កីឡាជាតិ
ជាតិ
លោក ស៊ន អេលីត ទំនងចោលអាជីពគ្រូ និងក្លិបប្រដាល់ ក្រោយផ្ទេរកីឡាករក្លិបអង្គរក្ស ទៅម្ចាស់ថ្មី
08, Jan 2024 , 1:59 pm        
រូបភាព
លោក ស៊ន អេលីត ទំនងជាមិនត្រឡប់ធ្វើជាគ្រូបង្វឹក និងក្លិបកីឡាប្រដាល់គុនខ្មែរ ក្រោយសម្រេចផ្ទេរកីឡាករទាំងអស់ក្នុងក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ទៅឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍ថោនវិញ ចាប់ពីចុងខែមករា ឆ្នាំ២០២៤ នេះតទៅ។ បើមានឱកាសសមស្របណាមួយ អតីតកីឡាករជម្រើសជាតិតេក្វាន់ដូរូបនេះ នឹងត្រឡប់មកវិញដោយធ្វើជានាំ ឬផ្គូផ្គង់កីឡាករ (Promoter) ប្រកួតប៉ុណ្ណោះ។



តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៥ ខែមករា លោក ស៊ន អេលីត បានប្រកាសសពីការផ្ទេរកីឡាករទាំងអស់ក្នុងក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍ថោនវិញ។ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ ក្នុងការបង្ហោះនោះគ្រូបង្វឹករូបនេះ បន្ថែមមួយឃ្លាថា សូមជំរាបលាបងប្អូនមិត្តភក្តិក្លែងក្លាយទាំងអស់នៅក្នុងវិស័យគុនសម្តែង។
 

បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែររូបនេះ នៅតែមានការសោកស្តាយចំពោះការផ្ទេរកីឡាករ ដែលជាសមិទ្ធផលរបស់ខ្លួនបានបង្កើតមករយៈពេលជាង១០ឆ្នាំ។
 
«ខ្ញុំចង់ដកខ្លួនចេញពីវិស័យមួយនេះសិន ដោយសារមានអារម្មណ៍ នឿយណាយ និងតានតឹងក្នុងវិស័យនេះ ដ្បិតមានបញ្ហាច្រើនមួយរយៈចុងក្រោយ។ នេះជាការអះអាងរបស់លោក ស៊ន អេលីត មុនបន្ថែមថាការដកខ្លួននេះមិនដឹងថាក្នុងរយៈពេលខ្លី វែង ឬលែងត្រឡប់វិញនោះឡើយ។
 
ជាមួយនឹងការបង្ហាញការសោកស្តាយ រហូតផ្ទេរការគ្រប់គ្រង អតីតកីឡាករជម្រើសជាតិកីឡាប្រដាល់សកល និងតេក្វាន់ដូ WT ក៏បង្ហាញការខកចិត្តដោយសារក្តីស្រមៃចង់នាំកីឡាប្រដាល់គុនខ្មែរឈានដល់ឆាកអន្តរជាតិប្រកដោយគុណភាព និងដើម្បីផ្សព្វផ្សាយទៅពិភពលោក បែជាផ្ទុយស្រលះពីការចង់បាន។ លោក ស៊ន អេលីត ប្រាប់ពីមូលហេតុមួយចំនួនជុំវិញការចាកចេញនេះទៀតថា៖«មួយរយៈនេះមានបញ្ហាច្រើនពេកចំពោះខ្ញុំ ដែលកើតឡើងដោយសារបញ្ហាផលប្រយជន៍ ដែលធ្វើឱ្យខ្ញុំធុញទ្រាន់ និងធ្ងន់ខ្លួន រហូតសម្រេចចិត្តទម្លាក់ចោល ដោយការចាកចេញនេះ»។
 
យ៉ាងណាក៏ដោយ ប្រសិនបើខ្លួនមានឱកាសល្អសមរម្យណាមួយត្រឡប់ចូលវិស័យប្រដាល់គុនខ្មែរនេះវិញ អតីតកីឡាករវ៉ូវីណាមរូបនេះ ទំនងជាមិនជ្រើសរើសយកការបើកក្លិបប្រដាល់ ឬធ្វើជាគ្រូបង្វឹកនោះទេ ប៉ុន្តែអាចធ្វើជា Promoter ក្នុងការដឹកនាំកីឡាករឱ្យឡើងប្រកួតវិញ៕

Tag:
 ប្រដាល់គុនខ្មែរ
  ស៊ន អេលីត
© រក្សាសិទ្ធិដោយ thmeythmey.com