អន្តរជាតិ
នាយករដ្ឋមន្រ្តីបារាំងលាលែងពីតំណែង បន្ទាប់ពីកាន់តំណែងជិត ២ឆ្នាំ
09, Jan 2024 , 10:11 am        
រូបភាព
លោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីបារាំង។ រូបភាព xinhua
លោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីបារាំង។ រូបភាព xinhua
លោកស្រី Elisabeth Borne បានលាលែងចេញពីតំណែងប្រមុខរដ្ឋាភិបាល បន្ទាប់ពីកាន់តំណែងបានជិតរយៈពេល ២ឆ្នាំ។ លោកអេម៉ានុយអែល ម៉ាក្រុង បានប្រកាសបែបនេះលើបណ្តាញសង្គម X នៅថ្ងៃទី៩ ខែមករា។

 
មុនការរំពឹងទុកថាបារាំងនឹងមានការរុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំនៅក្នុងឆ្នាំនេះ លោកស្រី Elisabeth Borne បានលាលែងពីតំណែងនាយករដ្ឋមន្រ្តី ក្រោយកាន់អំណាចបានជិត២ឆ្នាំ។ 
 
«លោកស្រី Borne បានបង្ហាញពីភាពក្លាហាន ការប្តេជ្ញាចិត្ត ក្នុងអំឡុងពេលកាន់តំណែង»។ លោកម៉ាក្រុងបានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៩ ខែធ្នូ។ យ៉ាងណាមិញ អ្នកស្នងតំណែងលោកស្រី Borne មិនទាន់ត្រូវបានបង្ហាញឈ្មោះឡើយ។ 
 
តាមសេចក្តីថ្លែងការណ៍របស់វិមាន Elysee Palace លោកស្រី Borne នឹងបន្តកាន់តំណែងដដែល រហូតទាល់តែនាយករដ្ឋមន្រ្តីថ្មីមកជំនួស។ លោកស្រី Borne ដែលត្រូវបានតែងតាំងនៅក្នុងខែឧសភា ឆ្នាំ២០២២ ជានាយករដ្ឋមន្រ្តីស្រ្តីរបស់បារាំងទីពីរ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ 
 
បុគ្គលដែលអាចស្នងតំណែងនាយករដ្ឋមន្រ្តីថ្មីមានដូចជា លោក Gabriel Attal រដ្ឋមន្រ្តីអប់រំវ័យ ៣៤ឆ្នាំ, លោក Sebastien Lecornu រដ្ឋមន្រ្តីការពារជាតិវ័យ ៣៧ឆ្នាំ។ បុគ្គលផ្សេងទៀត ក៏អាចជាជម្រើសសម្រាប់តំណែងប្រមុខរដ្ឋាភិបាលនេះដែរ ក្នុងនោះមាន រដ្ឋមន្រ្តីហិរញ្ញវត្ថុ Bruno Le Maire និង លោក Julien Denormandie អតីតរដ្ឋមន្រ្តីកសិកម្ម។ 
 
ការលាលែងរបស់លោកស្រី Borne ធ្វើឡើងស្របពេលមានការរំពឹងថា លោកម៉ាក្រុងនឹងរុះរើសគណៈរដ្ឋមន្រ្តី មុនពេលការបោះឆ្នោតអឺរ៉ុប នឹងមកដល់នៅក្នុងឆ្នាំនេះ និងមុនពេលបារាំងរៀបចំកីឡាអូឡាំពិក។ 
 
កន្លងមក បារាំង បានប្រឈមនឹងវិបត្តិយ៉ាងខ្លាំងពាក់ព័ន្ធនឹងច្បាប់អន្តោប្រវេសន៍ ដែលត្រូវបានសភាអនុម័តនៅពេលកន្លងទៅ។ មុនការអនុម័ត ច្បាប់នេះ ត្រូវបានសភាធ្លាប់បដិសេធរួចហើយ៕ 

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com