អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​បារាំង​ថ្មី មាន​វ័យក្មេង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន និង​ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដោយ​បើកចំហ​
09, Jan 2024 , 9:21 pm        
រូបភាព
លោក Gabriel Attal នាយករដ្ឋមន្រ្តីបារាំងថ្មី។ រូបភាព AFP
លោក Gabriel Attal នាយករដ្ឋមន្រ្តីបារាំងថ្មី។ រូបភាព AFP
លោក Gabriel Attal នៅ​ថ្ងៃទី​៩ ខែមករា ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​បារាំង​ថ្មី ដោយ​លោក​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​។ លោក Attal បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន ដែល​អាយុ​ត្រឹម ៣៤​ឆ្នាំ និង​ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដោយ​បើកចំហ​។

 
​បន្ទាប់ពី​ការលាលែង​របស់លោក​ស្រី Elisabeth Borne ជា​ប្រមុខ​រដ្ឋាភិបាល លោក Gabriel Attal នៅ​ថ្ងៃទី​៩ ខែមករា ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​បារាំង​ថ្មី ដោយ​លោក​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​។ ក្នុង​វ័យ​ត្រឹម ៣៤​ឆ្នាំ លោក Attal បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​បារាំង​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ធំៗ ប្រមុខ​រដ្ឋាភិបាល​បារាំង​រូបនេះ ក៏​ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដោយ​បើកចំហ​ផងដែរ​។ 
 
​មុន​កាន់តំណែង​ដ៏​សំខាន់ លោក Attal ធ្លាប់ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​អប់រំ​បារាំង ក្នុងពេល​បច្ចុប្បន្ន​ផងដែរ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​ប្រធានាធិបតី​បារាំង​។ 
 
​ជាការ​ពិត នៅក្នុង​ឆ្នាំ​២០១៧ លោក​ម៉ា​ក្រុង បាន​ក្លាយជា​ប្រធានាធិបតី​បារាំង ក្នុង​វ័យក្មេង​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ខ្លួន​។ ក្នុងពេល​កាន់តំណែង ប្រធានាធិបតី​បារាំង​រូបនេះ បាន​ធ្លាក់ចុះ​ប្រជាប្រិយភាព​របស់ខ្លួន​យ៉ាងខ្លាំង ពាក់ព័ន្ធ​នឹង​ច្បាប់​អន្តោប្រវេសន៍ និង​បញ្ហា​សន្តិសុខ​ជាដើម​។ 
 
​បន្ថែម​ពីនេះ លោក Attal ត្រូវបាន​មើលឃើញថា​ជាម​នុស្ស​ជំនិត​របស់លោក​ម៉ា​ក្រុង និង​មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​រដ្ឋាភិបាល​។ 
 
​តាមរយៈ​បណ្តាញ​សង្គម X លោក​ម៉ា​ក្រុង បាន​សរសេរ​យ៉ាងច្បាស់ៗ​ថា លោក​អាច​ពឹង​ផ្អែកលើ​នាយករដ្ឋមន្ត្រី​ថ្មី​ដែលមាន​វ័យ​ត្រឹម ៣៤​ឆ្នាំ​បាន​។​
 
​សូមបញ្ជាក់ថា ការដោះដូរ​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​មុនពេល​មានការ​បោះឆ្នោត​សភា​អឺរ៉ុប នៅក្នុង​ខែមិថុនា​ខាងមុខ​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com