សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អត្រាជួលការិយាល័យនៅអាម៉េរិក ​មាននិន្នាការធ្លាក់ចុះខ្លាំង
10, Jan 2024 , 9:09 am        
រូបភាព
អគារពាណិជ្ជកម្ម Willis Tower នៅ Chicago ។ រូបភាព​ ៖ AFP
អគារពាណិជ្ជកម្ម Willis Tower នៅ Chicago ។ រូបភាព​ ៖ AFP
ចំនួនអគារការិយាល័យដែលទំនេរមិនមានអ្នកជួលនៅអាម៉េរិកក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានកើនឡើង ១៩,៦ភាគរយដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៧៩។

 
ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ អត្រាការិយាល័យទំនេរប្រចាំត្រីមាសដែលខ្ពស់បំផុតមានត្រឹម១៩,៣ភាគរយ។ ជាមធ្យមមុនការរីករាលដាលជំងឺកូវីដ-១៩ អត្រាការិយាល័យទំនេរមានប្រហែល ១៦,៨ភាគរយ។ យ៉ាងណាមិញ នៅពេលនោះមាននិន្នាការសម្រាប់អាជីវកម្មមួយចំនួនដែលចង់កាត់បន្ថយការចំណាយ ដោយបានចាប់ផ្តើមបោះបង់កន្លែងធ្វើការដែលធំទូលាយ ទៅរកជួលបន្ទប់ការិយាល័យដែលតូចជាងមុន។ 
 
ក្រោយមក វិបត្តិជំងឺកូវីដ-១៩ បានពន្លឿនការផ្លាស់ប្តូរនេះ ដោយអាជីវកម្មជាច្រើនត្រូវការបន្ទប់ការិយាល័យតិចជាងមុន ព្រោះបុគ្គលិកអាចធ្វើការពីចម្ងាយបាន។ ក្រោយភាពធូរស្រាលនៃជំងឺកូវីដ-១៩ តម្រូវការបន្ទប់ការិយាល័យលែងសូវចាំបាច់ទៀតហើយ ដោយសារមនុស្សបានស៊ាំនឹងរបៀបនៃការធ្វើការពីចម្ងាយ។
 
សម្រាប់មនុស្សភាគច្រើន ដែលធ្វើការនៅការិយាល័យចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ ល្ងាច ចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍ត្រូវបានជំនួសដោយការធ្វើការពីផ្ទះ។ បើយោងតាម​ក្រុមហ៊ុនហិរញ្ញវត្ថុ Moody's និន្នាការនៃការផ្លាស់ប្តូរនេះបានធ្វើឱ្យការផ្គត់ផ្គង់អគារការិយាល័យលើសតម្រូវការ។
 
ជារួមអត្រា​ទំនេរខ្ពស់​នៃការជួល​ការិយាល័យ​ ជា​ដំណឹង​អាក្រក់​សម្រាប់​ម្ចាស់​ដី ​និង​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ពាណិជ្ជកម្ម ព្រម​ទាំង​ភោជនីយដ្ឋាន អ្នក​លក់​រាយ និង​អាជីវកម្ម​តូចៗ​ផ្សេង​ទៀត​ដែល​​អាស្រ័យ​លើ​បុគ្គលិក​ការិយាល័យ។ ការថយចុះតម្រូវការជួល​ បានធ្វើឲ្យសកម្មភាពសាងសង់ការិយាល័យថ្មីៗ កើនឡើងតិចតួចបំផុតចាប់តាំងពីឆ្នាំ ២០១២។
 
ក្រុមហ៊ុន Capital Economics ព្យាករថា អគារការិយាល័យនៅអាម៉េរិកនឹងបន្តជួបបញ្ហា ដោយសារតម្លៃអគារការិយាល័យនឹងធ្លាក់ចុះ២០ភាគរយបន្ថែមទៀត។ Capital Economics បានលើកឡើងថា កំណើនទន់ខ្សោយ និងការកើនឡើងអត្រាការប្រាក់ នៅតែបន្តបង្កបញ្ហាដល់តម្លៃអចលនទ្រព្យ។ 
 
ទោះបីជាការផ្គត់ផ្គង់ថ្មីកំពុងថយចុះក៏ដោយ តម្រូវការធ្លាក់ចុះនឹងបន្តរក្សាអត្រាទំនេរនៃការិយាល័យស្ថិតនៅកម្រិតខ្ពស់អស់រយៈពេលជាច្រើនឆ្នាំទៀត។ អ្នកវិភាគរបស់ Capital Economics បានប៉ាន់ប្រមាណថាការធ្លាក់ចុះសរុបនៃតម្លៃការិយាល័យនៅអាម៉េរិកអាចឡើងដល់ ៤៣ភាគរយ៕ 

Tag:
 អចលនទ្រព្យ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com