អន្តរជាតិ
អុីតាលី៖ G7 កំពុងធ្វើការជាមួយអុីស្រាអែល ដើម្បីបញ្ចប់សង្គ្រាមនៅកាហ្សាឱ្យបានឆាប់រហ័ស
09, Jan 2024 , 2:05 pm        
រូបភាព
លោក Antonio Tajani រដ្ឋមន្រ្តីការបរទេសអុីតាលី។ រូបភាព AFP
លោក Antonio Tajani រដ្ឋមន្រ្តីការបរទេសអុីតាលី។ រូបភាព AFP
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani នៅថ្ងៃទី៨ ខែមករា បានលើកឡើងថា ប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) កំពុងតែធ្វើការជាមួយអ៊ីស្រាអ៊ែលដើម្បីទទួលបាន ការបញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័សសម្រាប់សង្គ្រាមដ៏បំផ្លិចបំផ្លាញនៅតំបន់កាហ្សា និងដើម្បី កាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។

 
តាមសេចក្ដីថ្លែងការណ៍មួយនៃក្រសួងការបរទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានទូរស័ព្ទ ជាមួយសមភាគីអង់គ្លេសលោក David Cameron និងសមភាគីបារាំងលោកស្រី Catherine Colonna ហើយភាគីទាំងបីបានស្នើការដាក់សម្ពាធរួមគ្នាក្នុងកម្រិត G7 លើភាគីពាក់ព័ន្ធក្នុងជម្លោះដើម្បីសម្រេចបានគោលបំណងជាក់លាក់។
 
«ប្រទេស G7 កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​អ៊ីស្រាអែល ដើម្បី​ស្វែង​រក​ផ្លូវ​យ៉ាង​ឆាប់​រហ័ស​ចេញ​ពី​ដំណាក់កាល​យោធា»។ សេចក្ដីថ្លែងការណ៍ខាងលើបាន​ដក​ស្រង់​សម្តីលោកTajani បែបនេះ ខណៈ​ដែល​​អ៊ីតាលី​ចាប់​ផ្តើម​ជា​ប្រធាន​រយៈពេល​មួយ​ឆ្នាំ​នៃ​ក្រុម​ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង​ប្រាំពីរ (G7) ។ 
 
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ផងដែរថា​ គោលបំណងមួយគឺកាត់បន្ថយគ្រោះថ្នាក់ ដល់ជនស៊ីវិលប៉ាឡេស្ទីន ហើយទីពីរគឺដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែលឱ្យបញ្ចប់ ប្រតិបត្តិការយោធានៅក្នុងតំបន់កាហ្សា។ G7ក៏នឹងជួយស្តារលទ្ធភាពនៃការចរចារដំណោះស្រាយរដ្ឋពីរ។ 
 
ក្រៅពីនេះ ប្រមុខការទូតអ៊ីតាលីលោក Tajani ក៏បានពិភាក្សាអំពីការកើន ឡើងនៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធHouthi លើនាវា ពាណិជ្ជកម្មនៅសមុទ្រក្រហមក្នុងការតវ៉ាប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់កាហ្សា។ 
 
មកទល់ពេលនេះ អុីស្រាអែល មិនបានបន្ធូរដៃឡើយ ក្នុងការវាយប្រហារលើតំបន់កាហ្សា ក្រោមយុទ្ធនាការបោសសម្អាតក្រុមហាម៉ាស។ ប្រតិបត្តិការនេះ បានធ្វើឱ្យប្រជាជនស៊ីជាច្រើននាក់ បាត់បង់ជីវិត៕ 

Tag:
 អុីស្រាអែល
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com