អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ៖ ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល ធ្វើឱ្យប៉ះពាល់ដល់អ្នកមានចំណូលទាប
08, Jan 2024 , 9:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន។ រូបភាព ៖ X/ @Thavisin
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន។ រូបភាព ៖ X/ @Thavisin
នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី៨ ខែមករា ​បានជំរុញឱ្យធនាគារកណ្តាលកាត់បន្ថយអត្រាការប្រាក់ ស្របពេលអតិផរណានៅកម្រិតទាប។ បើតាមលោក សេដ្ឋា ថាវីស៊ីន អត្រាការប្រាក់ខ្ពស់មិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចនោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ដល់អ្នកដែលមានចំណូលទាប និងសហគ្រាសធុនតូច និងមធ្យមផងដែរ។

 
អត្រាការប្រាក់ខ្ពស់បានកំពុងផ្តល់ផលអវិជ្ជមានដល់សេដ្ឋកិច្ចថៃ។ ជុំវិញរឿងនេះ នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន បានអះអាងថា លោកបានពិភាក្សាជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់ធនាគារកណ្តាល ដោយប្រកាន់ជំហរប្រឆាំងនឹងការរក្សាអត្រាការប្រាក់ខ្ពស់។ យ៉ាងណាមិញ លោកបញ្ជាក់ថា អំណាចក្នុងការសម្រេចចិត្តថាតើត្រូវដំឡើង ឬបញ្ចុះអត្រាការប្រាក់នោះ គឺស្ថិតនៅលើធនាគារកណ្តាល ហើយរដ្ឋាភិបាលមិនអាចជ្រៀតជ្រែកដោយផ្ទាល់បានទេ។
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការនគរបាលភូមិន្ទថៃក្នុងពិធីបើកសម្ពោធគម្រោងមួយនៅថ្ងៃទី៨ ខែមករា ប្រមុខរដ្ឋាភិបាលរូបនេះបានសង្កត់ធ្ងន់​ថា ៖« អត្រា​អតិផរណា​មាន​កម្រិត​ទាប​ណាស់ ដូច្នេះ​ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​ធនាគារ​កណ្តាល​ដើម្បី​ពិចារណា​ពី​ការ​បញ្ចុះ​អត្រាការប្រាក់»។
 
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) នៃធនាគារកណ្តាលថៃបានសម្រេចកាលពីចុងខែវិច្ឆិកា ដោយរក្សាអត្រាការប្រាក់គោលនៅកម្រិត ២,៥ភាគរយក្នុងមួយឆ្នាំ។ ជារួម MPC ជួបប្រជុំចំនួន ៦ដងក្នុងមួយឆ្នាំ ហើយកិច្ចប្រជុំបន្ទាប់ត្រូវបានរំពឹងនឹងធ្វើឡើងនៅចុងខែនេះ។
 
នៅថ្ងៃទី៧ ខែមករា លោក សេដ្ឋា បាន​បង្ហោះ​លើហ្វេសប៊ុកនូវ​ការ​រិះគន់​យ៉ាង​ខ្លាំងមួយ​ចំពោះ​ធនាគារ​កណ្តាល​ដែល​មិន​ព្រមទម្លាក់​អត្រា​ការ​ប្រាក់​​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់ MPC កន្លងទៅថ្មីៗនេះ ។ 
 
លោកបានសរសេរថា ៖« ការពិតដែលថាធនាគារកណ្តាលថៃបានដំឡើងអត្រាការប្រាក់ បើទោះបីជាអតិផរណាមានភាពអវិជ្ជមានជាច្រើនខែជាប់គ្នាមកហើយ ដែលនេះមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចថៃនោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ដល់អ្នកដែលមានចំណូលទាប និងសហគ្រាសធុនតូច និងមធ្យមផងដែរ» ។
 
ការបង្ហោះសាររបស់លោក សេដ្ឋា ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីអ្នកសេដ្ឋកិច្ចមួយចំនួន ដែលបានចោទប្រកាន់ធនាគារកណ្តាលថាមិនបានធ្វើអ្វីដើម្បីគ្រប់គ្រងធនាគារពាណិជ្ជ ដែលកំពុងទទួលបានអត្ថប្រយោជន៍ពីការដំឡើងអត្រាការប្រាក់ខ្ពស់។
 
អ្នកសេដ្ឋកិច្ចបានរិះគន់ធនាគារកណ្តាល បន្ទាប់ពីវាត្រូវបានគេរាយការណ៍ថា ធនាគារពាណិជ្ជទទួលបានប្រាក់ចំណេញលើសចំនួន ២២០ពាន់លានបាត (៦,២៧ពាន់លានដុល្លារ)កាលពីឆ្នាំមុន ដែលចំណេញតាមរយៈប្រាក់បញ្ញើ និងអត្រាការប្រាក់ប្រាក់កម្ចី។
 
អ្នកសេដ្ឋកិច្ចបាននិយាយថា ធនាគារកណ្តាលគួរតែចាត់វិធានការដើម្បីធានាថា ធនាគារពាណិជ្ជមិនអនុញ្ញាតឱ្យអត្រាការប្រាក់កើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សហគ្រាសធុនតូច និងមធ្យម ដែលបន្តប្រឹងរស់ដោយសារសេដ្ឋកិច្ចមិនទាន់បានងើបឡើងវិញ៕ 

Tag:
 ថៃ
  អត្រាការប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com