ជាតិ
សម្ដេចព្រះអគ្គ​មហា​សង្ឃរាជ ទេព វង្ស ខ្សោយព្រះកាយពល ព្រោះសោយចង្ហាន់មិនបាន
08, Jan 2024 , 2:39 pm        
រូបភាព
រូបពីហ្វេសប៊ុក លេខាធិការដ្ឋានគណៈសង្ឃនាយក( សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី  ទេព វង្ស ស្ដាំ)
រូបពីហ្វេសប៊ុក លេខាធិការដ្ឋានគណៈសង្ឃនាយក( សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ស្ដាំ)
ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស កំពុងព្យាបាលព្រះរោគនៅមន្ទីរពេទ្យកាលម៉ែត។ ព្រះអង្គកំពុងមានព្រះរាជសុខភាពខ្សោយ ព្រោះនារយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ
ព្រះអង្គពុំអាចសោយចង្ហាន់បាន ដោយសោយបានតែទឹកបន្តិចបន្តួចប៉ុណ្ណោះ។

 
សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត  អនុប្រធានលេខាធិការដ្ឋានគណសង្ឃនាយកបានមានព្រះថេរដីការប្រាប់​សារព័ត៌មាន​ឌីជីថលថ្មីៗថា សម្ដេចព្រះអគ្គ​មហាសង្ឃរាជ ទេព វង្ស ពុំមានព្រះរោគអ្វីផ្សេង ក្រៅពីភាពជរារបស់ព្រះអង្គឡើយ។ ព្រះអង្គ សេងយៀត បន្ថែមថា សម្ដេច ទេព វង្ស មានព្រះកាយពលខ្សោយ ក្រោយពីព្រះអង្គពុំអាចសោយចង្ហាន់បាន ដោយទ្រង់សោយបានតែទឹកបន្តិចបន្តួច។ ទោះជាយ៉ាងណា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ យ៉ន សេងយៀត អះអាងថា សម្ដេច ទេព វង្ស នៅមានព្រះស្មារតីចងចាំល្អ។
  
សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត (រូបពីហ្វេសប៊ុក ចន្ទន៍ មល្លិកា

សម្ដេច យ៉ន សេងយៀត ពន្យល់បន្ថែម៖«ព្រះសុខភាពទ្រង់ គឺវ័យជរាបែបមនុស្សចាស់។តាមលោកគ្រូពេទ្យពិនិត្យ ដូចជាមិនមានជំងឺធ្ងន់ធ្ងរទេ ក្រៅពីភាពជរារបស់ព្រះអង្គ។
ព្រះស្មារតីរបស់ព្រះអង្គ នៅចងចាំល្អ ទ្រង់នៅស្គាល់ព្រះអង្ឃទាំងអស់។ ប៉ុន្តែឥឡូវព្រះអង្គមិនសូវ​មានបន្ទូលទេ។ ទ្រង់ខ្សោយព្រះកាយពល ព្រោះទ្រង់មិនអាចសោយចង្ហាន់បាន»។
 
សូមបញ្ជាក់ថា សម្ដេច ទេព វង្ស បានគង់ព្យាបាលព្រះរោគក្នុងមន្ទីរពេទ្យអស់រយៈកាល៣ថ្ងៃមកហើយ។ រហូតមកដល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងតាមដានព្រះរាជសុខភាពរបស់ព្រះអង្គ​។ បើតាមសម្ដេច យ៉ន សេងយៀត បច្ចុប្បន្នសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា មានព្រះជន្ម៩៤ព្រះវស្សា៕

Tag:
 សាសនា
  សម្ដេចព្រះសង្ឃរាជ
  ព្រះសង្ឃ
  ពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com