សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុ​ន BCA Research ៖ តម្លៃមាសអាចឡើងដល់ ២២០០ដុល្លារក្នុងមួយអោនស៍
08, Jan 2024 , 11:49 am        
រូបភាព
រូបភាពពី Xinhua
រូបភាពពី Xinhua
តម្លៃមាសពិភពលោកបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០០០ដុល្លារក្នុងមួយអោនស៍។ ក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ BCA Research បានព្យាករថា លោហៈដ៏មានតម្លៃនេះអាចកើនឡើងដល់២២០០ ដុល្លារ ក្នុងមួយអោនស៍នៅឆ្នាំនេះ។

 
នៅក្នុងរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីនេះដោយ BCA Research ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារដែលបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ បាននិយាយថា មាសនៅតែជាទំនិញដ៏សំខាន់មួយដែលត្រូវបានជួញដូរយ៉ាងសកម្មសម្រាប់ការពារហានិភ័យទីផ្សារហិរញ្ញវត្ថុ និងប្រឆាំងអតិផរណា។ ទន្ទឹមនេះ លោហៈធាតុដ៏មានតម្លៃមួយនេះនឹងបន្តឡើងថ្លៃនៅឆ្នាំ២០២៤។
 
អ្នកវិភាគនៅក្រុមហ៊ុន BCA Research រំពឹងថាតម្លៃមាសនឹងកើនឡើងដល់ ២២០០ដុល្លារក្នុងមួយអោនស៍ដែលស្មើនឹងប្រហែល ១០ភាគរយពីតម្លៃបច្ចុប្បន្ន។ ១អោនស៍ មានចំនួនប្រមាណ ២៨,៣៤ក្រាម។ 
 
ខណៈពេលដែលវិនិយោគិនជាច្រើនកំពុងតាមដានសកម្មភាពរបស់ធនាគារកណ្តាលអាម៉េរិក (Fed) សម្រាប់សញ្ញាណនៃការបន្ធូរបន្ថយអត្រាការប្រាក់នោះ ក្រុមហ៊ុន BCA បានឲ្យដឹងថា មានកត្តាជាច្រើនទៀតដែលគាំទ្រដល់ការកើនឡើងតម្លៃមាស។
 
ធនាគារកណ្តាលអាចកាត់បន្ថយអត្រាការប្រាក់យឺតជាងការរំពឹងទុករបស់ទីផ្សារ។ បច្ចុប្បន្ននេះធនាគារកណ្តាលបានបង្ហាញពីសញ្ញាណនៃការកាត់បន្ថយអត្រាការប្រាក់ដល់ទៅ៣ដងនៅឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុនហិរញ្ញវត្ថុ CME ដែលឃ្លាំមើលការវិវត្តរបស់ Fed បង្ហាញថា អត្រាការប្រាក់នឹងធ្លាក់ចុះក្រោម ៤ភាគរយនៅចុងឆ្នាំនេះ។
 
ក្រុមហ៊ុន BCA មិនរំពឹងថាសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនោះទេ។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សាដែលមានមូលដ្ឋាននៅទីក្រុងម៉ុងរ៉េអាល់ (កាណាដា) មួយនេះបានឲ្យដឹងថា ការកាត់បន្ថយសម្ពាធអតិផរណា និងប្រាក់ឈ្នួលមានស្ថិរភាពនឹងជំរុញការប្រើប្រាស់ជាក់ស្តែងដែលគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសនឹងធ្វើឲ្យតម្លៃមាសកើនឡើង។
 
ទន្ទឹមនេះ អ្នកវិភាគរបស់ BCA បានព្យាករថា អស្ថិរភាពភូមិសាស្ត្រនយោបាយនឹងគាំទ្រដល់តម្លៃមាសដែលមានសុវត្ថិភាពបំផុតសម្រាប់វិនិយោគិន។ ហើយការផ្លាស់ប្តូរfថាមពលបៃតង និងការប្រណាំងក្នុងការទទួលបានវត្ថុធាតុដើមដើម្បីបំពេញគោលដៅរយៈពេលវែងនឹងធ្វើឱ្យភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើងជាសកល។ នេះហើយជាហេតុផល មួយចំនួនដែលធ្វើឲ្យទីផ្សារមាសកាន់តែឡើងថ្លៃ។ 
 
តម្លៃមាសនៅឆ្នាំនេះអាចបង្កើតកំណត់ត្រាថ្មីមួយនៅពេលដែលអ្នកជំនាញជាច្រើនបានព្យាករថា អាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់ ហើយភូមិសាស្ត្រនយោបាយកាន់តែតានតឹង ដែលធ្វើឲ្យធនាគារកណ្តាលនៅតែបន្តទិញមាសស្តុកកាន់តែច្រើន។
 
ជាមួយគ្នានេះ ក្រុមហ៊ុន JP Morgan ព្យាករថាតម្លៃមាសនឹងកើនឡើងនៅពាក់កណ្តាលឆ្នាំនេះ ដែលអាចឈានដល់ ២៣០០ដុល្លារក្នុងមួយអោនស៍ ដោយសារការរំពឹងទុកនៃអត្រាការប្រាក់កាត់បន្ថយ។ ចំណែកធនាគារ UBS រំពឹងថាតម្លៃមាសនឹងឡើងដល់ ២១៥០ដុល្លារនៅចុងឆ្នាំ ប្រសិនបើប្រទេសនានាពិតជាកាត់បន្ថយអត្រាការប្រាក់។
 
ចំណែកនៅក្នុងរបាយការណ៍ទស្សនវិស័យឆ្នាំ ២០២៤ របស់ក្រុមប្រឹក្សាមាសពិភពលោក (WGC) បានព្យាករថា ប្រសិនបើអត្រាការប្រាក់ធ្លាក់ចុះក្នុងចន្លោះ ០,៧៥ភាគរយទៅ ១ភាគរយ តម្លៃមាសនឹងកើនឡើងប្រមាណ ៤ភាគរយនៃតម្លៃបច្ចុប្បន្ន។ 
 
គិតត្រឹមព្រឹកថ្ងៃទី៨ ខែមករា តម្លៃមាសលើទីផ្សារអន្តរជាតិ បានធ្លាក់មកត្រឹម ២០៣៦ដុល្លារ ក្នុងមួយអោនស៍៕

Tag:
 មាស
  BCA Research
  អាម៉េរិក
 ​ អត្រាការប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com