កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mario Zagallo ដែលជួយប្រេស៊ីលឈ្នះ World Cup ៤សម័យ ស្លាប់ក្នុងអាយុ ៩២ឆ្នាំ
07, Jan 2024 , 5:19 pm        
រូបភាព
វីរបុរសបាល់ទាត់ប្រេស៊ីល លោក Mario Zagallo ដែលធ្លាប់លើកពាន World Cup ៤ដងក្នុងនាមជាកីឡាករ និងគ្រូបង្វឹក បានទទួលមរណភាពក្នុងអាយុ ៩២ ឆ្នាំ។



ក្រោយមរណភាពនេះ លោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានចូលរួមរំលែកទុក្ខ និងលើកសរសើរលោក Zagallo ជាកីឡាករ និងជាគ្រូបង្វឹកកីឡាបាល់ទាត់ដ៏អស្ចារ្យបំផុតម្នាក់លំដាប់ពិភពលោក។
 
ប្រធានាធិបតីប្រេស៊ីល សរសេរលើបណ្តាញសង្គម X ថា៖ «លោក Zagallo ជាបុគ្គលគំរូ និងជាអ្នកផ្តលើស្មារតី ក្តីស្រលាញ់ សម្រាប់ពលរដ្ឋប្រេសីល តាមរយៈការលះបង់ និងស្នាដៃ មុនពេលលោកចាកចេញ»។
 
លោក Zagallo ជាអតីតខ្សែបម្រើស្លាបរបស់ក្រុមជម្រើសជាតិប្រេស៊ីល អំឡុងពេលក្រុមទ្វីបអាម៉េរិកឡាទីនឈ្នះ World Cup ពីរសម័យជាប់គ្នា ក្នុងឆ្នាំ ១៩៥៨ និង ១៩៦២។
ក្រៅពីប្រកអាជីពជាកីឡាករ លោក Zagallo ក៏ធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមសាំបាប្រេស៊ីលផងដែរ ដោយលើកដំបូងចន្លោះឆ្នាំ១៩៦៧ និង១៩៧៤ និងលើកទី២ ពីចន្លោះឆ្នាំ១៩៩១ និង១៩៩៨។ អំឡុងពេលដឹកនាំក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៧០ ប្រេស៊ីលដែលមានកីឡាករឆ្នើម Pele និង Carlos Alberto ជាសមាជិកក្រុម បានក្លាយជាជើងឯក។
 
ជ័យជម្នះចុងក្រោយរបស់ Zagallo បានកើតឡើងក្នុងនាមជាជំនួយការគ្រូបង្វឹករបស់លោក Carlos Alberto Parreira នៅពេលប្រេស៊ីលឈ្នះពានរង្វាន់បាល់ទាត់ម្តងទៀត ក្នុងឆ្នាំ ១៩៩៤។ ក្រោមការដឹកនាំរបស់លោក Zagallo ជាថ្មីនៅឆ្នាំ១៩៩៨ ប្រេស៊ីលប៊ិះនឹងទទួលបានជើងឯក World Cup ម្តងទៀត ប៉ុន្តែចាញ់បារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ។ 
 
Zagallo ដែលប្រកបអាជីពកីឡាករក្នុងក្លិប Flamengo និង Botafogo ជាមនុស្សដំបូងគេដែលបានឈ្នះពាន World Cup ក្នុងនាមជាកីឡាករ និងជាអ្នកគ្រូបង្វឹក ដែលបន្តបន្ទាប់មកមានលោក Franz Beckenbauer របស់អាល្លឺម៉ង់ និង Didier Deschamps របស់បារាំង៕
 

Tag:
 Mario Zagallo
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com