សង្គមអន្តរជាតិ​
អន្តរជាតិ
គណិតវិទូ Sun Song សម្រេចចាកចេញពីអាម៉េរិកត្រឡប់ទៅស្រាវជ្រាវគណិតវិទ្យានៅចិន
09, Jan 2024 , 9:29 pm        
រូបភាព
គណិតវិទូ Sun Song ។ រូបភាព ៖ សកលវិទ្យាល័យ Zhejiang
គណិតវិទូ Sun Song ។ រូបភាព ៖ សកលវិទ្យាល័យ Zhejiang
លោក Sun Song ដែលជាអ្នកពូកែគណិតវិទ្យាជនជាតិចិន បានសម្រេចត្រលប់ទៅស្រុកវិញ បន្ទាប់ពីធ្វើការនៅអាម៉េរិកជាង ១០ឆ្នាំ ជាមួយនឹងគម្រោងសាងសង់មជ្ឈមណ្ឌលគណិតវិទ្យាលំដាប់ពិភពលោកនៅទីក្រុង Zhejiang ។

 
សាកលវិទ្យាល័យ Zhejiang នៅថ្ងៃទី២ ខែមករា បានប្រកាសថាលោក Sun Song អាយុ ៣៦ឆ្នាំនឹងក្លាយជាសាស្រ្តាចារ្យពេញម៉ោងនៅវិទ្យាស្ថានសម្រាប់ការសិក្សាកម្រិតខ្ពស់ក្នុងគណិតវិទ្យា (IASM) របស់សាកលវិទ្យាល័យ។ មុនពេលមកដល់ចិន លោក Sun ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ UC Berkeley ដែលជាសកលវិទ្យាល័យលំដាប់កំពូលទាំង១៥ នៅអាម៉េរិក។ នេះបើយោងតាមចំណាត់ថ្នាក់សាកលវិទ្យាល័យ US News ។
 
ការត្រឡប់មកចិនវិញរបស់លោក Sun ជាផ្នែកមួយនៃផែនការរបស់សាកលវិទ្យាល័យ Zhejiang ដែលចង់ធ្វើឱ្យវិទ្យាស្ថានសម្រាប់ការសិក្សាកម្រិតខ្ពស់គណិតវិទ្យានៅទីនេះ ជាមជ្ឈមណ្ឌលគណិតវិទ្យាលំដាប់ពិភពលោក។ លោក Li Jianshu នាយកសាលា IASM បាននិយាយថា លោកចង់អញ្ជើញអ្នកគណិតវិទូដែលមានទេពកោសល្យពីគ្រប់ទិសទី ដើម្បីសម្រេចគោលដៅនេះ។ សាកលវិទ្យាល័យ Zhejiang ជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុងប្រទេសចិន និងទី៤៤ នៅលើពិភពលោក។ នេះបើតាមចំណាត់ថ្នាក់ដោយ QS World University ។
 
«ប្រសិនបើចិនចង់ក្លាយជាមហាអំណាចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពិតប្រាកដ ចិនត្រូវតែបណ្តុះមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងគណិតវិទ្យាឈានមុខគេ។ យើងនៅមានផ្លូវវែងឆ្ងាយទៀត ប៉ុន្តែយើងនឹងទៅដល់ទីនោះ»។  នេះបើតាមការដកស្រង់ចេញពីសេចក្តីប្រកាសរបស់សាកលវិទ្យាល័យ Zhejiang ។
 
លោក Sun បានប្រាប់សាកលវិទ្យាល័យ Zhejiang ថា ៖« ខ្ញុំនឹងស្រាវជ្រាវឱ្យច្រើន ជាមួយគ្នានេះនឹងណែនាំដល់និស្សិតដែលចង់បន្តគណិតវិទ្យា និងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីចែករំលែកចំណេះដឹងដល់ក្មេងៗជំនាន់ក្រោយ»។
 
ទន្ទឹមនេះ លោក Sun បានបង្ហាញពីរបៀបនៃការយល់ច្បាស់អំពីគណិតវិទ្យា។ លោក Sun បញ្ជាក់ថា ៖« ចាំបាច់ត្រូវតែមានបំណងប្រាថ្នាចេញពីបេះដូង ដើម្បីយល់ពីគណិតវិទ្យា។ ការស្រាវជ្រាវទាមទារឱ្យមានការផ្តោតអារម្មណ៍ ហើយថែមទាំងមានការខ្ជាប់ខ្ជួនបន្ថែមទៀតក្នុងការដើរតាមមាគ៌ារបស់ខ្លួន ដោយសិក្សាពីបញ្ហាដែលខ្លួនចាប់អារម្មណ៍»។
 
Sun Song ជា​អ្នក​ពូកែ​គណិត​វិទ្យា​ចិន​ដ៏​ល្បីមួយរូបដែលមានស្រុកកំណើត​នៅ​ខេត្តអានហ៊ួយរបស់ចិន ។ លោក Sun ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ក្នុង​កម្មវិធី​ទេពកោសល្យ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​​ចិន​ក្នុង​ឆ្នាំ២០២២ នៅ​ពេលមានអាយុ ១៥ឆ្នាំ។ លោកទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ Wisconsin-Madison នៅអាមេរិកក្នុងឆ្នាំ ២០១០។ ទិសដៅស្រាវជ្រាវសំខាន់របស់លោក Sun គឺធរណីមាត្រឌីផេរ៉ង់ស្យែល និងធរណីមាត្រចំនួនកុំផ្លិច។
 
ក្នុងឆ្នាំ ២០១៤ មួយឆ្នាំបន្ទាប់ពីចូលរួមជាមួយសាកលវិទ្យាល័យ Stony Brook ក្នុងទីក្រុងញូវយ៉ក Sun បានទទួលពានរង្វាន់ Sloan Research Fellowship ដែលជាពានរង្វាន់ប្រកួតប្រជែងមួយសម្រាប់អ្នកស្រាវជ្រាវដែលមានសក្តានុពល។
 
លើសពីនេះ ៥ឆ្នាំក្រោយមកក្នុងនាមជាសាស្រ្តាចារ្យ UC Berkeley លោកបានទទួលរង្វាន់ធរណីមាត្រ Oswald Veblen ដ៏ល្បីល្បាញពីសមាគមគណិតវិទ្យាអាម៉េរិក។ ការងាររបស់លោកបានបង្ហាញពីសម្មតិកម្មដ៏យូរអង្វែងរបស់ Fano manifolds ដែលជាផ្នែកមួយនៃធរណីមាត្រ។
 
លោក Sun ក៏ត្រូវបានចាត់ទុកថាជាបេក្ខជនខ្លាំងសម្រាប់មេដាយមួយចំនួនដូចជា Nobel Prize in Mathematics ដែលផ្តល់អោយតែអ្នកស្រាវជ្រាវឆ្នើមដែលមានអាយុក្រោម ៤០ឆ្នាំប៉ុណ្ណោះ។
 
មុនពេល Sun Song មកចូលរួមជាមួយសាលា IASM សកលវិទ្យាល័យ Zhejiang ធ្លាប់បានស្វាគមន៍អ្នកគណិតវិទូជនជាតិចិន២នាក់ទៀតដែលត្រលប់មកពីអាម៉េរិកវិញ។ ពួកគេជាអ្នកជំនាញធរណីមាត្រ Ruan Yongbin ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Michigan នៅឆ្នាំ ២០២១ និងអ្នកជំនាញទ្រឹស្តីលេខ Liu Yifei មកពីសាកលវិទ្យាល័យ Harvard នៅឆ្នាំ ២០២២៕ 
 

Tag:
 គណិតវិទ្យា
  ​ចិន
  Zhejiang
  Sun Song
© រក្សាសិទ្ធិដោយ thmeythmey.com