កីឡាអន្តរជាតិ
អន្តរជាតិ
Henry ថា បានតស៊ូរស់នៅជាមួយជំងឺធ្លាក់ទឹកចិត្ត ស្ទើពេញមួយអាជីព
09, Jan 2024 , 5:39 pm        
រូបភាព
លោក Thierry Henry អតីតកីឡាករក្រុមជម្រើសជាតិបារាំង និងជាវីរបុរសក្រុម Arsenal បាននិយាយថា លោកបានឆ្លងកាត់បញ្ហាជំងឺផ្លូវចិត្ត និងធ្លាក់ទឹកចិត្ត ស្ទើតែពេញមួយអាជីពបាល់ទាត់។



បុរសវ័យ ៤៦ឆ្នាំ បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅក្នុងឆ្នាំ ២០១៤ ក្រោយប្រើពេល ២០ឆ្នាំ ដ៏អស្ចារ្យលេងជាមួយនឹងក្លិបដូចជា AS Monaco, Juventus, Arsenal, Barcelona និងចុងក្រោយ New York Red Bulls។ Henry មានភាពជោគជ័យក្នុងអាជីពខ្លាំងអំឡុងពេលលេងឱ្យក្រុមរហស្សនាមកាំភ្លើងធំ ព្រមទាំងជាមួយ Barcelona របស់អេស្ប៉ាញ។
 
គ្រាប់បាល់ ២២៨គ្រាប់ Henry រកបានសម្រាប់ក្រុម Arsenal ថែមទាំងជួយក្រុមឈ្នះពានរង្វាន់ Premier League ចំនួន ២លើក មុនពេលផ្លាស់ប្តូរទៅកាន់ Barcelona។ ក្នុងអាជីពនៅទឹកដីអេស្ប៉ាញ អតីតកីឡាករក្រុមជម្រើសជាតិបារាំង បានឈ្នះពានរង្វាន់ La Liga និង Champions League។
 
Henry ក៏ជាម្ចាស់ពាន World Cup មួយរូបជាមួយនឹងក្រុមមាន់គកបារាំង ដោយបច្ចុប្បន្នកំពុងប្រកបអាជីពដឹកនាំក្រុមយុវជនអាយុក្រោម ២១ឆ្នាំ របស់បារាំង។ អាជីពក្នុងនាមជាគ្រូបង្វឹក Henry ធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមបែលហ្ស៊ិក គ្រូបង្វឹកក្រុម AS Monaco និងក្លិប Montreal Impact។ 
 
នៅក្នុងកិច្ចសម្ភាសមួយជាមួយនឹងកម្មវិធីជជែកផតឃែស The Diary of a CEO អតីតកីឡាករក្រុមកាំភ្លើងធំ បានលើកឡើងថា លោកបានឆ្លងកាត់នូវជំងឺធ្លាក់ទឹកចិត្តស្ទើតែពេញមួយអាជីព។
 
«ពេញមួយអាជីពរបស់ខ្ញុំ ហើយតាំងតែពីខ្ញុំកើតមក ខ្ញុំច្បាស់ជាធ្លាក់ទឹកចិត្ត។ តើខ្ញុំដឹងពីវាទេ? ទេ! តើខ្ញុំបានធ្វើអ្វីទាក់ទងនឹងរឿងនេះទេ? ទេ! ប៉ុន្តែខ្ញុំបានសម្របតាមវិធីដែលធ្លាក់ចូលទៅក្នុងបញ្ហានោះ។»។ នេះបើតាមសម្តីរបស់ Henry។
 
មិនត្រឹមតែប៉ុណ្ណោះ Henry អះអាងទៀតថា ពេលវេលាដែលលោកជួបបញ្ហាលំបាកខ្លាំងបំផុតនោះ គឺអំឡុងពេលពិភពលោក បានជួបបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលកាលនោះលោកបានដឹកនាំក្រុម Montreal ស្ថិតក្នុងលីគ Major League Soccer។
 
បុរសវ័យ ៤៦ឆ្នាំ បន្ថែនដូច្នេះថា ៖ «ខ្ញុំនៅឯកោក្នុងទីក្រុងម៉ុងរ៉េអាល់ ហើយការមិនអាចជួបកូនខ្ញុំបានរយៈពេលជាងមួយឆ្នាំ គឺជារឿងដ៏ពិបាកណាស់។ ពេលខ្លះខ្ញុំស្រក់ទឹកភ្នែកម្នាក់ឯង ហើយខ្ញុំមិនដឹងទេថាតើហេតុអ្វី តែប្រហែលជាខ្ញុំមិនបាននៅជិតក្រុមគ្រួសាររយៈពេលយូពេក។»៕
 

Tag:
 Thierry Henry
© រក្សាសិទ្ធិដោយ thmeythmey.com