RFI
អន្តរជាតិ
របាយការណ៍៖ ​អាស៊ានជាអ្នកទទួលបានផលចំណេញជាងគេ​​ ជាមួយរបត់ថ្មីនៃពាណិជ្ជកម្ម​អន្តរជាតិ
10, Jan 2024 , 7:59 am        
រូបភាព
ដោយ៖ម៉ម ពិសី/ RFI
 
វិស័យពាណិជ្ជកម្ម​អន្តរជាតិ នឹង​មានការប្រែប្រួលខ្លាំង ដោយសារតែ​ចិននឹង​លែងជា​រោងចក្រដ៏ធំជាងគេ នៃ​ពិភពលោក តទៅទៀត​ហើយ​។ ផ្អែកតាមរបាយការណ៍ថ្មីមួយ ធ្វើឡើងដោយ​ក្រុមហ៊ុនផ្តល់ប្រឹក្សា​ Boston Consulting Group គឺ​ក្នុងរវាង១០ឆ្នាំទៅមុខ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ​នឹងក្លាយជាអ្នកទទួល​បានផល​ចំណេញ​​ ច្រើនជាងគេ ជាមួយ​នឹងការផ្លាស់ប្តូរថ្មី​ នៃវិស័យពាណិជ្ជកម្ម​អន្តរជាតិ​។
 
ក្នុងរវាង​១០ឆ្នាំទៅមុខ កំណើនពាណិជ្ជកម្មនៅតំបន់​អាស៊ីអាគ្នេយ៍ នឹងមានតម្លៃប្រមាណ ១២០០ពាន់​លានដុល្លារ​។ តំបន់អាស៊ីអាគ្នេយ៍ នឹងក្លាយជាតំបន់​ទាក់ទាញ​បំផុត សម្រាប់សហគ្រាស រោងចក្រនានា ដែលបច្ចុប្បន្ន​កំពុងតែនាំគ្នាដកខ្លួនចេញ​ពីចិន​។ នេះបើផ្អែកតាម​ ការសិក្សាវិភាគ ធ្វើឡើងដោយ​ Boston Consulting Group ចេញផ្សាយ​ កាលពីថ្ងៃចន្ទ ទី​៨មករា២០២៤។
 
គួរបញ្ជាក់ថា អស់រយៈពេល​៣ឆ្នាំមកហើយ ដែល​វិស័យពាណិជ្ជកម្ម​អន្តរជាតិ បានជួបបញ្ហាជាបន្តបន្ទាប់។ បន្ទាប់ពីវិបត្តិកូវីដ១៩ សង្គ្រាម​អ៊ុយក្រែន ព្រមទាំង​សង្គ្រាម​នៅហ្កាហ្សា បានមកបន្ថែម​ធ្វើឲ្យ​ទៅផ្សារនិងការផ្គត់ផ្គង់ ត្រូវរអាក់​រអួល។ ជាងនេះទៀត ការប្រឈមមុខដាក់​គ្នា ក្នុងសង្គ្រាមពាណិជ្ជកម្ម​រវាងមហាអំណាចសេដ្ឋកិច្ចទាំង២ គឺចិននឹងសហរដ្ឋអាមេរិក បាន​ធ្វើ​ឲ្យ​ទីផ្សារមានការព្រួយបារម្ភ​ជាខ្លាំង​។
 
យោងតាមរបាយការណ៍របស់ Boston Consulting Group ប្រទេសនៅអាស៊ីអាគ្នេយ៍ នឹង​ក្លាយជា​ជំរើសថ្មី ជំនួសឲ្យចិន ដោយ​សារតែបណ្តាប្រទេសទាំងនេះ មានសក្តានុពលខ្ពស់​។ កត្តា​ទាំងនោះមាន​ដូចជា ប្រជាជនវ័យក្មេងពេញកម្លាំងធ្វើការ​ច្រើន ធ្វើ​ឲ្យ​សេដ្ឋកិច្ចមានភាពស្វាហាប់ សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍មានលក្ខណៈសំបូរបែប មិនផ្តោតលើវិស័យណាមួយតែមួយមុខ ហើយជាពិសេសនោះ គឺភាពអព្យាក្រិត្យមិន​ប្រកាន់​បក្សពួក​ នៅក្នុង​ជម្លោះភូមិសាស្ត្រនយោបាយ​។
 
បើពិនិត្យ​ឲ្យ​ស៊ីជម្រៅ ក្នុងរវាង​១០ឆ្នាំទៅមុខ ការដោះដូរពាណិជ្ជកម្ម​រវាង​ចិននិងពិភពលោក​ទាំងមូល​​​ នឹងប្រាកដជារងនូវបញ្ហារអាក់រអួល ជួបឧបសគ្គច្រើន ដោយសារតែរនាំងពាណិជ្ជកម្ម។ អ្នកជំនាញ​របស់​ Boston Consulting Group បាន​សន្និដ្ឋានថា ការដោះដូរពាណិជ្ជកម្ម​រវាង​ចិននិងអាមេរិក នឹងធ្លាក់​ចុះ​​ប្រមាណ​​​១៩៧ពាន់​​លាន​ដុល្លារ បើប្រៀបធៀបទៅតួលេខឆ្នាំ​២០២២។ ដោយឡែក ការដោះដូរពាណិជ្ជកម្មរវាងចិន និងអឺរ៉ុបវិញ គឺមិនចុះថយទេ ក៏ប៉ុន្តែ​ល្បឿន​នៃការកើនឡើង គឺវាមានតិចតួចបំផុត​។
 
ជាមួយគ្នានេះ ទំហំដោះដូរពាណិជ្ជកម្មរវាងអឺរ៉ុប​ និងអាមេរិក ដែលនឹងកាន់តែសំបូរបែប ច្រើនវិស័យ នឹងកាន់តែរីកធំ ខ្ទង់​ប្រមាន​៣៨%។ ការដោះដូរពាណិជ្ជកម្មរវាងអឺរ៉ុប និងឥណ្ឌា​វិញ នឹងកើនឡើងទំហំ ប្រមាណ​​៦៦% នៅរវាង​ឆ្នាំ​២០៣២។ ដោយ​ឡែក ទំនាក់ទំនងពាណិជ្ជកម្ម​រវាងរុស្ស៊ី​និង​​អឺរ៉ុបវិញ គឺនឹងចុះថយ​ចំនួន​ ២២២ពាន់​លានដុល្លារ ដោយសារតែសង្គ្រាម​ឈ្លានពានអ៊ុយក្រែន​។ ផ្ទុយទៅវិញ ក្នុងរវាង​១០ឆ្នាំទៅមុខ ពាណិជ្ជកម្មរវាង​រុស្ស៊ី ជាមួយចិន និងជាមួយ​ឥណ្ឌា នឹងកើនឡើងបន្តិចបន្តួច​៕

Tag:
 កំពង់ផែសៃហ្កុង ទីក្រុងហូជីមិញ ថ្ងៃទី ៣ ឧសភា ២ឥ២៣ AP - Hau Dinh
© រក្សាសិទ្ធិដោយ thmeythmey.com