RFI
សុខភាព
អន្តរជាតិ
ម៉ាស្សា មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?
08, Jan 2024 , 8:59 am        
រូបភាព
ម៉ាស្សាតាមបែបតួកគី
ម៉ាស្សាតាមបែបតួកគី
ដោយ៖ អៀង សុខម៉ិញ
 
ច្របាច់ម៉ាស្សាឬធ្វើសរសៃ ម៉ាស្សាខ្មែរ ឬម៉ាស្សាថៃ ម៉ាស្សាចិនឬម៉ាស្សាឥណ្ឌា ... គេថាម៉ាស្សាមានគុណប្រយោជន៍ច្រើន។ ប៉ុន្តែតើម៉ាស្សាមានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងដូចម្តេច ? តើត្រូវជ្រើសរើសម៉ាស្សាប្រភេទណា ?


 
នៅប្រទេសបារាំង ពាក្យថា ម៉ាស្សា ត្រូវបានកំណត់និងឱ្យនិយមន័យយ៉ាងច្បាស់លាស់ មានចែងក្នុងច្បាប់ឆ្នាំ១៩៩៦។ “ម៉ាស្សា ជាការច្របាច់ លើផ្នែកខាងក្រៅនៃខ្លួនប្រាណ ប៉ះផ្ទៃស្បែក ដោយដៃ ឬដោយជំនួយម៉ាស៊ីន ដើម្បីព្យាបាលជំងឺក៏បាន មិនមែនដើម្បីព្យាបាលជំងឺអ្វីមួយក៏បាន។ ពោលគឺវេជ្ជសាស្ត្របារាំងបានបែងចែងការម៉ាស្សាជាពីរប្រភេទ គឺម៉ាស្សាសម្រាប់ព្យាបាលរោគដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ និងធ្វើដោយអ្នកជំនាញ និងម៉ាស្សាដើម្បីបានស្រួលខ្លួន។ តាមច្បាប់ក្បួន ទោះជាម៉ាស្សាដើម្បីភាពស្រណុកសុខស្រួល ក៏ត្រូវធ្វើឡើងដោយអ្នកជំនាញដែលបានទទួលការសិក្សាមានសញ្ញាប័ត្រត្រឹមត្រូវដែរ។ ការធ្វើម៉ាស្សា លាបលន ច្របាច់អង្អែល ដែលជាសេវាបម្រើភ្ញៀវ ផ្តល់ផាសុកផ្លូវកាយនិងផ្លូវចិត្តអារម្មណ៍ នៅតាមកន្លែង និងដោយអ្នកជំនាញផ្នែកកែសម្ផស្ស គ្មានសិទ្ធិប្រើពាក្យថាម៉ាស្សាឡើយ។ 



 
ម៉ាស្សាជាវិធីសាស្ត្រដ៏ចំណាស់មួយ ដែលមានធ្វើតាំងពីសម័យបុរប្រវត្តិ។ បើតាមឯកសារចិន មនុស្សចេះធ្វើម៉ាស្សាតាំងពី ៣០០០ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ។ ពួកក្រិក រ៉ូម៉ាំង ក៏ធ្លាប់ប្រើវិធីម៉ាស្សានេះដែរ ដើម្បីឱ្យឆាប់ជា និងបន្ធូរបន្ថយការឈឺចាប់។ ប៉ុន្តែទោះបីដឹងថា ម៉ាស្សាផ្តល់គុណប្រយោជន៍ច្រើនមែនក៏ដោយ ក៏ម៉ាស្សាទើបចាប់ផ្តើមពេញនិយមក្នុងពិភពអ្នកវិទ្យាសាស្ត្រនាពេលចុងក្រោយនេះប៉ុណ្ណោះ។ មានន័យថាពេលនេះ គុណប្រយោជន៍នៃម៉ាស្សាត្រូវបានទទួលស្គាល់ តាមបែបវិទ្យាសាស្ត្រឬ ? សូមស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Linh Vu-Ngoc ដែលមានជំនាញជាគ្រូពេទ្យកីឡា
“ជាការពិតណាស់ ! វិទ្យាសាស្ត្រពិតបានរកឃើញនិងបញ្ជាក់យ៉ាងច្បាស់ថា ម៉ាស្សាមានគុណប្រយោជន៍ដល់សុខភាព។ មានការសិក្សាជាច្រើនដែលបង្ហាញឱ្យឃើញថា បើកីឡាករណាម្នាក់ ឬអ្នករបួសណាម្នាក់ បានទទួលតែការហាត់ស្តារនីតិសម្បទា  ក្រោយជាពីរបួស បានទទួលលទ្ធផលមិនគាប់ប្រសើរដូចអ្នកជំងឺដែលបានទទួលការហាត់ស្តារនីតិសម្បទារួមជាមួយនឹងការធ្វើម៉ាស្សាទេ។ នៅពេលអ្នកជំងឺ បានទទួលការហាត់ស្តារនីតិសម្បទា បូកនិងការធ្វើម៉ាស្សា នោះអ្នកជំងឺនោះនឹងមានស្ថានភាពសុខភាពប្រសើរឡើងខ្លាំង និងក្នុងរយៈពេលដ៏លឿនទៀត។”
ម៉ាស្សាត្រូវបានអនុវត្តធ្វើសម្រាប់ជំនួយព្យាបាលជំងឺជាច្រើនប្រភេទខុសៗគ្នា និងសម្រាប់សម្រួលអាការៈឈឺចាប់តិចតួច។ ក្រៅពីជួយសម្រាកកាយ សម្រួលសាច់ដុំ ម៉ាស្សាជាមិត្តដ៏ល្អរបស់អ្នកមានស្ត្រេស មានកង្វល់ច្រើន។ អ្នកដែលពុំសូវមានកម្លាំង និង ថាមពល អាចទៅរកសេវាម៉ាស្សាដើម្បីផ្តល់លំនឹងដល់សរីរាង្គកាយ។ ក្រៅអំពីជួយបន្ធូរភាពតានតឹងនៅសាច់ដុំ ម៉ាស្សាក៏អាចជួយកម្ចាត់ភាពតានតឹងផ្លូវចិត្ត តាមរយៈការធ្វើម៉ាស្សា តាមបច្ចេកទេសជំនាញផ្សេងៗគ្នា។
 
ម៉ាស្សាមានច្រើនប្រភេទ ហើយម៉ាស្សានីមួយៗផ្តល់ប្រយោជន៍ និងផលល្អចំពោះសុខភាពខុសៗគ្នា។ ឧទាហរណ៍ ៖
 
ម៉ាស្សាចិន Shiatsu ផ្តល់លំនឹងដល់សរីរាង្គកាយនិងផ្តល់ថាមពលដល់ខ្លួនប្រាណ
ម៉ាស្សាឥណ្ឌា អាយុវេឌិក ayurvedique ជាម៉ាស្សាដ៏ល្អប្រពៃសម្រាប់បណ្តោះភាពតានដឹងនៃប្រព័ន្ធប្រសាទ និងកម្ចាត់បណ្តេញជាតិពុលក្នុងសរីរាង្គ
ម៉ាស្សាបែបបូព៌ា ជួយបន្ទន់សាច់ដុំ និងពន្លារខ្លួន
ម៉ាស្សាបែបថៃ ដែលជាវិធីម៉ាស្សាកូនកាត់រវាងម៉ាស្សាចិននិងឥណ្ឌា អាចជួយការពារកុំឱ្យកើតជំងឺមួយចំនួន និងគ្រប់គ្រងសរីរាង្គ
ម៉ាស្សាបែបស៊ុយអែត ជួយពង្រឹង បង្កើនកម្លាំងសាច់ដុំ
ម៉ាស្សាបែបកាលីហ្វញ៉ា សម្រួលឱ្យខ្លួនបា្រណបានជួបភាពធូរស្រាល បំបាត់ភាពតានតឹងផ្លូវកាយនិងផ្លូវចិត្ត
ម៉ាស្សាបែបលីបង់ ធ្វើឱ្យខ្លួនប្រាណកាន់តែរឹងមាំ
ម៉ាស្សាបែបកាស្មៀរ ជួយឱ្យរក្សាញាណឱ្យនៅវៀងវ័យ
 
ចុះតាមបែបវិទ្យាសាស្ត្រ ម៉ាស្សាត្រូវបានគេទទួលស្គាល់យ៉ាងណា ? យើងស្តាប់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Linh Vu-Ngoc ជាថ្មី ៖
 
“ម៉ាស្សាជាការព្យាបាលដ៏ចាំបាច់ ចំពោះគ្រប់ជំងឺទាក់ទងនឹងសរសៃសាច់ដុំនិងសន្លាក់។ ម៉ាស្សាជាការព្យាបាល ការប៉ះពាល់ដោយផ្ទាល់ដៃ ដោយការច្របាច់ អង្អែល ត្រដូសលើស្បែក ជ្រាបដល់សាច់ដុំ។ គឺជាការព្យាបាលដោយជាកាយវិការដ៏សំខាន់ក្នុងការសម្រួលអាការៈតានតឹងរបស់អ្នកជំងឺ។
 
អ្នកវិទ្យាសាស្ត្រមិនចាត់ទុកថា ការធ្វើម៉ាស្សាថាការព្យាបាលជំងឺផ្លូវចិត្តទេ។ នៅពេលប៉ះពាល់ច្របាច់លើសាច់លើរាងកាយទៅ នឹងមានការរីកសាយភាយសារធាតុអ័រមូនអង់ដូហ្វីន អ្នកជំងឺបានទទួលអារម្មណ៍ថាធូរស្បើយ ស្រាកស្រាន្ត មានផាសុក មានសុខមាលភាព កាត់បន្ថយអាការៈស្ត្រេសបានខ្លះមែន ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់ជាប្រើជាការព្យាបាលជំងឺផ្លូវចិត្ត បំបាត់ទុក្ខព្រួយកង្វល់បានទេ។ ម៉ាស្សាក៏មិនគ្មានឥទ្ធិពលជាថ្នាំព្យាបាលជំងឺរលាកបង្កឡើងដោយមេរោគដែរ។
 
ប្រសិនបើអ្នកមានពេលធ្វើម៉ាស្សាមុខជារៀងរាល់ថ្ងៃ នោះសាច់ដុំតូចៗនៅជាប់ផ្ទាល់ក្រោមស្បែកដែលជាភ្នាក់ងារបង្កឱ្យមានស្នាមជ្រីវជ្រួញ មិនសូវមានសម្ពាធ មិនសូវតានតឹង ពោលគឺការធ្វើម៉ាស្សានឹងអាចជួយអាចជួយពន្យឺតស្បែកមុខកុំឱ្យឆាប់ជ្រីវជ្រួញ។ ម៉ាស្សាជាមិត្តដ៏ប្រពៃ និងមិនអាចខ្វះបានរបស់កីឡាករអាជីព។ របួសខ្លះ ត្រូវការឱ្យកីឡាករជួបអ្នកជំនាញម៉ាស្សាមុនគ្រូពេទ្យផងក៏មាន។”
 
ប៉ុន្តែសូមកុំជ្រើសរើសការធ្វើម៉ាស្សាតាមតែចិត្តនឹងឃើញឱ្យសោះ។ នៅក្នុងវិស័យនេះ អ្នកអាចជួបអ្នកធ្វើម៉ាស្សាដៃល្អខ្លាំង តែអ្នកអត់ចេះអីក៏មានច្រើន។ សូមសាកសួរឱ្យបានហ្មត់ចត់ រកអ្នកដែលមានជំនាញពិតប្រាកដ ថាតើអ្នកម៉ាស្សារូបនេះប្រើបច្ចេកទេសអ្វី ផលិតផលអ្វី ហើយអ្នករង់ចាំអ្វីពីការធ្វើម៉ាស្សានេះ។ សូមចងចាំថា ប្រសិនបើអ្នកធ្វើម៉ាស្សា ធ្វើសរសៃទៅអ្នកបែរជាឈឺ មានន័យថាជាម៉ាស្សាដែលមិនត្រូវ និងអាចជាគ្រោះថ្នាក់ចំពោះសុខភាពហើយ។
 
មិនត្រូវធ្វើម៉ាស្សានៅពេលអ្នកមានជំងឺសើរស្បែក មានជំងឺបង្ករោគលើស្បែក ឬជំងឺឡើងសរសៃទេ។ សម្រាប់អ្នកមានជំងឺរលាកសរសៃឈាម និងស្ត្រីមានផ្ទៃពោះដែលមានបញ្ហាសរសៃវែន ម៉ាស្សាអាចជាកាយវិការដ៏គ្រោះថ្នាក់ ព្រោះម៉ាស្សាអាចសម្រួលចរន្តឈាម ធ្វើឱ្យដុំកំណកឈាមតូចដាច់ចេញផ្ទាំងសរសៃឈាម ហើយហូរបាំងទៅស្ទះ សរសៃអាទែរ នៅម្តុំបេះដូង ឬទៅបាំងផ្លូវសួត ជាហេតុបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរទៅវិញ។ បើមានបញ្ហានៅក ថ្លោះគ្រេច ដែលពាក់ព័ន្ធនឹងឆ្អឹងខ្នង នឹងក សុំប្រុងប្រយ័ត្នមែនទែន ក្នុងការធ្វើសរសៃឬម៉ាស្សា ព្រោះបើប៉ះចំលើអ្នកគ្មានជំនាញ ការសម្រួលសរសៃ កាច់ដៃកាច់ជើង កាច់កឮសូរប្រឹបៗពិរោះស្តាប់មែន តែអាចធ្វើឱ្យយើងពិការ និងមានបញ្ហា កាន់តែ ធ្ងន់ធ្ងរទៅវិញ៕

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com