កីឡាអន្តរជាតិ
អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយបារាំង៖ Mbappe យល់ព្រមកិច្ចព្រមព្រៀងផ្លាស់ទៅ Real Madrid រដូវកាលក្រោយ
08, Jan 2024 , 7:59 pm        
រូបភាព
​ខ្សែប្រយុទ្ធ Kylian Mbappe បានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការផ្ទេរទៅកាន់ក្លិប Real Madrid សម្រាប់រដូវកាល ២០២៤-២៥ ដោយរូបគេនឹងចាកចេញពីក្លិប Paris Saint Germain ឱ្យខាងតែបាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង Foot Mercato នាថ្ងៃទី៧ ខែមករា។



រឿងរ៉ាវការផ្ទេររបស់ ​Mbappe ចាប់ផ្តើមទំព័រថ្មីទៀតហើយ ដោយមានរបាយការណ៍ថ្មីពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបារាំង Foot Mercato បានផ្សាយថា ម្ចាស់ពានរង្វាន់ World Cup ឆ្នាំ ២០១៨ យល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ក្នុងការផ្លាស់ទៅកាន់ក្លិប Real Madrid ក្រោយពេលកុងត្រាជាមួយក្លិប Paris Saint Germain ត្រូវផុតនៅចុងបញ្ចប់រដូវកាលនេះ។
 
ដំណឹងការផ្ទេរទៅទឹកដីអេស្ប៉ាញ ហាក់បីផ្ទុយទៅនឹងព័ត៌មានមួយចំនួនដែលចុះដោយកាសែត The Times ថាកីឡាករវ័យ ២៥ឆ្នាំ បានសម្លឹងមើលឱកាសផ្ទេរទៅកាន់ក្របខណ្ឌ Premier League ហើយរឿងមួយនេះមិនត្រូវបានគេចាប់អារម្មណ៍ឡើយ។ ពាក់ព័ន្ធនឹងការផ្ទេរទៅកាន់ Real Madrid របស់ Mbappe តែងតែជារឿងដ៏រសើបបំផុតមួយក្នុងពិភពលោកបាល់ទាត់។
 
អនាគតរបស់ Mbappe មិនទាន់អាចកំណត់បាន​ ខណៈកីឡាករសញ្ជាតិបារាំងក៏មិនព្រមបន្តកុងត្រាជាមួយនឹង PSG ទៀតឡើយ ក្រោយចប់រដូវកាល ២០២៣-២៤។ Mbappe ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលះបង់ប្រាក់រង្វាន់បន្ថែមលើខ្លួនគេប្រមាណ ១០០លានអឺរ៉ុប (១១០លានដុល្លារ) ដើម្បីជាថ្នូរក្នុងការការពារដល់ក្លិប PSG ប្រសិនគេចាកចេញដោយគ្មានតម្លៃខ្លួន។
 
កាលពីមុនសំណើររបស់ក្លិបអធិរាជសដែលធ្វើឡើងតាំងពីឆ្នាំ ២០២១ ក៏ធ្លាប់ត្រូវបាន ​Mbappe បដិសេធ​ ស្របពេលដែលកាលនោះមានរឿងរ៉ាវមិនល្អជាមួយនឹងក្លិប PSG រហូតដល់ឆ្នាំ ២០២២ រឿងទាក់ទងនឹងការចុះកិច្ចសន្យារវាងភាគីទាំងពីរក៏កើតឡើងជាថ្មីជាមួយនឹងតម្លៃកើនឡើង តែនៅតែត្រូវបាន PSG រារាំង។
 
ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ តារាឆ្នើមសញ្ជាតិបារាំង អះអាងថាគេមិនទាន់សម្រេចចិត្តអំពីអនាគតជាមួយក្រុម Paris Saint Germain ថាតើ បន្តកិច្ចសន្យា ឬក៏ចាកចេញដោយគ្មានតម្លៃខ្លួននៅក្នុងទីផ្សារដោះដូររលើកទីពីរប្រចាំរដូវកាលនេះ។
 
ជាមួយ PSG តារាបាល់ទាត់បារាំងរូបនេះ បានឈ្នះពានរង្វាន់ Ligue 1 ចំនួន ៥លើករួចមកហើយ ខណៈដែលបច្ចុប្បន្នគេក៏កំពុងតែបន្តជួយដល់ក្រុមប្រជែងក្នុងលីគកំពូលដោយឈរចំណាត់ថ្នាក់លេខ ១ និងឈានដល់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រដូវកាលនេះ៕

Tag:
 Kylian Mbappe
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com