អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាល់ឌីវព្យួរតំណែងអនុរដ្ឋមន្រ្តី៣រូប ក្រោយប្រមាថនាយករដ្ឋមន្រ្តីឥណ្ឌា
08, Jan 2024 , 5:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី កម្សាន្តនៅលើកោះ Lakshadweep ។ រូបភាព​ ៖ X/ Narendra Modi
នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី កម្សាន្តនៅលើកោះ Lakshadweep ។ រូបភាព​ ៖ X/ Narendra Modi
ប្រធានាធិបតី Mohamed Muizzu នៅថ្ងៃទី៧ ខែមករាបានព្យួរតំណែង និងការងារអនុរដ្ឋមន្ត្រី៣រូប បន្ទាប់ពីពួកគេបានប្រើពាក្យប្រមាថទៅលើនាយករដ្ឋមន្ត្រីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី។

 
បើ​តាមទីភ្នាក់ងារព័ត៌មានបារាំង AFP អនុរដ្ឋមន្ត្រី​៣​រូប​ដែល​ត្រូវ​ព្យួរ​តំណែងមានឈ្មោះ Malsha Shareef, Mariyam Shiuna និង Abdulla Mahzoom Majid ដែលកំពុងធ្វើការនៅ​ក្រសួង​យុវជន​របស់ម៉ាល់ឌីវ ។
 
ក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៧ ខែមករា រដ្ឋាភិបាលម៉ាល់ឌីវបានបញ្ជាក់ថា៖ « រដ្ឋាភិបាល ដឹងពីការប្រមាថមើលងាយលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលសំដៅលើមេដឹកនាំបរទេស និងឥស្សរជនជាន់ខ្ពស់... មតិទាំងនេះមិនតំណាងឱ្យជំហររបស់រដ្ឋាភិបាលម៉ាល់ឌីវទេ»។
 
បើតាមសេចក្តីថ្លែងការណ៍ខាងលើ ប្រធានាធិបតី Mohamed Muizzu បានព្យួរមន្ត្រីទាំងបីនេះពីការងារដោយរង់ចាំការស៊ើបអង្កេត។
 
មុនការព្យួរតំណែង មន្ត្រីម៉ាល់ឌីវទាំង៣រូបខាងលើបានហៅនាយករដ្ឋមន្ត្រីឥណ្ឌា ថាជា « តួកំប្លែង ជាភេរវករ និងជាអាយ៉ងរបស់ អុីស្រាអែល» នៅលើបណ្តាញទំនាក់ទំនងសង្គម X ជុំវិញសកម្មភាពរបស់មេដឹកនាំរូបនេះទៅកាន់កោះ Lakshadweep របស់ឥណ្ឌា ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក។
 
កាលពីថ្ងៃទី៤ ខែមករា លោក ម៉ូឌី បានសរសើរឆ្នេរលើប្រជុំកោះ Lakshadweep នៅលើបណ្តាញសង្គម។ នាយករដ្ឋមន្ត្រីឥណ្ឌាបានបង្ហោះរូបថតខ្លួនដែលកំពុងមុជទឹកនៅនោះ ហើយចង់ឱ្យកោះទាំងនេះគួរតែស្ថិតនៅក្នុងបញ្ជីដែលត្រូវទៅកម្សាន្តដោយអ្នកផ្សងព្រេង។ 
 
កោះ Lakshadweep មានចម្ងាយប្រហែល១៣០គីឡូម៉ែត្រពីម៉ាល់ឌីវ។
 
ភាព​ចម្រូងចម្រាស​បាន​កើត​ឡើង​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Muizzu ទៅ​កាន់​​ចិនដែលនឹងធ្វើនៅថ្ងៃទី ៨-១២ ខែមករា។ លោក Muizzu បានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុនដោយសន្យាថានឹងបញ្ចប់គោលនយោបាយឥណ្ឌាដំបូង (India first) របស់ម៉ាល់ឌីវនៅក្នុងតំបន់ដែលទីក្រុងញូវដែលី និងទីក្រុងប៉េកាំងប្រកួតប្រជែងដណ្តើមឥទ្ធិពល។ 
 
លោក Muizzu ក៏បានសន្យាឱ្យឥណ្ឌាដកកងកម្លាំងរបស់ខ្លួន៧៥នាក់ដែលឈរជើងនៅនៅម៉ាល់ឌីវផងដែរ។ ម៉ាល់ឌីវជាប្រទេសដែលមានប្រជាជនត្រឹមតែជាងកន្លះលាននាក់ប៉ុណ្ណោះ។
 
មន្ត្រីជាន់ខ្ពស់ម៉ាល់ឌីវបានអះអាងថា ប្រទេសនេះមានការព្រួយបារម្ភអំពីផលវិបាកនៃសេចក្តីថ្លែងការណ៍របស់មន្ត្រីទាំងបីខាងលើ ដោយសារជនជាតិឥណ្ឌាជាក្រុមភ្ញៀវទេសចរបរទេសច្រើនជាងគេនៅម៉ាល់ឌីវ ខណៈវិស័យមួយនេះមានជិតមួយភាគបីនៃទំហំសេដ្ឋកិច្ចរបស់ខ្លួន៕ 

Tag:
 ឥណ្ឌា
  ម៉ាល់ឌីវ
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com