កីឡាអន្តរជាតិ
អន្តរជាតិ
Mane ផ្តល់ប្រាក់សាងសង់កីឡដ្ឋានក្នុងភូមិកំណើត តាមសន្យា
09, Jan 2024 , 2:39 pm        
រូបភាព
 Sadio Mane តារាបាល់ទាត់ក្រុម Al Nassr ចំណាយប្រាក់ផ្ទាល់ខ្លួនកសាងកីឡដ្ឋានឈ្មោះថា Bambali សម្រាប់ប្រជាជនស្ថិតក្នុងភូមិកំណើតរបស់គេនៅក្នុងប្រទេសសេណេសហ្កាល់ ទ្វីបអាហ្រ្វិក។ កីឡដ្ឋានថ្មីត្រូវបាន សាងសង់រួចរាល់ក្នុងរយៈពេល ១ឆ្នាំកន្លះ ដែលជាការបំពេញតាមការសន្យារបស់ Mane ចំពោះអ្នកភូមិស្រុក។



ដំបូង ទីតាំងកីឡដ្ឋានដែលត្រូវកសាង ជាដើមមានភក់ទាំងស្រុងអំឡុងពេលខែមានភ្លៀងធ្លាក់ ហើយកាលពីខែមិថុនា ឆ្នាំ ២០២២ Mane កាលនៅប្រកបអាជីពនៅ Liverpool ក៏ត្រូវបានគេថត អំឡុងពេលលេងបាល់ជាមួយនឹងមិត្តភក្កិរបស់គេក្នុងភូមិកំណើត Bambali។
 
កាលពេលថ្មីៗនេះ Mane បានចូលរួមពិធីបើកសម្ពោធកីឡដ្ឋានថ្មី ដោយមានការចូលរួមពីសំណាក់ឥស្សរជនមួយចំនួន​ ជាសមាជិករដ្ឋាភិបាលសេណេហ្កាល់ ​ដែលជាបុគ្គលដែលតែងតែគាំទ្រដល់អតីតខ្សែប្រយុទ្ធក្រុម Liverpool។
  


កីឡដ្ឋានដែលខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ បានកសាងនោះ ប្រើប្រាស់រយៈពេល ១ឆ្នាំកន្លះ មុនពេល Mane អាចមកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់កីឡដ្ឋាននៅក្នុងភូមិស្រុករបស់គេ ស្របតាមការសន្យា។
 
សម្រាប់ប្រទេសសេណេហ្កាល់ ក៏ដូចជាប្រជាជនភូមិស្រុករបស់គេដែលរស់នៅក្នុងភូមិ Bambali ខ្សែប្រយុទ្ធក្រុម Al Nassr តែងតែនាំយកនូវប្រាក់ចំណូលបានពីការប្រកួតរបស់គេ ទៅជួយអភិវឌ្ឍដល់ភូមិកំណើត ដើម្បីឱ្យមានភាពរីកចម្រើនក្នុងសង្គមលើវិស័យកីឡា។ Mane បានជួយកសាង សាលារៀន មន្ទីរពេទ្យ ទាំងក្នុងភូមិស្រុក និងតំបន់ដទៃផ្សេងទៀត ដែលជាគំរូល្អបំផុតមួយក្នុងវិស័យបាល់ទាត់។
 
បច្ចុប្បន្នកីឡាករវ័យ ៣១ឆ្នាំ កំពុងតែហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិសេណេហ្កាល់ ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងពានរង្វាន់ទ្វីបអាហ្រ្វិក ​Africa Cup of Nations ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ៕

Tag:
 Sadio Mane
  សេណេហ្កាល់
© រក្សាសិទ្ធិដោយ thmeythmey.com