អន្តរជាតិ
រដ្ឋាភិបាលថៃ ទទួលបានភ្លើងបៃតង ក្នុងការខ្ចីប្រាក់សម្រាប់ផ្តល់ដល់ប្រជាជនរបស់ខ្លួន
09, Jan 2024 , 9:39 am        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
មន្ត្រីជាន់ខ្ពស់ថៃម្នាក់ នៅថ្ងៃទី៨ ខែមករា បានបញ្ជាក់ថា រដ្ឋាភិបាលថៃទទួលបានភ្លើងបៃតង ឱ្យខ្ជីប្រាក់ ដើម្បីផ្ដល់ហរិញ្ញប្បទានដល់គម្រោងចែកចាយថវិកាតាមប្រព័ន្ធឌីជីថលដ៏ ចម្រូងចម្រាសមួយដល់ប្រជាជន ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដែលធ្លាក់ចុះ។

 
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បានប្រាប់អ្នកយកព័ត៌មានថា ការិយាល័យក្រុមប្រឹក្សារដ្ឋដែលជាក្រុមឯករាជ្យ និងផ្តល់ការណែនាំផ្លូវច្បាប់ដល់រដ្ឋាភិបាល មិនបានរកឃើញហេតុផលណាមួយដែលអាចហាមឃាត់រដ្ឋាភិបាលពីការខ្ចីប្រាក់ដើម្បីផ្តល់ មូលនិធិដល់ផែនការចែកចាយថវិកាដល់ប្រជាជនឡើយ។ កម្មវិធីផ្តល់ប្រាក់ចំនួន ២៨៥ ដុល្លារក្នុងម្នាក់ ដល់ប្រជាជនថៃចំនួន ៥០លាននាក់ដើម្បីចំណាយក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ គឺជាគោលនយោបាយដែលបានឃោសនាការបោះឆ្នោតរបស់គណបក្សភឿថៃដែលកំពុងកាន់អំណាច។
 
ផែនការដែលហៅថា «កាបូបឌីជីថល» ត្រូវបានទទួលរងការរិះគន់ពីអ្នកសេដ្ឋកិច្ច និងអតីតទេសាភិបាលធនាគារកណ្តាលមួយចំនួន ដែលបានព្រមានថា ផែនការនេះធ្វើឡើង ដោយគ្មានការទទួលខុសត្រូវផ្នែកសារពើពន្ធ និងអតិផរណាឥន្ធនៈ។ កាលពីឆ្នាំមុន រដ្ឋាភិបាលបានស្វែងរកមតិយោបល់ពីការិយាល័យក្រុមប្រឹក្សារដ្ឋស្តីពីភាពស្របច្បាប់នៃវិក័យប័ត្រខ្ចីប្រាក់សម្រាប់កម្មវិធីមួយនេះ។
 
លោក​ Julapun បញ្ជាក់បន្ថែមផងដែរថា កម្ចីសម្រាប់គម្រោងមួយនេះអាចធ្វើទៅរួចក្រោមអំណាចនៃគណៈរដ្ឋមន្ត្រី និងគណៈកម្មាធិការកាបូបឌីជីថល។ យ៉ាងណាមិញ កម្មវិធី​នេះ​គួរ​តែ ​ចាប់​ផ្តើម​ក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ស្វែង​រក​ការ​យល់​ឃើញ​កាន់​តែ​ទូលំទូលាយអំពីផលនៃគោលនយោបាយខាងលើ។
 
ទន្ទឹមនេះ លោក Julapun សម្គាល់ថា ការខ្ចីប្រាក់នឹងមានភាពរអាក់រអួល ប៉ុន្តែនឹងមិនប៉ះ ពាល់ដល់សន្ទនីយភាពទីផ្សារដែលនៅតែមានចំនួនច្រើននៅឡើយ។
 
សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ បានជំរុញឱ្យធនាគារកណ្តាលពិចារណាកាត់បន្ថយអត្រាការប្រាក់ក្នុងអត្រាទាបបំផុត ដើម្បីជួយសេដ្ឋកិច្ចជាមួយនឹងកម្រិតអតិផរណា៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com