អន្តរជាតិ
បង់ក្លាដែស៖ លោកស្រីនាយករដ្ឋមន្ត្រី Hasina បន្តជាប់ឆ្នោតនៅ​អាណត្តិទី៥ ខណៈ​អវត្តមាន​បក្សប្រឆាំង
08, Jan 2024 , 10:31 am        
រូបភាព
លោកស្រី Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដែស (ពីខាងឆ្វេងលំដាប់ទីពីរ) នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៧ ខែមករា។ រូបភាព Xinhua
លោកស្រី Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដែស (ពីខាងឆ្វេងលំដាប់ទីពីរ) នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៧ ខែមករា។ រូបភាព Xinhua
លោកស្រី Sheikh Hasina បន្តជាប់ឆ្នោតជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៥ របស់បង់ក្លាដែស ក្រោយបក្សរបស់លោកស្រីឈ្នះការបោះឆ្នោតសភាជាច្រើនអាសនៈ នៅថ្ងៃទី៧ ខែមករា។ ការឈ្នះការបោះឆ្នោតនេះ ធ្វើឱ្យលោកស្រី Hasina ក្លាយជាប្រមុខរដ្ឋាភិបាលស្រ្តី ដែលកាន់តំណែងដ៏យូរជាងគេម្នាក់។

 
«បក្សសម្ព័ន្ធ Awami របស់លោកស្រី Sheikh Hasina បានឈ្នះការបោះឆ្នោតហើយ»។ អ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត បានបញ្ជាក់បែបនេះ ទៅកាន់ទីភ្នាក់ងារ AFP នៅថ្ងៃទី៨ ខែមករា។ 
 
តាមទិន្នន័យបឋម បក្សសម្ព័ន្ធ Awami បានទទួលកៅអីនៅក្នុងសភាយ៉ាងហោចណាស់ ២២០ ក្នុងចំណោមអាសនៈ ៣០០។ ចំណែកលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសនៅពេលក្រោយក្នុងថ្ងៃទី៨ ខែមករា។ ការទទួលបានអាសនៈដ៏ច្រើនសន្ធឹកនេះ នឹងបើកផ្លូវឱ្យលោកស្រី Hasina បន្តកាន់តំណែងជាប្រមុខរដ្ឋាភិបាលនៅក្នុងអាណត្តិទី៥។ 
 
ជាការពិត លោកស្រី Hasina ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីលើកដំបូង នៅចន្លោះឆ្នាំ១៩៩៦ ដល់២០០១ មុនពេលចាញ់ការបោះឆ្នោត។ ក្នុងការបោះឆ្នោតសភា ឆ្នាំ២០០១ សម្ព័ន្ធបក្សទាំង៤ ដឹកនាំដោយបក្សអ្នកជាតិនិយម (BNP) បានឈ្នះការបោះឆ្នោត។ រហូតដល់ឆ្នាំ២០០៩ លោកស្រី Hasina បានត្រលប់មកកាន់តំណែងជានាយករដ្ឋមន្រ្តីរហូតដល់ពេលបច្ចុប្បន្ន។ 
 
នៅថ្ងៃទី៧ ខែមករា បង់ក្លាដែស ដែលស្ថិតនៅអាស៊ីខាងត្បូង បានរៀបចំការបោះឆ្នោតសភា។ យ៉ាងណាមិញ អ្នកចេញទៅបោះឆ្នោតមានត្រឹម ៤០ភាគរយ នៃចំនួនប្រជាជន ១២០លាននាក់ ដែលគ្រប់អាយុបោះឆ្នោតប៉ុណ្ណោះ។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក Kazi Habibul Awal បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែមករា។ 
 
ការចេញទៅបោះឆ្នោតដ៏តិចនេះ កើតមានស្របពេលបក្សអ្នកជាតិនិយម (BNP) ដែលជាបក្សប្រឆាំងដ៏សំខាន់ បានពហិការមិនចូលរួមការបោះឆ្នោត ក្រោយសមាជិករបស់ខ្លួនជាច្រើនរូបត្រូវបានចាប់ខ្លួន និងចាត់ទុកការបោះឆ្នោតមួយនេះ ជាការខ្មាសអៀន។ បក្សប្រឆាំងនៅបង់ក្លាដែសនេះ ក៏បានអំពាវនាវឱ្យមានបាតុកម្មផងដែរ។ 
 
ក្នុងថ្ងៃបោះឆ្នោត វាមានការដុតទីតាំងបោះឆ្នោត រួមទាំងមានការដុតរថភ្លើងផងដែរ ដែលបង្កមនុស្សយ៉ាងហោចណាស់ ៤នាក់ ក្នុងនោះមានកុមារ ២នាក់ បាត់បង់ជីវិត។ 
 
កន្លងមក បង់ក្លាដែស ក្រោមការដឹកនាំរបស់លោកស្រី Hasina មានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង។ តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក បង់ក្លាដែស មានកំណើនសេដ្ឋកិច្ច ៧,១ភាគរយ នៅក្នុងឆ្នាំ២០២២។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោកស្រី Hasina ក៏រងការចោទប្រកាន់ពីការបំពានសិទ្ធិមនុស្ស និងបង្រ្កាបលើបក្សប្រឆាំងផងដែរ៕ 

Tag:
 បង់ក្លាដែស
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com