករណី ខឹង ជាជំងឺដែរទេ ?
 
 Dr Adrien Chaboche ៖ មាន ករណីខឹងខ្លះអាចមានពាក់ព័ន្ធនឹងជំងឺផ្លូវចិត្ត។ ឧទារហណ៍អ្នកមានវិបត្តិអត្តចរិក borderline ជាមនុស្សឆេវឆាវខ្លាំង ងាយផ្ទុះកំហឹង ហើយជាការខឹងខ្លាំង ខឹងអាក្រក់ ខឹងបែបកាច ដោយគ្រាន់តែឃ្នើសចិត្តបន្តិចសោះ។ ប៉ុន្តែការខឹងរបស់អ្នកជំងឺនេះ មានតួនាទីគឺរក្សាលំនឹងក្នុងខ្លួនគាត់។ សម្រាប់អ្នកជំងឺវិកលចរិក ខឹង គឺជាការខ្ជាក់-ជម្លៀសថាមពលចេញ បើពុំនោះទេអ្នកជំងឺនឹងបៀមទុក្ខកង្វល់ នៅស្ងៀមលែងសុខ៕
 
សូមអរគុណលោកវេជ្ជបណ្ឌិត។ សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត អាឌ្រីយៀង ស្ហាបូស្ហ Adrien Chaboche ជាអតីតប្រធានគ្លីនីកសកលវិទ្យាល័យ ឯកទេសចិត្តសាស្ត្រ នៅមជ្ឈមណ្ឌលព្យាបាលការឈឺចុកចាប់Ambroise Paré និងជាសហនិពន្ធសៀវភៅ ដែលមានចំណងជើងថា “ហត់ និងហើយប្រសិនបើយើងរៀនសម្រាក” បោះពុម្ពដោយFlammarion Bersilio។
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com