RFI
អន្តរជាតិ
រឿងអាស្រូវ​គៃបន្លំ​ប្រាក់​៖ អ្នក​តំណាងរាស្ត្រជប៉ុនម្នាក់​​ ត្រូវ​ចាប់ឃាត់ខ្លួន
08, Jan 2024 , 6:59 pm        
រូបភាព
លោក អុីគេដា យោស៊ីតាកា អ្នកតំណាងរាស្ត្រជប៉ុន ឈរនៅ​ជួរទី​២ ខាង​ស្តាំដៃ។ AP
លោក អុីគេដា យោស៊ីតាកា អ្នកតំណាងរាស្ត្រជប៉ុន ឈរនៅ​ជួរទី​២ ខាង​ស្តាំដៃ។ AP
ដោយ៖ហេង ឧត្តម/ RFI
 
ថ្ងៃអាទិត្យ ទី​៧មករា អ្នក​តំណាងរាស្ត្រម្នាក់ មកពី​បក្ស​កាន់​អំណាច​ជប៉ុន ត្រូវ​នគរបាល​ចាប់ឃាត់ខ្លួន។ ​ជំនួយ​ការ​ម្នាក់​របស់​អ្នក​តំណាង​រាស្ត្រ​រូបនេះ ក៏ត្រូវប៉ូលិស​​ចាប់ខ្លួន​ដែរ។ នេះ​បើ​តាមព្រះរាជអាជ្ញា​ជប៉ុនដែល​បាន​ប្រកាស​ផ្តើម​អនុវត្តនីតិវិធី​ចាប់ឃុំខ្លួន ជា​លើក​ទី​១ ចំពោះ​​សំណុំរឿងអាស្រូវ​គៃបន្លំ​ប្រាក់​មូលនិធិ​គណបក្ស​​។ សំណុំ​រឿង​អាស្រូវ​នេះ បាន​បង្ខំ​ជំរុញ​ឲ្យ ​រដ្ឋាភិបាល​ជប៉ុន សម្រេចដកតំណែង​និង​​ផ្លាស់ប្តូរ​រដ្ឋមន្ត្រីដ៏​ទៅ​បួន​នាក់​ និងមន្ត្រី​ជាប់ពាក់ព័ន្ធ​មួយចំនួនផង​ កាល​ពីខែមុន។



អ្នក​តំណាងរាស្ត្រ​ជប៉ុន លោក អ៊ីគេដា យោស៊ីតាកា វ័យ​ ៥៧ ឆ្នាំ ហើយ​និង អ្នក​​ជំនួយការ​ផ្នែកនយោបាយម្នាក់ អាយុ ៤៥ ឆ្នាំ ត្រូវ​ឃាត់​ខ្លួន​ ក្រោម​បទ​ចោទ​លួច​គៃ​បន្លំ​អំណោយ​មូល​និធិ​សម្រាប់​គណបក្ស​ និង​បំពាន​លើ​ច្បាប់ស្តីពីការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​។ ​
 
បើតាម​ព្រះរាជអាជ្ញារាជធានីតូក្យូ គឺលោក អ៊ីគេដា យោស៊ីតាកា បាន​កិប​កេងលុយ​មូលនិធិបក្ស​ ហើយ​និង​ចែក​ផលប្រយោជន៍​ខ្លះទៅ​សមាជិក​ផ្សេងទៀត​ដែរ ជាច្រើន​នាក់ ប៉ុន្តែ ប្រាកដណាស់ថា រូប​លោក​បាន​ប្រយោជន៍​ច្រើន​ជាង​គេ។​ ចំណែក​ ​ជំនួយ​ការរបស់​លោក ក៏​បាន​ជួយឃុបឃិត​ លាក់​បាំង​រឿងនេះ​ និង​ធ្វើ​របាយ​ការណ៍​ក្លែងក្លាយ​​​។ បើតាម​កាសែត​ក្នុងស្រុក​ជប៉ុន គឺ​ជន​ជាប់​ចោទ បាន​សន្យា​សហការ​ជាមួយ​ប៉ូលិស​ស៊ើប​អង្កេត​។ តែ​បើតាមព្រះ​រាជអាជ្ញាជប៉ុន ការ​ចាប់ខ្លួននៅអាទិត្យ​​នេះ ក៏​ដើម្បី​កុំ​ឲ្យជនស​ង្ស័យ​​​ឆ្លៀត​​ឱកាស​បំផ្លាញ​ភស្តុតាង។
 
​កាសែត​ក្នុងស្រុកជប៉ុន ចុះផ្សាយថា​ ​ពួកគេ​បាន​​បិទបាំង មិន​ប្រកាស ទឹកប្រាក់​ជាង ៣០ម៉ឺន​អឺរ៉ូ ដែលពួកគេ​បាន​ទទួលពី​ការរៃអង្គាសមូលនិធិ​សម្រាប់​គណបក្ស ចន្លោះ​ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០២២។ ទន្ទឹម​នឹងគ្នា​នេះដែរ ​ព្រះរាជអាជ្ញា ក៏​បើកការស៊ើបអង្កេត និង​បាន​ចុះទៅ​ឆែកឈេរ​ ការិយាល័យ​​សមាជិក​ជាង​១០នាក់ ​របស់​បក្សកាន់អំណាច ដែល​ត្រូវ​ជាប់សង្ស័យ​ក្នុងសំណុំ​រឿង​ដដែល​នេះ។​
 
​ជុំវិញរឿងនេះ ទាំង​អគ្គលេខាធិការគណបក្សសេរីប្រជាធិបតេយ្យ និង​ នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីស៊ីដា សុទ្ធតែ​បញ្ជាក់​ព្រមគ្នាថា អ្នក​តំណាងរាស្ត្រ​​ លោក អ៊ីគេដា យោស៊ីតាកា ត្រូវ​សម្រេច​ដកបេក្ខភាព​ចេញពី​សមាជិក​របស់​បក្ស​ហើយ។
 
​​ជាការ​កត់សម្គាល់ ទាំង​អ្នក​តំណាងរាស្ត្រ​​ត្រូវ​ចាប់ខ្លួន​ថ្ងៃអាទិត្យ​ទី​៧មករា និង រដ្ឋមន្ត្រី​បួននាក់ ដែល​​​លាលែងចេញពីមុខតំណែង​ដោយសារ​ជាប់​ពាក់ព័ន្ធនឹង​រឿងអាស្រូវហិរញ្ញវត្ថុ កាលពី​ខែមុន គឺ​សុទ្ធសឹង​ជា​សមាជិកក្រុមគាំទ្រ​របស់​អតីត​នាយករដ្ឋមន្រ្តី ជប៉ុន លោក​ស៊្ហីនហ្សូ អាបេ ដែលត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាលពី​ឆ្នាំ ២០២២។
 
សព្វថ្ងៃនេះ រដ្ឋាភិបាលរបស់​លោក ហ្វូមីអូ គីស៊ីដា ​​កំពុង​​អប្រជាប្រិយភាព​។ ​​អប្រជាប្រិយភាព​ ព្រោះតែ​បញ្ហា​អតិផរណា លុយ​យ៉េន​ចុះ​ថោក ហើយ លទ្ធភាព​ទិញ​(អំណាច​ទិញ) របស់​ប្រជាជន ចុះ​ថយ។ ​រឿង​អាស្រូវ​ផ្ទួនៗគ្នានេះ ក៏​កាន់តែ​ធ្វើ​ឲ្យ​មុខមាត់​រដ្ឋាភិបាលជប៉ុន ដុន​ដាប​ខ្លាំង​មួយ​កម្រិត​ទៀត​​៕​

© រក្សាសិទ្ធិដោយ thmeythmey.com